កែប ៖ នៅព្រឹកថ្ងៃ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២កុម្ភៈ ឆ្នាំ២០១៨ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រួមនិងពុទ្ធបរិស័ទ អញ្ជើញសម្ពោធកុដិនិងសមិទ្ធផលនាៗ និងបាននាំយកចង្ហាន់និងទេយ្យទានរាប់បាតដល់ព្រះសង្ឃចំនួន៩៧អង្គ នៅវត្តភ្នំលាវ ស្ថិតនៅភូមិភ្នំលាវ ឃំុពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។តាមរបាយការណ៍របស់លោក លេង សុខុម អភិបាលរងស្រុកដំណាក់ចង្អើរ បានឲ្យដឹងថា រដ្ឋបាលស្រុកចែកចេញជា២ឃំុ ស្មើនឹង១១ភូមិ មានប្រជាពលរដ្ឋសរុប ៤.៣៥៩គ្រួសារ ស្មើនឹងចំនួន១៩.៦៤៦នាក់ ក្នុងនោះស្រីចំនួន ៩.៩៣៣នាក់ ។លោកបានបញ្ជាក់ថា អំពីការងារសន្តិសុខសង្គម គឺរដ្ឋបាលស្រុករក្សាសណ្តាប់ធ្នាប់បានល្អប្រសើរជូនភ្ញៀវជាតិ-អន្តរជាតិដែលមកលម្ហែកម្សាន្តនៅតាមចម្ការម្រេច ចំការស្វាយ និងឆ្នេរអង្កោល។ចំពោះលើការងារអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព រដ្ឋបាលស្រុកនិងអង្គភាពសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សហការយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឲ្យយល់ដឹងតាមរយៈវេទិកាអភិបាលស្រុក ជួបជាមួយប្រជាពលរដ្ឋ វេទិកានគរបាលជួបជាមួយប្រជាពលរដ្ឋនិងចាត់វិធានការគ្រប់រូបភាពដែលធ្វើឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់លើការដឹកនាំ និងបង្កើនការទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿសាសនា។លោកអភិបាលរងបានឲ្យដឹងទៀតថា កុដិដែលត្រូវសម្ពោធដាក់ឲ្យដំណើរការនាពេលនេះ មាន១ខ្នង កម្ពស់២ជាន់ ដែលមានបណ្តោយ ១២ម៉ែត្រ ទទឹង៨ម៉ែត្រ ផ្តួចផ្តើមកសាងនៅថ្ងៃទី១៦មិថុនា ឆ្នាំ២០១៤និងបានរួចរាល់ជាស្ថាពរ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ និងចំណាយអស់បច្ច័យសរុប ៤៦.៨០០ដុល្លារ។មានប្រសាសន៍សំណេះសំណាលនាពេលនេះ លោក កែន សត្ថា អភិបាលខេត្តកែប បានលើកឡើងថា ជាការពិតណាស់ វត្តអារាមមិនត្រឹមជាកន្លែងសម្រាប់តែទីគោរព និងជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងនិងជាប្រភពសម្រាប់បណ្តុះបណ្តាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះគ្រាប់ពូជបញ្ញាវ័ន សម្រាប់ការអភិវឌ្ឍន៍ក្នុងវិស័យសាសនានិងសង្គមទាំងមូលផងដែរ។ លោកអភិបាលខេត្តបានគូសបញ្ជាក់ទៀតថា ដោយឆ្នាំ២០១៨នេះ ព្រះរាជាណាចក្រកម្ពុជារបស់យើង នឹងត្រូវរៀបចំធ្វើការបោះឆ្នោតចំនួន២ គឺ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណតិ្តទី៤ (បោះឆ្នោតអសកល) ដែលនឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៥ខែកុម្ភៈ ឆ្នាំ២០១៨ដែលយកក្រុមប្រឹក្សាឃុំ សង្កាត់ និងសមាជិកព្រឹទ្ធសភា (អ្នកតំណារាស្ត្រ) កំពុងកាន់តំណែងជាអង្គបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ (បោះឆ្នោតសកល)នឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដែលប្រជាពលរដ្ឋគឺជាអ្នកបោះឆ្នោតផ្ទាល់។ដូច្នេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាឯកសារជាអត្តសញ្ញាណប័ណ្ណបម្រើឲ្យការបោះឆ្នោត និងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេស បន្តរួមចំណែកអភិវឌ្ឍន៍ប្រទេសយើង ឲ្យកាន់តែមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ