អាជ្ញាធក្រុងប៉ោយប៉ែតគ្រោងធ្វើទ្រូងផ្លូវចម្ងាយ៥គីឡូម៉ែត្រនិងស្ពានថ្មីមួយទៀតដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅច្រកទ្វារអន្តរជាតិ
ខេត្តបន្ទាយមានជ័យ ៖ សាលាក្រុងប៉ោយប៉ែត មានគម្រោងធ្វើទ្រូងផ្លូវជាតិលេខ៥ដែលមានចម្ងាយរហូតទៅដល់៥គីឡូម៉ែត្រឯណោះ ហើយធ្វើសួនច្បារអមសងខាងផ្លូវនិងដាក់ភ្លើងស្តុបទៀតផង ជាពិសេសគឺដាក់កាមេរ៉ាសុវត្ថិភាពសម្រាប់ចាប់យករូបភាពផ្សេងៗដែលបានកើតឡើងជាយថាហេតុក្នុងហេតុការណ៍ណាមួយនោះ។
សូមបញ្ជាក់ដែរថា៖គម្រោងធ្វើទ្រូងផ្លូវរបស់អាជ្ញាធរក្រុង គឺយករូបមន្តដូចទ្រូងផ្លូវនៅក្រុងភ្នំពេញនិងនៅខេត្តសៀមរាបឯណោះ ក្នុងគោលបំណងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ផងនឹងធ្វើឲ្យមានសោភ័ណ្ឌភាពក្នុងក្រុងផង ព្រមទាំងទាក់ទាញលើវិស័យទេសចរណ៍ផងនោះ។លោក សាន ស៊ានហូ អភិបាលនៃគណៈភិបានលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ សាលាក្រុងបានដាក់សំណើជូនទៅមន្ទីរសាធារណៈការនិងក្រសួងសាធារណៈការរួចហើយ តាមរយៈសាលាក្រុងសាលាខេត្តនោះ។
លោកបានបន្តទៀតថា៖ទីក្រុងប៉ោយប៉ែតនឹងមានការប្រែប្រួលមុខមាត់នាពេលដ៏ខ្លីខាងមុខនេះ ហើយលោកមិនចង់យកម៉ូដែលពីបណ្ដាក្រុង ខេត្ត ក្នុង ប្រទេសកម្ពុជាមកអនុវត្តកែលំអរក្រុងនោះទេគឺលោកចង់ធ្វើឲ្យដូចប្រទេសថៃ ដើម្បីអោយភ្ញៀទេសចរណ៍ជាតិ អន្តរជាតិមើលទៅឃើញសោភ័ណភាពដូចគ្នាតែមួយប៉ុណ្ណោះ។លោកបានបន្តទៀតថា៖ អ្វីដែលសំខាន់ជាងនោះ គឺយើងត្រូវមានការឯកភាពជាមុនសិនពីសំណាក់សាលាខេត្តបន្ទាយមានជ័យក្រសួងសាធារណៈការនិងរាជរដ្ឋាភិបាលកម្ពុជាហើយគម្រោងធ្វើទ្រូងផ្លូវនេះមានការចូលរួមពីសប្បុរសជនមកពីគ្រប់ផ្នែកក្នុងប្រទេសនឹងក្រុងតែម្ដង ហើយក៏មានទុនមួយចំនួនមកពីសប្បុរសជនក្នុងប្រទេសថៃផងដែរ។
លោកបានបង្ហើបឲ្យដឹងទៀតថា៖តែពីធ្វើទ្រូងផ្លូវនិងតែនៅមានគម្រោងកសាងស្ពានមួយកន្លែងទៀតអមជាមួយនឹងស្ពានអន្តរជាតិប៉ោយប៉ែត សម្រាប់ឲ្យភ្ញៀវទេសចរណ៍ធ្វើចរាចរណ៍ទៅមកតែខាងថៃបានយល់ព្រមហើយ ដែលស្ពានថ្មីនោះ ប្រើប្រាស់ថវិការបស់ម្ចាស់កាស៊ីណូហូលីដេនិងសប្បុរសជនផ្សេងៗទៀត ដែលបានសម្រេចគ្នារួចហើយថានឹងកសាងស្ពានថ្មីមួយទៀតអមជាមួយស្ពានមិត្តភាពកម្ពុជា-ថៃរឿងហៅស្ពានអន្តរជាតិនោះ៕