កំពត ៖ នៅព្រឹកថ្ងៃសុក្រ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ខែមករា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពត បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយប្រតិភូមកពីគ្រប់ក្រសួង ស្ថាប័ននានា។ពិធីនេះបានរៀបចំឡើងក្នុងសាលប្រជុំសាលាខេត្តកំពត និងក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់អស់លោកជាថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្នុងមន្ទីរ អង្គភាពនានាទូទាំងខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់អង្គភាព ព្រមទាំងមន្ត្រីរាជការក្នុងខេត្តកំពតទាំងមូល។ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាពេលនេះ គឺយោងតាមព្រះក្រឹត្យរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយបានតែងតាំង លោកជាវ តាយ មានឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ អតីតអភិបាលរងខេត្តកណ្តាល ជាអភិបាល នៃគណៈអភិបាលខេត្តកំពត។ដោយឡែក លោកចាន់ ចេស្តា អតីតអភិបាលខេត្តកំពត មានឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៤នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកចាន់ ចេស្តា អតីតអភិបាលខេត្តកំពត បានបញ្ជាក់តាមរបាយការណ៍ថា៖ ដោយមានការសម្របសម្រួលដឹកនាំល្អនិងការផ្តល់បទពិសោធន៍ក៏ដូចជាគោលការណ៍យ៉ាងល្អប្រពៃពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រោមការបង្ហាញទិសរបស់សម្តេច ក្រឡាហោម ឧបនាយករដ្ឋមន្ត្រីបានធ្វើឲ្យខេត្តកំពតមានបរិកាសនយោបាយល្អ មានសន្តិសុខសណ្តាប់ធ្នាប់និងការរីចម្រើនលើគ្រប់វិស័យទាំងអាណាចក្រ និងទាំងពុទ្ធចក្រ ហើយបណ្តាសមិទ្ធិផលសង្គមជាច្រើនបានលេចឡើងព្រោងព្រាត គួរជាទីពេញចិត្តនៃប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងខេត្ត។បន្ទាប់ពីប្រកាសចូលកាន់តំណែង លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានឡើងប្តេជ្ញាចិត្តថា៖ ក្នុងនាមជាថ្នាក់ដឹកនាំខេត្តកំពតទើបតែទទួលតំណែងនាពេលនេះ លោកសូមសំដែងនូវការដឹងគុណយ៉ាងជ្រៀលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាល ជាពិសេសចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តល់នូវការគាំទ្រនិងជឿទុកចិត្តមកលើរូបលោក ហើយបានប្រគល់តំណែងជាអភិបាលខេត្តកំពតនាពេលនេះ។លោកអភិបាលខេត្តកំពតបានបញ្ជាក់ថា៖ការប្រគល់តំណែងនេះក៏ធ្វើឲ្យលោកចងចាំមិនភ្លេច ដែលនេះជាកិតិ្តយស ជាប្រវតិ្តសាស្ត្រសម្រាប់ជីវិតរបស់លោកដែលមិននឹកស្មានដល់ ។ ហើយនេះជាការផ្តល់នូវលទ្ធភាពដល់លោកដើម្បីមានឱកាសបំពេញតួនាទី ភារកិច្ច ចូលរួមចំណែកកសាងប្រទេសជាតិ មាតុភូមិនិងប្រជាពលរដ្ឋក្នុងពេលបច្ចុប្បន្ននិងពេលអនាគត ។ដើម្បីជាសក្ខីភាព និងឆ្លើយតបនូវការគាំទ្រ ការជឿជាក់និងទំនុកចិត្តពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកនឹងសូមធ្វើការប្តេជ្ញាដូចខាងតទៅ៖ -ប្តេជ្ញាខិតខំអនុវត្តឲ្យម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ គោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់។-ប្តេជ្ញាគោរពគាំទ្រ និងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។-ខិតខំគោរព និងអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងនានាឲ្យបានល្អ ដើម្បីពង្រឹងការគ្រប់គ្រង ដឹកនាំប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។-បន្តការខិតខំទប់ស្កាត់លុបបំបាត់នូវបាតុភាពអសកម្មនានាទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់មកដល់ការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋនិងជម្រុញដល់សេវាសាធារណៈ សេវាសង្គមឲ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋ ចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។-យកចិត្តទុកដាក់រៀបចំ កសាងនិងអភិវឌ្ឍវិស័យនានាក្នុងខេត្ត ពិសេសរៀបចំកែលម្អសោភ័ណភាពទីក្រុងនិងទីប្រជុំជន និងចូលរួមប្រលងប្រណាំងទីក្រុងស្អាត ធានាបានបរិស្ថានល្អ ប្រកបដោយសក្តានុពល សេដ្ឋកិច្ចសង្គមលើកកម្ពស់គុណភាព ជីវភាពរស់នៅប្រកបដោយវិបុលភាព បង្កើនសុខភាព សុខមាលភាពជូនប្រជាពលរដ្ឋទូទាំងខេត្ត។ជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាស្ថិរភាពនយោបាយនិងសុខដមជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត។-យកចិត្តទុកដាក់អនុវត្តគោលនយោបាយកំណែទម្រង់ សីុជម្រៅ ពិសេសគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ដើម្បីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិស្របតាមកម្មវិធីរយៈពេល១០ឆ្នាំ អនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលបានទទួលលទ្ធផលប្រកបដោយភាពវិជ្ជមាន ។ ពង្រឹងថែរក្សា ស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងជួរគណៈអភិបាល មន្ត្រីរាជការបង្កើនទំនាក់ទំនងល្អជាមួយក្រុមប្រឹក្សា រួមទាំងក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍ ដើម្បីធានាឲ្យរដ្ឋបាលខេត្តអនុវត្តការងា រមានភាពរលូននិងជោគជ័យជូនប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាល ។ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា៖ ការផ្លាស់ប្តូរ ការតែងតាំងមន្ត្រីរាជការជាជីវភាពនយោបាយរដ្ឋបាលធម្មតាដែលយើងតែងតែបានធ្វើបន្តបន្ទាប់នៅក្នុងក្របខ័ណ្ឌថ្នាក់ក្រោមជាតិ និងនៅក្របខ័ណ្ឌថ្នាក់ជាតិ ។ ដោយឡែកខេត្តកំពត ចាប់ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន មានអភិបាលខេត្តចំនួន១៣រូបហើយ។សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា៖ នេះជាបទពិសោធន៍ដែលធ្លាប់មាន សម្រាប់ចែករំលែក ដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ដើម្បីកែតម្រង់ដល់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ហើយនៅក្នុងឆ្នាំ២០១៨ ជាឆ្នាំចុងក្រោយដែលត្រូវអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៥នីតិកាលទី៥នៃរដ្ឋសភា។ ទន្ទឹមនេះក្នុងឆ្នាំ២០១៨ យើងនឹងត្រូវរៀបចំការបោះឆ្នោតព្រឹទ្ធសភាផង និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រផង ។រាជរដ្ឋាភិបាលមានឆន្ទៈ និងប្តេជ្ញាចិត្តយ៉ាងមុតមាំនូវការធានាឲ្យការបោះឆ្នោតទាំងពីរនេះ បានប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងយុតិ្តធម៌មានសុវត្ថិភាពនិងបន្តជម្រុញនិងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស។លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា៖ ផ្អែកលើប្រវត្តិសាស្ត្រ អតីតកាលដ៏ជូរចត់ខ្លោចផ្សារនិងវិនាសកម្មធ្ងន់ធ្ងរប្រទេសជាតិនិងប្រជាជនយើងបានពុះពារឆ្លងកាត់ដំណាក់កាលយ៉ាងលំបាកលំបិនជាច្រើនជាមួយនឹងការធ្វើពលីកម្ម សាច់ស្រស់ ឈាមស្រស់ រហូតបានទទួលបានសុខ សន្តិភាពមកដល់បច្ចុប្បន្ននេះ។ជាចុងក្រោយសម្តេចក្រឡាហោម ក៏បានជម្រុញដល់រដ្ឋបាលខេត្តកំពត ទាំងមូលសូមរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីអនុវត្តភារកិច្ចជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងខេត្តកំពតឲ្យកាន់តែប្រសើរឡើងថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ