ព័ត៌មានលម្អិតលើករណីស្ត្រីខឹងប្តី បែរជាជ្រុលសម្លាប់កូនប្រុសខ្លួនឯងទាំងពីរនាក់
កំពត ៖ បន្ទាប់ពីសមត្ថកិច្ចបាននាំស្ត្រីដែលសម្លាប់កូនខ្លួនឯងពីមន្ទីរពេទ្យខេត្តតាកែវ មកឲ្យក្រុមគ្រូពេទ្យខេត្តកំពតជួយសង្គ្រោះឲ្យធូរស្រាលរួចមក កម្លាំងសមត្ថកិច្ចជំនាញខេត្តកំពត ក៏បានបញ្ជូនខ្លួនស្ត្រីសង្ស័យមកសាកសួរលម្អិតដើម្បីរៀបចំឯកសារបញ្ជូនទៅកាន់សាលាដំបូង។
បើតាមស្ត្រីសង្ស័យខាងលើ មានឈ្មោះ ផុន សុខហេង ហៅប៉ាក សុខហេង អាយុ២៧ឆ្នាំ មុខរបរលក់ថ្នាំបុរាណ មានទីលំនៅក្នុងភូមិក្តី ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ បានសារភាពថា ការឈានដល់សម្លាប់កូនប្រុសតូចៗពីរនាក់របស់ខ្លួននេះ ដោយសារខឹងប្តីមានស្រីក្បត់នឹងខ្លួន ហើយចុងក្រោយនេះ ប្តីនាងបានជ្រើសយកស្រីក្រោយយកធ្វើជាប្រពន្ធ ដោយមានបំណងបោះបង់នាង និងកូនប្រុសទាំងពីរនាក់នេះ ទុកឲ្យនាងចិញ្ចឹមតែម្នាក់ឯង ទើបនៅថ្ងៃយប់ថ្ងៃទី២៨ខែមករា ឆ្នាំ២០១៨ នាងធ្វើដំណើរតាមមធ្យោបាយម៉ូតូសេ១២៥មួយគ្រឿងដោយបានដឹកកូនប្រុសទាំងពីរ មកស្នាក់នៅផ្ទះសំណាក់យីហោ”សុខមនោរម្យ”ស្ថិតក្នុងភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
ស្ត្រីសង្ស័យបានបន្តថា លុះដល់យប់ថ្ងៃទី២៩ខែមករា ឆ្នាំ២០១៨ ម៉ោងប្រហែល២០យប់ខ្លួនក៏បានទៅទិញថ្នាំងងុយដេកចំនួន៤បន្ទះយកមកបន្ទប់ដេក ហើយឲ្យកូនប្រុសទាំងពីរលេបអស់២បន្ទះ លុះមកដល់ម៉ោង៦ព្រឹក ថ្ងៃទី៣០ខែមករា ឆ្នាំ២០១៨ទើបដឹងថាកូនទាំង២ស្លាប់បាត់ទៅហើយ រួចគេក៏យកថ្នាំដែលនៅសល់២បន្ទះទៀតនោះ មកលេបទាំងអស់តែម្តង ដោយសារខ្លាចមិនស្លាប់គេក៏លេបថ្នាំបុរាណអស់៦០គ្រាប់បន្ថែមទៀត ហើយតេទូរស័ព្ទប្រាប់ប្តីថាកូនរបស់យើងទាំងពីរនាក់ស្លាប់ហើយគឺនៅក្នុងផ្ទះសំណាក់”សុខមនោរម្យ”ក្នុងស្រុកអង្គរជ័យ។
ជុំវិញករណីស្ត្រីជាម្តាយសម្លាប់កូនប្រុសបង្កើតពីរនាក់និងប៉ងធ្វើអត្តឃាតតាមក្រោយនោះ បច្ចុប្បន្ន សមត្ថកិច្ចបានបំពេញសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា ស្ត្រីជាម្តាយចិត្តមា ឈ្មោះ ប៉ាក សុខហេង អាយុ២៧ឆ្នាំ ដែលបានសម្លាប់កូនប្រុសបង្កើតពីរនាក់ ទី១-ឈ្មោះ សុវណ្ណ មិ អាយុ៨ឆ្នាំ ទី២-ឈ្មោះ សុវណ្ណ វិមាន អាយុជាង៣ឆ្នាំ ដោយប្រើថ្នាំងងុយដេក រួចប៉ងបញ្ចប់ជីវិតតាមក្រោយមិនបានសម្រេចនេះ បន្ទាប់ពីបង្កភាពចលាចលក្នុងផ្ទះសំណាក់យីហោ “សុខមនោរម្យ”ក្នុងភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត នោះបងប្អូនស្ត្រីសង្ស័យបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តតាកែវ ប៉ុន្តែដោយសារករណីនេះកើតឡើងក្នុងភូមិសាស្ត្រនៃខេត្តកំពត ទើបសមត្ថកិច្ចសុំឲ្យបញ្ជូនស្ត្រីចិត្តមាមកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពតវិញ៕