កែប ៖ ពានរង្វាន់ ជ័យលាភី ដែលខេត្តកែប ទទួលបានផ្ទួនៗគ្នាជាបន្តបន្ទាប់នោះ គឺជាកត្តាមួយជំរុញឲ្យខេត្តដ៏តូចច្រឡឹងមួយនេះមានសក្តានុពលលើវិស័យទេសចរណ៍ កាន់តែមានភាពល្បីល្បាញ ពីមួយឆ្នាំទៅមួយឆ្នាំ។យ៉ាងណាមិញពានរង្វាន់ ជ័យលាភីដែលត្រូវបានរដ្ឋបាលខេត្តកែប ធ្វើពិធីអបអរសាទរនិងដង្ហែនៅរសៀលថ្ងៃទី២៨ខែមករា ឆ្នាំ២០១៨នេះ គឺជាពានរង្វាន់និងជ័យលាភីទាំងបីដែលខេត្តកែបបានទទួលក្នុងពេលថ្មីៗនិងនាពេលកន្លងមក ដូចជា(១)ពានរង្វាន់ ជ័យលាភី រំដួលបីទង ដែលជាពានរបស់រាជរដ្ឋាភិបាលកម្ពុជា (២)ពានរង្វាន់និរន្តរភាពបរិស្ថានអាស៊ាន គឺដីស្អាត ទឹកស្អាត ខ្យល់ស្អាត ដែលទទួលមកពីប្រទេសប្រ៊ុយណេ (៣)ពានរង្វាន់ ជ័យលាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលទើបតែទទួលនៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ នៅថ្ងៃទី២៦ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ។ជាមួយនេះដែរ លោកសោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានឲ្យដឹងថា ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលមានកម្ពុជា ជាប្រទេសនាំមុខក្នុងការរៀបចំ ត្រូវបានអនុម័តជាផ្លូវការជាថ្មីម្តងទៀត រួមជាមួយស្តង់ដាទេសចរណ៍ដទៃទៀតរបស់អាស៊ាន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ATF២០១៥ ដែលប្រព្រឹត្តទៅ កាលពីខែមករា ឆ្នាំ២០១៥ នៅទីក្រុងណៃពិដោរ សាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា។លោកថា៖ស្តង់ដារនេះនឹងចូលរួមជំរុញឲ្យតំបន់ទាំងមូលទទួលបានការពេញចិត្តកាន់តែខ្លាំង ពីសំណាក់ភ្ញៀវទេសចរ ទៅលើគុណភាព សេវាកម្មប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ធ្វើឲ្យកាន់តែប្រសើរឡើងនូវមជ្ឈដ្ឋានរស់នៅរបស់ប្រជាជនក្នុងទីក្រុង ធានាដល់ការអភិវឌ្ឍទូលំទូលាយប្រកបដោយនិរន្តរភាពសម្រាប់ទីក្រុងក្នុងតំបន់ ព្រមទាំងបង្កើតសមត្ថភាពរបស់តំបន់ក្នុងការឆ្លើយតបទៅនឹងបញ្ហាបំរែបំរួលអាកាសធាតុ ។លើសពីនេះស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានរៀបចំផ្អែកលើគំរូ និងបទពិសោធន៍នៃស្តង់ដាទីក្រុងស្អាតកម្ពុជា ដោយផ្តោតសំខាន់លើសូចនាករគោលចំនួន៧ សូចនាករលំអិត ២៨ និងលក្ខណៈវិនិច្ឆ័យ១០៨។ក្នុងនោះក្រុង ខណ្ឌបេក្ខភាពនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍បានអនុញ្ញាតឲ្យខេត្ត រាជធានីចំនួន៧ចូលរួមប្រឡងប្រណាំងរួមមាន៖ រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ចាម ។ចំណែកជ័យលាភីផ្ការំដួលបីទងក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតកម្ពុជាលើកទី២ នឹងត្រូវប្រព្រឹត្តទៅនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ ហើយសង្ឃឹមថា ខេត្តកែបយើងនឹងទទួលបានពានរង្វាន់ ជ័យលាភីនេះជាបន្តបន្ទាប់ទៀត។លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានបញ្ជាក់ថា៖ នេះជាពានរង្វាន់ថ្មីដែលខេត្តកែបទើបនឹងបានទទួលកាលពីថ្ងៃទី២៦ខែមករា ឆ្នាំ២០១៨នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ គឺពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ។នេះជាកិតិ្តយសសម្រាប់ខេត្តកែប សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងអាជីវករ ទាំងប្រតិបតិ្តករ ទាំងអ្នកផ្តល់សេវាកម្មទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន ក៏ដូចជាអ្នកផ្តល់សេវាដោយផ្ទាល់ឬដោយប្រយោល សម្រាប់ជាការទាក់ទាញទេសចរណ៍ ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ក៏ដូចជានៅក្នុងតំបន់ប្រទេសអាស៊ានទាំង១០ ហើយយើងដឹងស្រាប់ហើយថាប្រទេសសមាជិកអាស៊ានទាំង១០នេះ គឺមានប្រជាជនរស់នៅប្រមាណជាង៦០០លាននាក់ ។ហើយនេះជាធនធានមួយអាចទាក់ទាញកំណើនភ្ញៀវទេសចរណ៍ តាមរយៈប្រជាជនតាមតំបន់ឲ្យបានយល់ បានដឹងនិងបានចូលមកទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ពិសេសខេត្តកែបតែម្តង និងជាឱកាសមួយសម្រាប់ឲ្យបងប្អូនងាយស្រូួលចាប់យកមុខរបរ បង្កើតឡើងនូវសេវាកម្ម ការផ្តល់នូវផលិតផលទេសចរណ៍ ជូនដល់ភ្ញៀវទេសចរណ៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន បានកំណត់ថា នឹងធ្វើឲ្យប្រទេសយើងក្លាយជាប្រទេសនាំចេញនៅនឹងកន្លែង ។បានន័យថា ផលិតផលដែលធ្វើបានមិនចាំបាច់នាំចេញទៅលក់ក្រៅប្រទេសនោះទេ គឺតាមរយៈអ្នកទេសចរណ៍នេះគឺមកទិញដល់ប្រទេសយើងតែម្តង ។ ដូច្នេះយើងត្រូវចូលរួមថែរក្សាពានរង្វាន់នេះឲ្យបានស្ថិតស្ថេរ ដោយសហការគ្នារក្សាបរិស្ថានឲ្យបានស្អាត ឲ្យមានសោភណ្ឌភាពស្រស់បំព្រងគ្រប់ទីកន្លែងទូទាំងតំបន់ទេសចរណ៍របស់យើង ដើម្បីឲ្យស្របនឹងប្រធានបទ ឆ្នេរសមុទ្របៃតង “អនាគត គឺបច្ចុប្បន្ន”តាមទិសស្លោក និរន្តរភាពទេសចរណ៍ គឺជាការអភិវឌ្ឍន៍៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ