គណបក្សប្រជាជនខេត្តកំពត ធ្វើពិធី ផ្សព្វផ្សាយ ខ្លឹមសារមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្ស ប្រជាជនកម្ពុជា
កំពត ៖ នៅព្រឹកថ្ងៃសុក្រ ១១កើតខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពត បានធ្វើពិធី ផ្សព្វផ្សាយ ខ្លឹមសារមហា សន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្ស ប្រជាជនកម្ពុជា ក្រោមអធិបតីភាព លោក នៃ ប៉េណា សមាជិកអចិន្ត្រៃយ៍
នៃ គណៈកម្មាធិការកណ្ដាល និងជាប្រធាន ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ត កំពត។
ពិធី បានប្រព្រឹត្តទៅក៏មានវត្តមានអស់លោក លោកស្រី ជាសមាជិក សមាជិកា លោក-លោកស្រី ជាសមាជិក សមាជិកានៃ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ សរុបចំនួនប្រមាណ៥០០នាក់។
ពិធីផ្សព្វផ្សាយ បានប្រព្រឹត្តទៅ អស់រយៈពេល ពេញមួយថ្ងៃដោយ បានតាមដានស្ដាប់នូវរបាយការណ៍សកម្មភាពការងាររបស់គណបក្សខេត្ត។ សេចក្ដីព្រាងរបាយការណ៍ស្ដីពីសភាព ការណ៍ទូទៅ និងការងារគណបក្សប្រជាជនកម្ពុជាឆ្នាំ ២០១៧និងទិសដៅភារកិច្ចឆ្នាំ២០១៨។ការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨។កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាងនិង ការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣។
ក្នុងឱកាសនោះ លោក នៃ ប៉េណា ក៏បានលើកឡើងនូវគោលការណ៍សំខាន់ៗ ជូនដល់សមាជិក សមាជិកា នៃគណបក្សប្រជាជន គ្រប់លំដាប់ថ្នាក់ ដោយជំរុញដល់ក្រុមការងារ ត្រូវបន្តបង្កើនការសាមគ្គីភាពឲ្យបានល្អរវាងថ្នាក់លើនិងថ្នាក់ក្រោមគណបក្ស ជំរុញយកចិត្តទុកដាក់អនុវត្តឲ្យបានចំទិសដៅនិងសស្រាក់សស្រាំថែមទៀតរាល់គោលការណ៍គណបក្សដែលប្រគល់ជូន។ សំដៅឆ្ពោះទៅកាន់គោលដៅតែមួយរួមគ្នាគឺការដណ្ដើមប្រៀបឈ្នះ ជាបន្តទៀត ក្នុងការបោះឆ្នោតជាតិលើកទី៦ ដែលជាការបោះឆ្នោតដ៏មានសារៈសំខាន់បំផុតសម្រាប់គណបក្សប្រជាជន។ ពិសេសរាល់គោលនយោបាយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបុព្វហេតុការពារយ៉ាងរឹងមាំឯករាជ្យ សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព ធានាការអភិវឌ្ឍប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាជនកម្ពុជាយើង៕