(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនិងគណៈអភិបាលខេត្ត ដោយកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជំុវិញខេត្ត អភិបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី។ក្នុងរបៀបវារៈសំខាន់ៗជាច្រើននៃកិច្ចប្រជុំ លោក ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា ក្រោយពីបានបញ្ចប់វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅសប្តាហ៍កន្លងទៅថ្មីៗនេះសង្កេតឃើញថាសំណូមពរភាគច្រើនបំផុតរបស់ប្រជាពលរដ្ឋគឺទាក់ទង់ទៅនឹងបញ្ហាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក និងបណ្តាញអគ្គីសនីប្រើប្រាស់ នៅតាមភូមិ និងឃុំជាច្រើន។ ដោយឃើញស្ថានភាពដូច្នេះ ទើបការពង្រីក ប្រព័ន្ធផ្លូវថ្នល់ ទឹក និងភ្លើងអគ្គីសនីប្រើប្រាស់ បានក្លាយជាប្រធានបទមួយយ៉ាងស្រួចស្រាល់ដែលតម្រូវឲ្យរដ្ឋបាលខេត្តកំពតត្រូវ រិះរកលទ្ធភាពធ្វើយ៉ាងណាដើម្បីអាចឆ្លើយតប ក៏ដូចជាពង្រីកប្រព័ន្ធទាំងបីនេះឲ្យបានច្រើនជាអតិបរិមា។លោក ជាវ តាយ បានបន្តលើកឡើងទៀតថា យើងទាំងអស់គ្នាដឹងហើយថា ការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សនៅទូទាំងខេត្ត ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានតម្រូវការខ្ពស់ ជាពិសេសទាក់ទងនឹងសេវាប្រើប្រាស់ប្រចាំថ្ងៃក្នុងនោះទាក់ទងនឹង ផ្លូវ ទឹក ភ្លើងតែម្តង ។ ឆ្លងតាមវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តដែលទើបតែនឹងបានបញ្ចប់នៅសប្តាហ៍មុន យើងទាំងអស់គ្នាដឹងហើយថា នៅតាមភូមិខ្លះគ្មានសូម្បីផ្លូវលំប្រើប្រាស់ ខណៈដែលប្រជាពលរដ្ឋ មានម៉ូតូថ្មី គោយន្ត ម៉ាស៊ីនច្រូចស្រូវ អ្នកខ្លះមានដល់រថយន្តទៀត។ ដូចគ្នានេះដែរ ប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការតភ្ជាប់បណ្តាញអគ្គិសនី និងប្រព័ន្ធទឹកស្អាតប្រើប្រាស់ ប៉ុន្តែរដ្ឋបាល ស្រុក ក្រុងគ្មានលទ្ធភាពក្នុងការឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅឡើយ។លោក បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីជំនាញ មន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវប្រឹងប្រែង នឹងបង្កើនការយកចិត្តទុកដាក់រិះរកគ្រប់លទ្ធភាព ដើម្បីអាចពង្រីកប្រព័ន្ធផ្លូវ ទឹក ភ្លើងនេះឲ្យបានច្រើនជាអតិបរិមា។ សម្រាប់ផ្លូវថ្នល់ រដ្ឋបាលខេត្តដាក់ចេញផែនការជួសជុល កែលម្អ និងសាងសង់ថ្មីឲ្យបាន៥០គីឡូម៉ែត្រ ក្នុងមួយខែ ខណៈដែលឆ្នាំកន្លងទៅ អាចជួសជុលកែលម្អ ផ្លូវឡើងវិញបានតែប្រវែង១៧គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយឆ្នាំនោះ។ទាក់ទងនឹងការយកដីមកធ្វើផ្លូវ តាមភូមិឃុំ លោកអភិបាលក៏បានស្នើឲ្យមន្ទីររ៉ែនិងថាមពលខេត្តស្វែងរកឯកសារ អាជ្ញាប័ណ្ណកាន់កាប់គ្រប់គ្រងភ្នំឡើងវិញ ព្រោះភ្នំនៅក្នុងខេត្តសុទ្ធតែមានម្ចាស់ ហើយរដ្ឋបាលខេត្ត មិនអាចទៅទិញភ្នំខ្លួនឯងមកធ្វើផ្លូវនោះទេ ។ ដោយឡែកទាក់ទងនឹង ការតបណ្តាញទឹក និងភ្លើងវិញ លោកអភិបាលខេត្ត បានជំរុញឲ្យ អង្គភាព មន្ទីរជំនាញនិងក្រុមហ៊ុនដៃគូអភិវឌ្ឍ បង្កើនលទ្ធភាពពង្រីកឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះបើតាមរបាយការណ៍របស់អង្គភាពរដ្ឋករទឹក ពលរដ្ឋបានដាក់ពាក្យសុំជិតពីរពាន់គ្រួសារ ប៉ុន្តែមួយខែតបណ្តាញទឹកបានត្រឹមតែ៣០០គ្រួសារប៉ុណ្ណោះ ចំណែកភ្លើងអគ្គីសនីប្រើប្រាស់វិញ តភ្ជាប់យឺតណាស់ ជាពិសេសក្រុមហ៊ុនដៃគូអភិវឌ្ឍ នៅតាមភូមិ ឃុំ ជាច្រើន ដាក់សំណើររាប់ឆ្នាំទើបបានប្រើ បើបានប្រើហើយ មានការដាច់ភ្លើងជាញឹកញាប់ ដែលទាំងនេះធ្វើឱ្យប្រជាពលរដ្ឋមានការត្អូញត្អែរផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ