ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី អះអាងថា មានច្បាប់​តែ​មិន​គោរព​ច្បាប់​…!
Thu,27 December 2018 (Time 03:28 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 560នាក់)


ខេត្ត​ព្រះវិហារ ៖ ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី ដែលមាន លោក អ៊ឺម សំអឿន ជា​ប្រធាន​ក្រុមហ៊ុន បាន​ទទួល​លិខិត​អនុញ្ញាតិ​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដោយ​យោង​លើ​ឯកសារ​ស្របច្បាប់​របស់​ក្រុមហ៊ុន លោក អ៊ឺម សំអឿន បាន​បញ្ជា​ឲ្យ​មេកា​ររបស់​លោក​ដើរ​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ក្បែរ​នោះ​នាំគ្នា​ចូល​ទៅ​កាប់​ឈើ​ដើម្បី​លក់​ឲ្យ​ក្រុមហ៊ុន​របស់​លោក​យ៉ាង​អនាធិបតេយ្យ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន អឿន សុវណ្ណ ខូ​អិល​ធី​ឌី​គឺ​ពិតជា​មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួង​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​និង​មន្ទីរ​ពាក់ព័ន្ធ​ស្របច្បាប់​តែ​ក្រុមហ៊ុន អឿន សុវណ្ណ ខូ​អិល​ធី​ឌី គឺ​មិន​បាន​អនុវត្តន៍​តាម​ច្បាប់​អនុញ្ញាតិ​របស់​ក្រសួង​និង​មន្ទីរ​ពាក់ព័ន្ធ​ឡើយ ។​

​តាម​ប្រភព​ពី​ក្រសួង​កសិកម្ម​បាន​អោយ​ដឹងថា ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី បាន​បង្កើត​រោងចក្រ​អារច្រៀក កែច្នៃ និង​ផលិត​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ក្នុង​មាន​ទីតាំង​នៅ​ចំណុច​អូរ​ស្នៀត​ស្ថិតក្នុង​ភូមិ​អូរ ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ដើម្បី​ប្រមូល​ទិញ​ផល​-​អនុផល​ព្រៃឈើ​ដឹក​ចូល​យ៉ាង​អនាធិបតេយ្យ​ពី​គ្រប់​ទី​កន្លែង​ដោយ​ដាក់​គរ​ដូច​ភ្នំ​ក្នុង​ក្រុមហ៊ុន ដើម្បី​អារច្រៀក​កែច្នៃ សម្រាប់​ដឹក​ចេញ​បន្ត​យកទៅលក់​នៅ​តាម​ដេប៉ូ​ឈើ​នានា ជាច្រើន​កន្លែង​ក្នុង​ប្រទេស និង​មួយចំនួនទៀត​ដឹកជញ្ជូន​យកទៅលក់​ក្រៅ​ប្រទេស​រៀងរាល់ថ្ងៃ​ជ្រក​ក្រោមរូបភាព​ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី ស្របច្បាប់​។​

​យោង​តាម​ឯកសារ ដែល​ត្រូវបាន​ផ្សាយ​ដោយ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ថ្មីៗ​នេះ បានឲ្យដឹងថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ចេញ​លិខិតអនុញ្ញាត​លេខ​២៤៣៨​ក​សក ចុះ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦ ដែល​ចុះហត្ថលេខា ដោយ​លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សំអឿន សុវណ្ណ ចុះ​កាត់​ប្រមូល​ផល​អនុផល​ព្រៃឈើ​ដើម្បី​បង់ពន្ធ​ជូន​រដ្ឋ​លើ​ផ្ទៃ​ដី​សម្បទាន​សង្គមកិច្ច​ទំហំ ៤៣៣៤,៦១​ហិកតា ស្ថិតនៅ​ស្រុក​ឆែ​ប និង ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ដោយយោង លើ លិខិត​លេខ ២២១ ល​ល​/​គ​អ​/​ទ​រ ចុះ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៥ របស់​សាលា​ខេត្តព្រះវិហារ និង​មតិ​របស់ រដ្ឋបាល​ព្រៃឈើ អនុញ្ញាត ឲ្យ​ក្រុមហ៊ុន សំអឿន សុវណ្ណ ចុះ​ប្រមូល​ផល អនុផល​ព្រៃឈើ​ក្នុង​ដី​បម្រុង​ទុក​សម្រាប់​កំណើន ប្រជាពលរដ្ឋ​។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ក្រុមហ៊ុន សំអឿន សុវណ្ណ បានឲ្យដឹងថា ក្រុមហ៊ុន​របស់​លោក អ៊ឹម សំអឿន បាន​ដឹក​ជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ដោយ​បើកចំហ​ទាំង​យប់​ទាំង​ថ្ងៃ រីឯ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ថ្នាក់​មូលដ្ឋាន​និង​សន្តិសុខ​បាន​ត្រឹម​ដាក់​កំលាំង​ពង្រាយ នៅ​តាម​តូប​ក្រោម​ដើមឈើ​រងចាំ​រាប់​ចំនួន​គោយន្ត​ដឹក​ឈើ​និង ឡាន​ប៉ា​កុង ឡាន​យី​ឌុ​ក និង​ចាំ​ជួយ​ការពារ​សុវត្ថិភាព​អ្នកដឹកឈើ​ព្រមទាំង កត់ត្រា លេខ​ឡាន​ដើម្បី​រាយការណ៍​តាម​ទូរស័ព្ទ​ទៅ​បក្សពួក​គេ​ដើម្បីឲ្យ​តាមឃ្លាំមើល​រថយន្ត​ចម្លែក​ដែ​ល​ចូល​ទៅ​កាន់​ទឹកដី​ក្រោយ​ក្រុមហ៊ុន​របស់​លោក អ៊ឹម សំអឿន ក្រែង​មាន​គេ​ចូល​ទៅ​ផ្តិត​រូបភាព​ខាងក្រោយ​ក្រុមហ៊ុន​របស់​លោក​នាំអោយ​មាន​ការ​បែកធ្លាយ​អា​ថ៍កំ​បាំង​ភាព​ល្មើស​របស់​ក្រុមហ៊ុន​។ ជា​រៀងរាល់​យប់​ថ្ងៃ គេ​តែង​ឃើញ​មាន​គោយន្ត​និង​ឡាន​ប៉ា​កុង ឡាន​យី​ឌុប​ធំៗ​រាប់​សិប​គ្រឿង​ត្រូវបាន​គេ​បញ្ឈរ​ត្រៀបត្រា​នៅ​តាម​ដងផ្លូវ​ក្បែរ​ក្រុមហ៊ុន​សំអឿន សុវណ្ណ រងចាំ​ចូល​ទៅ​ខាង​ក្នុង​ដើម្បី​ដឹក​ឈើ​ចេញ​ពី​រោងចក្រ​ដើម្បី​ទៅ​ផ្គត់ផ្គង់​តាម​ដេប៉ូ​ដោយមាន​មន្ត្រី​ជំនាញ និង​កងកម្លាំង​ជួយ​ការពារ​សម្រួល​មធ្យោបាយ​យ៉ាង​រលូន​ដោយ​មិនអោយ​មាន​ការរំខាន​ពី​សមត្ថកិច្ច​ណា​ឡើយ​។​

​ប្រជាពលរដ្ឋ​ផ្សេងទៀត​បាន​បន្ត​ប្រាប់​ឲ្យដឹង​ទៀត​ថា ក្រុមហ៊ុន​នេះ​សព្វថ្ងៃ បាន​ព័ទ្ធរបង​បាំង​ជិត​កុំឲ្យ​គេ​មើលឃើញ អំពី​សកម្មភាព កែច្នៃ ឈើ​របស់​ពួកគេ​។ នៅតាម​ព្រៃរបោះ ជុំវិញ​បរិវេណ រោងចក្រ​អារឈើ មាន​កម្លាំង​សន្តិសុខ កាន់​វិទ្យុទាក់ទង​គ្រប់​ដៃ​ដេក​ក្នុង​អង្រឹង​យាម​ប្រចាំការ​មិន​ឲ្យ​នរណា​ចេញចូល​ក្រៅពី​អ្នកលក់​ឈើ​នោះ​ទេ បើ​ក្រុមហ៊ុន​មួយ​នេះ​មិន​មាន​ខ្នង​ក្រាស់ៗ​ក៏​មិន​អាច​ជួល​សន្តិសុខ​ទៅ​យាម​ឲ្យគេ​ឡើយ​ហើយ​ក៏​មិន​ហ៊ាន​ដាក់​បង្ហាញ​ជា​សាធារណៈ​កណ្តាលវាល​នោះដែរ​។​

​ពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានដាក់​បញ្ជា​និង​អោយ​បង្កើតឲ្យមាន​គណៈកម្ម​ការទប់ស្កាត់ បង្ក្រាប​បទល្មើស​ព្រៃឈើ​ដោយ​អនុញ្ញាតឲ្យ​ប្រើ​ឧទ្ធម្ភាគចក្រ​យោធា​២​គ្រឿង​សម្រាប់​ប្រតិបត្តិ​ការណ៍​តែ​បែរជា ក្រុមហ៊ុន សំអឿន សុវណ្ណ នៅតែ​ហ៊ាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដោយ​បាន​ដំឡើង​ម៉ាស៊ីន អារឈើ​ខ្នាត​យក្ស​អារច្រៀក​ឈើ​ធំៗ​កងរំពង​ពេញ​ព្រៃ​និង​ដឹកជញ្ជូន​ឈើប្រណិត​និង​ឈើ​លេខ​២​ស្ទើរ​ខ្ទេច​ផ្លូវ​នៅក្នុង​ស្រុក​ឆែប​ជាប់​ព្រំប្រទល់​ស្រុក​ជ័យ​សែន​ខេត្ត​ព្រះវិហារ មិនតែប៉ុណ្ណោះ ទង្វើ​ខាងលើ​នេះ សបញ្ជាក់​អោយឃើញ​ថា លោក អ៊ឹម សំអឿន ជា​ប្រធាន​ក្រុមហ៊ុន សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី គឺ​មិន​បាន​គោរព​តាម​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី​និង​ប្រមុខ​ថ្នាក់ដឹកនាំ​ក្រសួង មន្ទីរ​ពាក់ព័ន្ធ​ឡើយ​។​

​យោងទៅតាម សៀវភៅ​រាជកិច្ច ដែល​បាន ចេញផ្សាយ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៣ ដែល​ចុះហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១២ បានសម្រេច​កាត់​ដី​ទំហំ ៤៣៣៤,៦១​ហិកតារ នៅ​ស្រុក​ជ័យ​សែន និង ស្រុក​ឆែប ខេត្តព្រះវិហារ​ពី​គម្រប​ព្រៃឈើ និង​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​ធ្វើ​អនុប្រយោគ​ជា​ដីឯកជន​របស់​រដ្ឋ​សម្រាប់ ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន ប្រជាពលរដ្ឋ​ចំនួន ៧៥៨​គ្រួសារ​។​

​អង្គភាព​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក អ៊ឹម សំអឿន ប្រធាន​ក្រុមហ៊ុន​សំអឿន សុវណ្ណ ខូ​អិល​ធី​ឌី​បានឡើយ​។ អង្គភាព​យើងខ្ញុំ​និង​រង់ចាំ​ការបកស្រាយ​ពី​លោក អ៊ឹម សំអឿន​រៀងរាល់​ម៉ោង​ធ្វើការ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ