កំពត ៖ មេជាងសំណង់ម្នាក់ខណៈតភ្លើងសម្រាប់ភ្ជាប់ម៉ូទ័រស្វានបេតុង ស្រាប់តែត្រូវខ្សែភ្លើងឆ្លងឆក់បណ្តាលឲ្យជនរងគ្រោះដួលដាច់ផ្ងារមុតនឹងដែកថ្នាំងអំពៅបណ្តុះសសរបេតុងស្លាប់យ៉ាងអាណោចអាធ័ម។ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១៦និង៣៥នាទីល្ងាច ថ្ងៃទី១៦ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកូនសត្វ ឃុំកូនសត្វស្រុកទឹកឈូ ខេត្តកំពត។ចំពោះករណីនេះ បន្ទាប់ពីមានហេតុការណ៍កើតឡើងភ្លាមៗក្រុមគ្រួសារបានដឹកទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យដែរ តែត្រូវពេទ្យអះអាងថា ជនរងគ្រោះបានស្លាប់តាំងពីនៅកន្លែងកើតហេតុម្លេះ។ជនរងគ្រោះ ដែលស្លាប់ក្នុងករណីខាងលើ មានឈ្មោះខេង សុខគីន ភេទប្រុស អាយុ៣៦ឆ្នាំ ជាមេជាងសំណង់ រស់នៅក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដែលមានចំងាយពីកន្លែងកើតហេតុប្រមាណ៣០០ម៉ែត្រ។បើតាមប្រភពព័ត៌មានពីស្ត្រីឈ្មោះ អេន ធា អាយុ២៧ឆ្នាំដែលជាម្ចាស់ផ្ទះកើតហេតុបានឲ្យដឹងថា មុនពេលកើតគ្រោះថ្នាក់ដ៏អាក្រក់នេះ ជនរងគ្រោះបានយករ៉ូឡូខ្សែភ្លើងមកតខ្សែបន្ថែមទៀតដើម្បីឲ្យវែងបន្តិចងាយស្រួលយកចរន្តភ្លើងប្រើប្រាស់និងងាយស្រួលដោត ភ្ជាប់នឹងម៉ូទ័រស្មានដើម្បីស្មានបុកទម្លុះបេតុងក្នុងគោលបំណងចងដែកចាក់ក្រវាត់សង់ផ្ទះនេះ។ស្ត្រីជាម្ចាស់ផ្ទះបានរៀបរាប់ទៀតថា ខណៈពេលកំពុងតែតភ្ជាប់ចរន្តនោះ ទំនងជាជនរងគ្រោះភ្លេចដកឌុយចេញពីព្រីភ្លើង ទើបពេលកំពុងតភ្ជាប់ក៏ប៉ះនឹងមុខតំណរខ្សែភ្លើងនោះ បណ្តាលឲ្យឆក់រួចដួលទៅលើចំរឹងដែកសសៃថ្នាំងអំពៅដែលបណ្តុះចេញពីបេតុងសម្រាប់ចាក់ក្រវាត់គ្រឹះជើងសសរ បណ្តាលឲ្យមុតចូលតាមឆ្អឹងជំនីជម្រៅប្រហែលជាងមួយចំអាម។ឃើញសភាពបែបនេះគាត់ក៏ស្រែកហៅក្រុមគ្រួសារជរងគ្រោះមកជួយបញ្ជូនបុរសរងគ្រោះទៅមន្ទីរពេទ្យ ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់ទៅហើយ ។ស្ត្រីម្ចាស់ផ្ទះបានបញ្ជាក់ថា ករណីនេះកើតឡើងដោយសារជនរងគ្រោះមានការធ្វេសប្រហែស គឺពេលយករ៉ូឡូភ្លើងមកតខ្សែ បន្ថែមមិនបានដកឌុយចេញពីព្រីភ្លើងឡើយ ទើបមានរឿងអកុសលកើតឡើងបែបនេះ។ដោយឡែក បើតាមប្រភពពីសាច់ញាតិបានឲ្យដឹងថា មេជាងសំណង់ជាជនរងគ្រោះ បានទទួលម៉ៅការសង់លំនៅដ្ឋានឲ្យអ្នកភូមិនៅកន្លែងកើតហេតុ និងនៅក្នុងភូមិសាស្ត្រខាងលើមានច្រើនកន្លែងណាស់ ប៉ុន្តែសំណង់ខ្លះជិតបាន រួចរាល់នៅឡើយ ចំណែកសំណង់ដែលជាកន្លែងកើតហេតុ ទើបតែសង់បានត្រឹមផ្នែកខាងក្រោមប៉ុណ្ណោះ ។ ពោលគឺបានចាក់ក្រវាត់និងបណ្តុះដែកជើងសសរនៅឡើយ តែពេលនេះ អ្នកម៉ៅការបែរជាស្លាប់គួរឲ្យសោកស្តាយបំផុត។នេះជាការធ្វេសប្រហែសមួយ ហើយក៏ចាត់ទុកជាមេរៀនសម្រាប់អ្នកមានមុខរបរធ្វើជាជាងសំណង់ដែលបច្ចុប្បន្នភាគច្រើនប្រើឧបករណ៍-សម្ភារៈដោយប្រព័ន្ធ (AC) ចរន្តអគ្គិសនី ជាពិសេស ជាងផ្សារដែកក៏ដូចជាអ្នកធ្វើអាវកម្ម ដែលប្រើប្រាស់ចរន្តភ្លើងទាំងអស់ផងដែរ ចូរបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត នៅពេលភ្ជាប់ថាមពលចរន្តអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃគួរបិទបារ៉ែតឲ្យបានត្រឹមត្រូវមុននឹងយកដៃទៅប៉ះពាល់។យកល្អគួរកុំប្រើខ្សែភ្លើងចាស់ៗគ្មានគុភាព ឬខ្សែភ្លើងមានមុខតំណរ ប្រយ័ត្នមានរឿងគួរឲ្យសោកស្តាយដូចករណីខាងលើនេះ។បច្ចុប្បន្ន សពបុរសរងគ្រោះត្រូវបានក្រុមគ្រួសារកំពុងចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅឯលំនៅឋាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ