ក្នុងឆ្នាំ២០១៧ភ្ញៀវទេសចរណ៍ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកមានសន្ទុះជាងឆ្នាំមុន ឯការចរាចរទំនិញមានសភាពធម្មតា
កំពត ៖ ទិដ្ឋភាពនៅក្នុងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត នៅតែមានសភាពអ៊ូអរដូចមុនៗ អ្នករកសីុដឹកទំនិញដោះដូរ ជាលក្ខណៈគ្រួសារនៅតែបន្តអាជីពដឹកជញ្ជូនទៅមកដូចធម្មតា។ចំណែកក្រុមអ្នកទេសចរណ៍ដែលធ្វើដំណើរឆ្លងកាត់ ចេញចូលតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក គឺមានសន្ទុះជាងឆ្នាំមុន។
បើតាមសមត្ថកិច្ចជំនាញនៅតំបន់ច្រកទ្វារព្រំដែនខាងលើបានឲ្យដឹងថា ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក កន្លងមកតែងតែមានក្រុមទេសចរណ៍ខ្មែរនិងជនបរទេសឆ្លងកាត់បន្តបន្ទាប់ បន្តែពុំមានគ្រប់ពេលវេលានោះទេ ហើយថ្ងៃដែលសំបូរមនុស្សឆ្លងកាត់ ភាគច្រើនជាថ្ងៃឈប់សម្រាកពីការងារ ពិសេសចំថ្ងៃសៅរ៍និងថ្ងៃអាទិត្យតែម្តង។
លោកវរសេនីយ៍ឯក ឈួ នូសុខប៉ោ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានឲ្យដឹងថា៖ បច្ចុប្បន្នច្រកទ្វារមួយនេះ ភាគច្រើនមាននាំចូលទំនិញច្រើនប្រភេទមកពីប្រទេសវៀតណាម ដូចជា៖ មីកញ្ចប់ ត្រីខកំប៉ុង ទឹកផ្លែឈើ ប្រេងឆា ទឹកត្រចៀកកាំ ទឹកផ្លែឈើ កៅអីជ័រ ថង់ប្លាស្ចិក ទឹកសៀង ផលនេសាទសមុទ្រ ជាដើម។ចំពោះទំនិញនាំចូលភាគច្រើនមាន អង្ករ ផលនេសាទ និងផ្លែស្វាយ ជាដើម។ល។
លោកនាយរងបានបញ្ជាក់ថា ជាទូទៅក្នុងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក មានការត្រួតពិនិត្យដោយហ្មត់ចត់ពីមន្ត្រីជំនាញគ្រប់ស្ថាប័ននៅទីនោះ ដូចជាស្ថាប័នគយ កាំកុងត្រូល និងមន្ត្រីសាលាខេត្តផងដែរ។
ដោយឡែក លោកវរសេនីយ៍ឯក ជុំ ប៊ុណ្ណរ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានប្រាប់ កម្ពុជាថ្មី ឲ្យដឹងនៅរសៀលថ្ងៃទី១៥ខែមករា ឆ្នាំ២០១៨ថា៖ ក្នុងឆ្នាំ២០១៧កន្លងមកនេះ ភ្ញៀវឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកមានចំនួនសរុប ១៨៣.០៤៣នាក់ ស្រីមានចំនួនឭ ៨២.៤៨៦នាក់ ប្រុសចំនួន១០០.៥៥៧នាក់ ក្នុងនោះ ភ្ញៀវបរទេសមានចំនួន ១៤២.២៤៤នាក់ ជនជាតិខ្មែរចំនួន៤០.៧៩៩នាក់។ដោយឡែកអ្នកដំណើរចេញនិងចូលកាសីុណូ ដែលជាសញ្ជាតិវៀតណាមមានចំនួនសរុប១០១.៥៨៣នាក់។លោកបានបញ្ជាក់ទៀតថា ចំពោះមធ្យោបាយ៖រថយន្តទេសចរណ៍ចូលមានចំនួន៤៨២គ្រឿង រថយន្តទេសចរណ៍ចេញចំនួន៣៨៦គ្រឿង។តួលេខនេះ បើប្រៀបធៀបនឹងឆ្នាំ២០១៦គឺមានកំណើនប្រហែល២០ភាគរយឯណោះ។
ជាមួយនេះដែរ លោកជុំ ប៊ុណ្ណរ័ត្ន ក៏បានឲ្យដឹងថា បច្ចុប្បន្នកម្លាំងក្នុងអង្គភាពរបស់លោកខិតខំអនុវត្តតាមភារកិច្ចរបស់ថ្នាក់លើ និងពង្រឹងសុវត្ថិភាពនៅតំបន់ច្រកទ្វារព្រំដែន មិនឲ្យមានបទល្មើសកើតឡើងនោះទេ។ទន្ទឹមនឹងនេះ អង្គភាពរបស់លោកបានពង្រឹងកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ ៕