កំពត ៖ នាសាលាខេត្តកំពត នៅរសៀលថ្ងៃពុធ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវថ្ងៃទី១៧ ខែមករាឆ្នាំ២០១៨នេះ លោក ជាវ តាយអភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តស្ដីពីការពិនិត្យនិងផ្ដល់់យោបល់លើកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តកំពត(២០១៨-២០២០) ដែលកិច្ចប្រជុំនេះមានសមាសភាពចូលរួមពី សមាជិកមួយចំនួននៃក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងអាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត។របៀបវារៈសំខាន់ៗក្នុងកិច្ចប្រជុំនេះរួមមាន៖ ទី១-របាយការណ៍តាមដានត្រួតពិនត្យលទ្ធផល អនុវត្តកម្មវិធីវិនិយោគឆ្នាំ២០១៧ ។ទី២-សេចក្ដីថ្លែងហេតុនៃដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត(២០១៨-២០២០)។ទី៣-បង្ហាញសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០១៨-២០២០)។ទី៤-ពិនិត្យនិងផ្ដល់យោបល់សេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត(២០១៨-២០២០)។ទី៥-បង្ហាញសេចក្ដីព្រាងផែនការសកម្មភាពថវិកា ផអ៣ឆ្នាំ២០១៨។ទី៦-ពិនិត្យផ្ដល់យោបល់សេចក្ដីព្រាងផែនការសកម្មភាពថវិកាផអ៣ឆ្នាំ២០១៨គឺក្នុងគោលបំណង រួមគ្នាពិនិត្យ ពិភាក្សា និងកែតម្រូវរាល់ខ្លឹមសារនូវសេចក្ដីព្រាងសៀវភៅកសាងផែនការកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត(២០១៨-២០២០)មុននឹងដាក់ឆ្លងក្រុមប្រឹក្សាខេត្តដើម្បីពិនិត្យនិងអនុម័ត។នៅក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ អភិបាលខេត្តបាន មានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការខិតខំរបស់ក្រុមការងារកសាងផែនការខេត្ត ក៏ដូចជាបណ្ដាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នាក្នុងការប្រមូលព័ត៌មាន ស្ដីពីតម្រូវការរបស់មូលដ្ឋានសម្រាប់ការកសាងផែនការកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តកំពត ដែលមានលក្ខណៈជ្រុងជ្រោយគួរឲ្យប្រសើរ ក្នុងគោលដៅរួមគ្នាធ្វើការអភិវឌ្ឍន៍ខេត្តកំពតដែលជាខេត្តមួយមានសក្ដានុពលទាំងវិស័យសេដ្ឋកិច្ចនិងទេសចរណ៍ឲ្យមានការរីកចម្រើនកាន់តែប្រសើរឡើងថែមទៀត។ជាមួយគ្នានេះដែរ លោក ជាវ តាយ ក៏បានលើកឡើងដោយគូសបញ្ជាក់ដែរថា៖ រដ្ឋបាលនៅថ្នាក់ក្រោមជាតិថ្វីត្បិតមិនមែនជាសមាជិករាជរដ្ឋាភិបាលក៏ពិតមែន ប៉ុន្តែវាជាតំណាងឬជាសេនាធិការឲ្យរាជរដ្ឋាភិបាល ។ ដូចនេះថ្នាក់ដឹកនាំនៃបណ្ដាមន្ទីរ អង្គភាពជំនាញទាំងអស់ដែលជាសេនាធិការឲ្យរដ្ឋបាលខេត្តទាំងមូល រួមនឹងរូបលោកផ្ទាល់ដែលទើបមកកាន់តំណែងជាអភិបាលខេត្តនាពេលនេះ យើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាពិភាក្សាដោះស្រាយរាល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខដឹកនាំ ទើបលទ្ធផលការងារយើងសម្រេចបានល្អនិងទទួលជោគជ័យ ពោលគឺគ្មានការងារអ្វីដែលយើងបានរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយដោយមិនទទួលបានជោគជ័យនោះទេ។ ពាក់ព័ន្ធនៅក្នុងនៃកិច្ចប្រជុំនាពេលនេះដែរ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ និងជំរុញឲ្យមន្ទីរ អង្គភាពជំនាញ ដែលត្រូវកែតម្រូវ សូមប្រញាប់បញ្ជូនខ្លឹមសារកែតម្រូវឲ្យបានឆាប់មកដល់ក្រុមការងារកសាងផែនការខេត្ត ដើម្បីធ្វើការដាក់ឆ្លងក្នុងកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាខេត្តនៅថ្ងៃ២៤មករាឆ្នាំ២០១៨ខាងមុខនេះ ស្របទៅនឹងការណែនាំរបស់ក្រសួងមហាផ្ទៃដែលបានដាក់ឲ្យអនុវត្តផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ