សៀមរាប នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាថ្នាក់តំបន់ស្តីពី «កសិកម្មអេកូឡូស៊ីនាពេលអនាគត» ដែលបាន រៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសហការយ៉ាងល្អប្រសើរជាមួយមជ្ឈមណ្ឌល CIRAD និងអង្គការ GRET។ ក្នុងឱកាសនោះ គឺមានដៃគូជាច្រើនផងដែរបានចូលរួមដូចជា របស់ លោកស្រី Naomi Noel តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) លោកបណ្ឌិត Philippe Girard តំណាងមជ្ឈមណ្ឌល CIRAD និងជានាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Dominique Violas តំណាងអង្គការ GRET ព្រមទាំង លោក លោកស្រី នាងកញ្ញា ភ្ញៀវ កិត្តិយសជាតិ-អន្តរជាតិ ដែលជាតំណាងនៃបណ្តា ប្រទេសជាច្រើន នៅអាស៊ី និងស្ថាប័នពាក់ព័ន្ធនានាដូចជាមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្ម បារាំងសម្រាប់ការអភិវឌ្ឍអន្តរជាតិ (CIRAD) ទីភ្នាក់ងារបារាំងសម្រាប់ ការអភិវឌ្ឍ (AFD) អង្គការ GRET មជ្ឈមណ្ឌលគ្រឿងយន្ត កសិកម្ម សមស្របរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ី ប៉ាស៊ីហ្វិក(UN-ESCAP/CSAM)ទីភ្នាក់ងារអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USAID) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) សម្ព័ន្ធ គ្រឿងយន្តកសិកម្មសមស្រប(ASMC) បណ្តាញអភិរក្សកសិកម្មនៅអាស៊ី អាគ្នេយ៍ (CANSEA) និងអង្គការ Swisscontact ដើម្បីចូលរួមក្នុងវេទិកា នាពេលនោះផងដែរ។ឯកឧត្តមដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា ការរៀបចំវេទិកានេះគឺ ជាព្រឹត្តិការណ៍មួយដ៏វិសេសវិសាល ដែលរៀបចំឡើងស្របពេលដែល កំណើនសេដ្ឋកិច្ច ព្រមទាំងទំនើបកម្ម និងនាវានុវត្តសង្គម ក្នុងតំបន់កំពុង តែមានលក្ខណៈប្រទាក់ក្រឡាគ្នាយ៉ាងល្អប្រសើរ ហើយក៏ជាសក្ខីកម្មមួយ ដែលយើងរំពឹងថា នឹងផ្តល់នូវលទ្ធផលល្អនាពេលខាងមុខ សម្រាប់ បណ្តាប្រទេសក្នុងតំបន់ដើម្បីផ្សារភ្ជាប់ ជាមួយយុទ្ធសាស្ត្រ អភិវឌ្ឍន៍ថ្នាក់ តំបន់មួយយ៉ាងល្អប្រសើរសម្រាប់ជាចក្ខុវិស័យក្នុងការបង្កើនផលិតភាពកសិកម្មប្រកបដោយសុវត្ថិភាព ភាតរបរិស្ថាន និងភាពរីកចម្រើនរបស់ ប្រជាជនយើងទាំងអស់គ្នានៅក្នុងតំបន់នេះ។ ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់ថា ក្នុងគោលបំណងដើម្បីចូលរួម ជំរុញការងារ «កសិកម្មអេកូឡូស៊ីនាពេលអនាគត» លោករដ្ឋមន្ត្រី បានចូលរួមផ្តល់នូវសារគន្លឹះមួយចំនួនជូនអង្គពិធីទាំងមូលដើម្បីពិចារណាដូចតទៅ៖ទី១. ជំរុញការអនុវត្តកសិកម្មល្អប្រកបដោយចីរភាព និងមានភាពធន់ ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ដោយដាក់បញ្ចូលគោលការណ៍ ប្រព័ន្ធអេកូឡូស៊ីជាមូលដ្ឋាន ដោយត្រូវកំណត់អត្តសញ្ញាណ និងផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ ប្រកបដោយភាពឆ្លាតវៃ ស្របតាមវិធានការ និងគោលការណ៍របស់ប្រទេសនីមួយៗ និងគោលការណ៍រួមរបស់អាស៊ាន ធានាឱ្យមានការផ្លាស់ប្តូរបទ ពិសោធន៍ពីប្រទេសមួយទៅប្រទេសមួយ និងត្រូវធ្វើឲ្យប្រសើរឡើង ដល់ការកំណត់ និងការគ្រប់គ្រងហានិភ័យធម្មជាតិ និងសមត្ថភាព ទាំងឡាយឱ្យស្របទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុនៅគ្រប់កម្រិត។ទី២. ត្រូវអនុវត្តរាល់វិធានការនានា ដើម្បីកាត់បន្ថយការបំផ្លាញ គុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងការបំផ្លាញប្រព័ន្ធអេកូ ឡូស៊ី ដោយត្រូវបន្តសហការគ្នា រៀបចំកំណត់តំបន់ដីកសិកម្មឱ្យបាន សមស្របសម្រាប់ទិសដៅប្រើប្រាស់យូរអង្វែង និងត្រូវអនុវត្តគោល ការណ៍ពាក់ព័ន្ធដើម្បីឈានដល់ការគ្រប់គ្រងធនធានធម្មជាតិ ដែលកើតចេញពីវិធានការអភិវឌ្ឍប្រកបដោយចីរភាព ដោយប្រមូលផ្តុំ នៅក្នុងប្រព័ន្ធគ្រប់គ្រងអេកូឡូស៊ី និងការអភិវឌ្ឍផ្អែកលើមូល ដ្ឋានជីវៈចម្រុះ។ ជាមួយគ្នានេះ ក៏ត្រូវលើកកម្ពស់គោលនយោបាយប្រើប្រាស់ដីធ្លី ដើម្បីជួយដល់កសិករដែលមានដីស្រែចម្ការតិចតួច ប្រកបដោយសមធម៌ និងរក្សាបាននូវស្ថិរភាពនៃការប្រើប្រាស់ដី និងប្រភពធនធានធម្មជាតិ តាមរយៈការធ្វើកសិកម្មចម្រុះឱ្យអស់លទ្ធភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។ទី៣. គ្រប់បណ្តាប្រទេស និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា ឱ្យបានល្អដើម្បីចូលរួមការពារស្តារ និងអនុវត្តការប្រើប្រាស់ដោយ និរន្តរភាពនូវធនធានធម្មជាតិ និងប្រព័ន្ធបរិស្ថាន ជាពិសេស គឺចូលរួមទប់ស្កាត់ការអនុវត្ត ឬសកម្មភាពដែលបង្កឱ្យមានរហោស្ថានកម្ម ឬការធ្លាក់ចុះគុណភាពដី ពោលគឺត្រូវបង្វែរពីការរស់នៅដោយពឹង អាស្រ័យ លើផល និងអនុផលព្រៃឈើ ព្រមទាំងការអនុវត្តធ្វើកសិកម្ម តាមទម្លាប់ មកធ្វើកសិកម្មតាមបែបប្រពលវប្បកម្មទំនើប ចម្រុះ ទាន់សម័យ និងសមស្រប ហើយចូលរួមគ្រប់គ្រងដីឱ្យមាននិរន្តរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ពោលគឺត្រូវរក្សា ស្តារ ឬកែប្រែទឹក និងដី ឱ្យមានភាពបៃតងស្រស់ មានភាពមនោរម្យយូរអង្វែង សម្រាប់ជីវិត របស់យើងគ្រប់ៗគ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ