កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានចុះប្រតិបត្តិការបង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ពាក់ពន្ឋ័ករណីជួញដូរគ្រឿងញៀន
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រីចំនួន ៦ នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានចុះប្រតិបត្តិការបង្ក្រាបនិងចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៥ខែមករាឆ្នាំ២០១៨នេះពាក់ពន្ឋ័ករណីជួញដូរគ្រឿង។
បើតាមលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ដោយមាការណែនាំខ្ពស់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស លោកបានដាក់វិធានការលោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតឈានដល់ការចុះបង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្ស័យបានកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៣ខែមករាឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់ជួលក្នុងបរិវេណការស៊ីណូអានកូ ស្ថិតនៅក្នុងភូមិក្បាលស្ពានម១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបន្តថា ៖ ជនសង្ស័យ ដែលត្រូវចាប់ខ្លួននោះ រួមមានៈទី១.ឈ្មោះលី លាងគង់ ភេទប្រុសអាយុ៣៥ឆ្នាំ(មេខ្លោងជួញដូរថ្នាំញៀន)។ទី២.ឈ្មោះវុន សុភាព ភេទស្រីអាយុ២៨ឆ្នាំ(ជាប្រពន្ធ)។ទី៣.ឈ្មោះលី គឹមហូវ ភេទប្រុសអាយុ៣៣ឆ្នាំ(ត្រូវជាប្អូនក្រុមចែកចាយ)។ទី៤.ឈ្មោះប៉ង ប្រែង ភេទប្រុសអាយុ៣៨ឆ្នាំ(ក្រុមចែកចាយ)។ទី៥.ឈ្មោះលឹម វិទូ (ហៅឃាង)ភេទប្រុសអាយុ១៧ឆ្នាំ។និងទី៦.ឈ្មោះស៊ុន ម៉ាប់ ភេទប្រុសអាយុ៣៥ឆ្នាំ(ក្រុមចែកចាយ) ជនសង្ស័យទាំង៦នាក់ខាងលើស្នាក់នៅបន្ទប់ជួលស្ថិតភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងសមត្ថកិច្ចរឹបអូសបាននូវវត្ថុតាងមួយចំនួនរួមមានៈកញ្ឆាគ្រៀមចំនួន៣កញ្ចប់ស្មើទម្ងន់៣.៩៨៥,៥ក្រាម,ថ្នាំញៀនមេតំហ្វេតាមីនហៅខេទឹកកកចំនួន៤ថង់ទម្ងន់ស្មើ២៤១,១ក្រាម,រថយន្តធុនលុចស៊ីមីនី៣០០មួយគ្រឿង,គ្រឿងញៀនអ៊ិចស្តាស៊ីចំនួន៥៨៤,៥គ្រាប់និង៤កូនថង់ទម្ងន់១៧៣,៣ក្រាម,ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង,ដបជក់ស៊ីសា១និងទឹកថ្នាំចំនួន៤ដប,ឧបករណ៍មូរបារីកញ្ឆាចំនួន២គ្រឿង,អាវុធខ្លីទំនើប២ដើមនិងគ្រាប់កាំភ្លើងខ្លីចំនួន១៣គ្រាប់ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា ៖ ជនសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀន ឈ្មោះ លី លាងគង់ នេះធ្លាប់ជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យកាលពីឆ្នាំ២០០៨ដែលចាប់ខ្លួនករណីជួញដូរគ្រឿងញៀនជាប់បាន២ឆ្នាំក្រោយពេលចេញពីពន្ធនាគារហើយធ្វើសកម្មភាពជួញដូរថ្នាំញៀនយ៉ាងសកម្មដែលមានប្អូនជាមុខសញ្ញាចាស់ឈ្មោះ លី គឹមហូវ ចែកចាយយ៉ាងសកម្មភាពនៅក្រុងប៉ោយប៉ែតផងដែរ ។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ៖ ក្រោយពេលលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួលភារកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនមាន២ទៅ៣ករណី តែករណីនេះគឺមានទ្រង់ទ្រាយធំ ហើយចម្រុញអោយកម្លាំងជំនាញត្រូវមានវិធានការលុបបំបាត់ជនល្មើសដែលធ្វើសកម្មភាពចែកចាយគ្រឿងញៀនដើម្បីភូមិ/ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ៕