ប៉ៃលិន៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានមានប្រសាសន៍លើកឡើងថា យុវជនគឺជាសសរទ្រូង ជាកម្លាំងស្នូលដ៏សំខាន់ និងជាក្តីសង្ឃឹមរបស់ប្រទេសជាតិ ដែលមានតួនាទី និងកាតព្វកិច្ច មកជំនួសគ្រប់កិច្ចការប្រទេសជាតិទាំងអស់ ដែលយើងបាននឹងកំពុងធ្វើនាពេលបច្ចុប្បន្ននេះ។ លោក ហ៊ុន ម៉ានី បានបន្ថែមថា ការងារដែលយុវជនត្រូវបំពេញកាតព្វកិច្ច និងតួនាទីនោះគឺ ការងារការពារជាតិ ការងារអភិវឌ្ឍន៍ជាតិ ការងារដឹកនាំគ្រប់គ្រង កិច្ចការនយោបាយ សេដ្ឋកិច្ច ការទូត បច្ចេកទេសវិទ្យាសាស្ត្រ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចការដ៏ទៃទៀតជាច្រើន ប្រៀបបាននឹងទំពាំង ដែលស្នងប្ញស្សី យ៉ាងដូច្នេះដែរ ដូច្នេះជោគវាសនាអនាគត នៃប្រទេសជាតិនីមួយៗ ពិតជាពឹងផ្អែកទាំងស្រុងទៅលើយុវជនជំនាន់ក្រោយ ដែលកត្តាស្លាប់រស់របស់ជាតិ ។លោកបានលើកឡើងដូចនេះ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ចំនួន ៦៤០នាក់។ ពិធីនេះក៏មានការចូលរួមពីសំណាក់លោក កើត សុធា អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនទៀតផងដែរ។លោកហ៊ុន ម៉ានី ក៏បានជំរុញដល់យុវជនទាំងអស់ ត្រូវខិតខំសិក្សា រៀនសូត្រ ពង្រឹងសមត្ថភាព ហើយត្រូវគិតគ្រប់ពេលវេលាថា៖ នៅពេលដែលយើងពាក់អាវ ស.ស.យ.ក តើយុវជនយើងបានជួយ អ្វីខ្លះដល់សង្គម ហើយអ្វីដែលយើងធ្វើនៅថ្ងៃនេះ គឺដើម្បីថ្ងៃស្អែក ដើម្បីយើងទាំងអស់គ្នា ដើម្បីអោយក្មេងៗ យុវជនជំនាន់ក្រោយបានដឹងថា យុវជនយើងជួយដល់សង្គម និងជាតិទាំងមូល ដូច្នេះយើងម្នាក់ៗត្រូវខិតខំធ្វើ និងអប់រំខ្លួនឯង និងចេះជួយគ្នាទៅវិញទៅមក គ្រប់កាលៈ ទេសៈទាំងអស់។នាឱកាសនោះ លោកស្រី បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ន ស.ស.យ.ក ខេត្តប៉ៃលិនមានសមាជិក ចំនួន ២៧១០នាក់ ស្រី ១៧៩៦នាក់ កំពុងនឹងយកអស់ពីកម្លាំងកាយចិត្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើឱ្យអង្គការចាត់តាំងយុវជន១នេះ ក្លាយជាគំរូដ៏ទូលំទូលាយរបស់យុវជន ជាពិសេសចូលរួមថែរក្សាសុវត្ថិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសហគមន៍របស់ខ្លួន។លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជៅ ចំពោះលោក ហ៊ុន ម៉ានី ដែលកន្លងមកលោកបានឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ទាំងស្មារតី ទាំងសម្ភារៈ និងថវិកាដល់ ស.ស.យ.ក ខេត្តប៉ៃលិន ដូច្នេះលោកស្រី ក្នុងនាមយុវជន ស.ស.យ.ក ខេត្តទាំងអស់ សូមប្តេជ្ញា ខិតខំអនុវត្តន៍ តួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់ជាតិ និងប្រជាជន ឱ្យកាន់តែល្អប្រសើឡើងថែមទៀត។សូមបញ្ជាក់ថា លោក ហ៊ុន ម៉ានី បានប្រកាសបន្ថែមថា អនុប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តចំនួន៣រូប និងសមាជិកចំនួន២០រូប ព្រមទាំងបានឧបត្ថម្ភដល់យុវជន ស.ស.យ.ក ឃុំ/សង្កាត់ទាំង ៨ នៅក្នុងខេត្តប៉ៃលិន ដោយក្នុង ១ឃុំ/សង្កាត់ទទួលបានថវិកា ១លានរៀល និងអាវចំនួន ២០០អាវ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ