សមត្ថកិច្ចបង្ក្រាបទីតាំងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិតចំនួន០៤ទីតាំង
ខេត្តតាកែវ៖ គេហទំព័រអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃចន្ទ ៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង៣០នាទីចុះផ្សាយថាកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន១០៥នាក់ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចសហការពីសមត្ថកិច្ចនគរបាលចិន ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។បានបង្ក្រាបទីតាំងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត ចំនួន០៤ទីតាំងផ្សេងគ្នា ក្នុងនោះ៖
ទីតាំងទី១ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ឃាត់ខ្លួនជនជាតិចិន ចំនួន៦៣នាក់ ស្រី០៧នាក់។
ទីតាំងទី២ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន១២នាក់(ប្រុស)។
ទីតាំងទី៣ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន៧០នាក់ ស្រី២៤នាក់។
ទីតាំងទី៤ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន៩០នាក់ ស្រី០៥នាក់។សរុបទាំង០៤ទីតាំង ចំនួន២៣៥នាក់ ស្រី៣៦នាក់។
បច្ចុប្បន្នជនជាតិចិនទាំងអស់នោះព្រមទាំងវត្ថុតាងពាក់ព័ន្ធបានប្រគល់ជូនកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ យកទៅក្រសួងមហាផ្ទៃ៕