កែប ៖ នៅវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៧ មានភាពផ្ញាក់ផ្អើលខណៈក្រុមអ្នកបាញ់កាំជ្រួចដើម្បីអបអរក្នុងឱកាសឆ្លងឆ្នាំសកល២០១៨ នៅខេត្តកែប ស្រាប់តែមានករណីឆេះកាំជ្រួចបណ្តាលឲ្យមនុស្សចំនួន៨នាក់រងបួសស្រាល។ចំពោះការឆេះកាំជ្រួចក្នុងរាត្រីឆ្លងឆ្នាំសកលនៅខេត្តកែបនេះ ត្រូវបានក្រុមសមត្ថកិច្ចអះអាងថា៖ មកពីអ្នកបាញ់កាំជ្រួចធ្វើខុសបច្ចេកទេស និងខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យផ្ទុះឆេះកាំជ្រួចនៅកន្លែងបែបនេះតែម្តង។បើតាមរបាយការណ៍បានបញ្ជាក់ឲ្យដឹងថា៖ ក្រោយពីមានករណីឆេះនេះ កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរក្នុងតំបន់ក៏បានចេញមកអន្តរាគមន៍ភ្លាមៗ ដោយកម្លាំងបានប្រើរថយន្តបាញ់ទឹកពន្លត់ភ្លាមៗផងដែរ។ដោយឡែក ចំពោះជនរងគ្រោះក្នុងឧប្បតិ្តហេតុខាងលើត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចបញ្ជូនទៅលាងរបួសនៅឯមន្ទីរពេទ្យ ហើយក៏បានអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញក្រោយពីលាងស្លាកស្នាមរលាកចំហាយចំហេះរបស់កាំជ្រួចនេះ។លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប បានប្រាប់ឲ្យដឹងយ៉ាងដូច្នោះថា៖ នៅយប់កើតហេតុនេះ អាជ្ញាធរខេត្តកែប បានរៀបចំធ្វើពិធីឆ្លងឆ្នាំ២០១៧ ឈានចូលឆ្នាំ២០១៨ នៅចំណុចមាត់ឆ្នេរកែប ចាប់ពីចំណុចផ្សារក្តាម មកដល់ឆ្នេរថ្មី យ៉ាងអធិកអធម ។ ក្នុងឱកាសនោះក៏មានប្រជាពលរដ្ឋមកពីគ្រប់ទិសទីដែលមានប្រមាណជាង១០ ម៉ឺននាក់ មកចូលរួមអបអរសាទរ កម្សាន្ត សប្បាយ ក្នុងពិធីនេះផងដែរ។លោកស្នងការបានបន្តទៀតថា កម្មវិធីបានដំណើរការយ៉ាងរលូន ដោយមានការរៀបចំសណ្តាប់ធ្នាប់និងរក្សាសន្តិសុខ សុវត្ថិភាពពីសំណាក់កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកែបទាំងមូល ។ ប៉ុន្តែថ្វីត្បិតមានការរៀបចំសណ្តាប់ធ្នាប់ឲ្យល្អប្រសើរបែបនេះក្តី ស្រាប់តែមានឧប្បតិ្តហេតុ ដោយចៃដន្យ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៧ ដោយសារករណីឆេះកាំជ្រួច ដែលអាជ្ញាធរគ្រោងបាញ់អបអរសាទរឆ្នាំថ្មីនៅឆ្នេរកែប បណ្តាលឲ្យមនុស្សចំនួន៨នាក់រងរបួសស្រាលៗ ហើយត្រូវបានបញ្ជូនទៅលាងរបួសនៅឯមន្ទីរពេទ្យខេត្តកែប ហើយក៏បានចាកចេញភ្លាមៗទៅកាន់លំនៅឋានវិញអស់ហើយ។លោកស្នងការក៏បានបញ្ជាក់ផងដែរថា៖ការអន្តរាគមន៍ពន្លត់ភ្លើងដែលឆេះដោយសារកាំជ្រួចនេះ អាជ្ញាធរបានប្រើឡានទឹកចំនួន៤គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១០ឡានឯណោះ។សូមជម្រាបថា៖ តំបន់ទេសចរណ៍ខេត្តកែប ពិតជាមិនខុសពីបណ្តាខេត្តគោលដៅទេសចរណ៍នានាទូទាំងប្រទេសនោះទេ ដូចជាខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកំពត ជាដើម សុទ្ធតែធ្វើពិធីអបអរនាឱកាសឆ្លងឆ្នាំសកល។ចំណែកខេត្តកែបដែលជាខេត្តទេសចរណ៍តំបន់ឆ្នេរ ជាប់ឈ្មោះល្បីល្បាញមួយនះ នៅរាត្រីឆ្លងឆ្នាំសកលទទួលបានការអញ្ជើញចូលរួម ទស្សនាកម្សាន្តនិងរង់ចាំឆ្លងឆ្នាំថ្មី ពីសំណាក់ក្រុមអ្នកទេសចរណ៍ជាតិ-អន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។បើយោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តកែបបានឲ្យដឹងថា ក្រុមអ្នកទេសចរណ៍ដែលនាំគ្នារង់ចាំឆ្លងឆ្នាំសកលនៅក្នុងខេត្តកែប កាលពីយប់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៧យប់មិញនេះ មានរហូតដល់ទៅជាង១០មឺុននាក់ឯណោះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ