ខេត្តសៀមរាប ៖ លោក សុខ ថុល ឋានន្តរសកិ្តវរៈមន្ត្រីថ្នាក់លេខ១ នាយករងរដ្ឋបាលសាលាខេត្ត ត្រូវបានប្រកាសតែងតាំង ជានាយករដ្ឋបាលសាលាខេត្តសៀមរាប ជំនួសលោក នួន ពុទ្ឋារ៉ា ដែលត្រូវផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលក្រុងសៀមរាប ។ ពិធីនេះបានប្រារព្ធធ្វើទៅកាលពីព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅរដ្ឋបាលសាលាខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ។ បន្ទាប់ពីគណៈអធិបតីប្រគល់ប្រកាសតែងតាំងរួមក លោកនាយករដ្ឋបាលសាលាខេត្ត ដែលទើបទទួលការតែងតាំងថ្មីបានការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីបំពេញតួនាទីអោយបានល្អប្រសើរ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តការប្រកាសតែងតាំង លោក សុខ ថុល ជានាយករដ្ឋបាលសាលាខេត្តនៅពេលនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង អាជ្ញាធរខេត្ត ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ ។ ម្យ៉ាងទៀតក៏ជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំនូវរចនាសម្ព័ន្ធក្បាលម៉ាស៊ីដឹកនាំថ្នាក់ក្រោមជាតិ ដើម្បីឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍ ក្នុងការបម្រើសេវាចាំបាច់ ឆ្លើយតបទៅតម្រូវការផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិតបានលើកនូវចំណុចសំខាន់ៗមួយចំនួន ដែលជាមូលដ្ឋានគ្រឹះសម្រាប់មន្ត្រីគ្រប់រូប យកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព ក្នុងនោះបានផ្តោតសំខាន់លើការបង្កើតច្រកចេញចូលតែមួយ បម្រើសេវាសាធារណៈឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ ក្នុងការទំនាក់ទំនង និង សម្រួលឲ្យបានលឿន រហ័ស និង តម្លាភាពនូវរាល់ឯកសារផ្សេងៗ ដែលជាតម្រូវការចាំបាច់របស់ពួកគាត់ ហើយក៏បានលើកឡើងអំពីច្បាប់ ដែលក្រសួងបានរៀបចំ ដែលជាវិធានការបង្ក្រាប និង ឆ្លើយតបទៅនឹងបញ្ហាមួយចំនួន សំខាន់ទាក់ទងទំនាស់ទាំងឡាយ ក្នុងគោលដៅ ដោះស្រាយឲ្យខាងតែបាននូវរាល់បញ្ហាដែលមាន កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន គឺត្រូវធ្វើការកាត់បន្ថយឲ្យនៅកាន់តែតិចទៅៗ នោះពិតជាភាពជាអ្នកដឹកនាំ ក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានផ្តាំផ្ញើដល់ លោកនាយករដ្ឋបាលថ្មី នៃសាលាខេត្តសៀមរាប ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការអនុវត្តន៍នូវតួនាទីភារកិច្ចរបស់ខ្លួន ដោយឈរលើជំហរទទួលខុសត្រូវលើការងារ រក្សាសាមគ្គីឯកភាពផ្ទៃក្នុង ដាស់តឿនក្រើនរំលឹកគ្នាទៅវិញទៅមក ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៤សម្រាប់មន្ត្រីមុខងារសាធារណៈ គឺឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ និង វប្បធម៌សេវាសាធារណៈ និង ត្រូវបន្តសហការល្អគ្រប់ ជាមួយបណ្តាក្រសួង មន្ទីរ ស្ថាប័ន អង្គភាពនានា គោរពនិងអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទ ដ្ឋានគតិយុត្តិនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំរដ្ឋបាលខេត្ត ប្រកបដោយប្រសិទ្ឋភាពខ្ពស់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ