(ខេត្តកំពត)៖ កាលពីថ្ងៃទី០៤ខែតុលា ឆ្នាំ២០១៨នេះ លោក ជាវ តាយអភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ ដោយបាននាំយកនូវពូជស្រូវនិងបន្លែចែកជូនប្រជាពលរដ្ឋក្រោយពីរងផលប៉ះពាល់ខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីៗនេះនៅក្នុងស្រុកទឹកឈូខេត្តកំពត។ លោកចាន់ រិទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឱ្យដឹងថា៖ ខេត្តកំពតមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងខែកន្លងទៅដែល បណ្ដាលធ្វើឱ្យមានការប៉ះពាល់និងខូចខាតទាំងស្រុងដល់ស្រូវសន្ទូងនិងស្រូវពង្រោះមានចំនួន២លើកនៅក្នុងស្រុកមួយចំនួននៃខេត្តកំពត គឺក្នុងនោះមានស្រុកកំពង់ត្រាច ស្រុកដងទង់ ស្រុកទឹកឈូ ស្រុកអង្គរជ័យ និង បន្ទាយមាស។ ដោយឡែកសម្រាប់ស្រុកទឹកឈូ ដែលបាននាំយកពូជស្រូវនិងពូជបន្លែចែកដល់ដៃប្រជាកសិករពេលនេះ មានចំនួន៣ឃុំ ស្មើ១៩ភូមិ ធ្វើអោយមានផលប៉ះពាល់លើផ្ទៃដីចំនួន៨៥០ហិចតា និងផ្ទៃដីខូចខាតទាំងស្រុងចំនួនជាង១៣៣ហិចតាស្មើនឹង៥៦៥គ្រួសារ។ រីឯពូជស្រូវនិងពូជបន្លែដែលនាំមកចែកជូនប្រជាកសិករពេលនេះជាអំរាជរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានចំនួនជាង១៣តោនសម្រាប់ផ្ទៃដីមួយហិចតាប្រើពូជស្រូវ១០០គីឡូក្រាម និងពូជដំណាំបន្លែពីរប្រភេទទៀតគឺគ្រាប់សណ្តែកកួរ និងគ្រាប់ត្រសក់ផងដែរ។មានប្រសាសន៍សំណេះសំណាល លោក ជាវ តាយ អភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្នធម្មជាតិមានការប្រែប្រួលបង្កឱ្យកើតឡើងគ្រោះអាក្រក់ជាបន្តបន្ទាប់។ ជាក់ស្តែង ឆ្នាំនេះ ខេត្តកំពតទទួលរងនូវការធ្លាក់ភ្លៀងឥតឈប់ឈរធ្វើឱ្យកសិកររងការខូចខាតផលដំណាំដោយសារជំនន់ទឹកភ្លៀងម្តងហើយម្តងទៀត។ លោកអភិបាលខេត្តបានបន្តថា ទោះបីបែបនេះក្តី រដ្ឋបាលខេត្តកំពតមិនបានព្រងើយកន្តើយចំពោះទុក្ខលំបាករបស់បងប្អូនឡើយ។ ផ្តើមចេញពីការគិតគូរនូវផលប៉ះពាល់ទាំងនេះ រដ្ឋបាលខេត្តបានជំរុញដល់មន្ទីរកសិកម្មក្នុងការស្នើសុំពូជស្រូវពីក្រសួងសាមីរបស់ខ្លួនសម្រាប់យកមកចែកជូនបងប្អូនដើម្បីសាបព្រោះបន្តសម្រាប់ឆ្នាំក្រោយទៀត។ លោក ជាវ តាយ បានក្រើនរំលឹកថា ជាការកត់សម្គាល់ ទឹកដីនៃភូមិសាស្ត្រក្នុងស្រុកទឹកឈូទាំងមូលមិនអាចធ្វើស្រូវឱ្យ បានពីរ ឬបីរដូវដូចនៅស្រុកផ្សេងទេ។ដូច្នេះ គួរបងប្អូនកសិករបង្វែពីការធ្វើស្រូវចាប់យកការដាំដំណាំដែលអាចរកប្រាក់ចំណូលច្រើនជាងនេះទើបល្អប្រសើរសម្រាប់ជីវភាពគ្រួសារ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ