លោក កែន សត្ថា៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក្រុមអ្នកទេសចរណ៍ចូលមកលម្ហែ កម្សាន្តនៅខេត្តកែប ប្រមាណ ៨ ម៉ឺននាក់
ខេត្តកែប ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ បានសម្រុកមកសម្រាក លម្ហែ កម្សាន្តនៅរមណីយដ្ឋានខេត្តកែបរបស់យើងមានកំណើនលើសឆ្នាំមុនគឺប្រមាណ៨ម៉ឺននាក់។
ការលើកឡើងបែបនេះជាប្រសាសន៍របស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ក្នុងកិច្ចប្រជុំ ស្តីពីការរៀបចំឆ្លងរូបភាពរថយន្តក្បួនដង្ហែព្យុហយាត្រា ខួបលើកទី៤០នៃថ្ងៃជ័យជម្នះ៧មករា នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅសាលាខេត្តកែប ដោយកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធទូទាំងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរក្រុង-ស្រុក ផងដែរ។
លោកកែន សត្ថា អភិបាលខេត្ត ក៏បានលើកឡើងបន្ថែម ដោយជំរុញដល់មន្ទីរសាមីទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ទៅលើផ្នែក រក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមភូមិសាស្ត្រនានាក្នងតំបន់ទេសចរណ៍ឆ្នេរកែប នាឱកាសបុណ្យជាតិផ្សេងៗ ដូចជាបុណ្យភ្ជុំបិណ្ឌ បុណ្យឆ្លងឆ្នាំសកល បុណ្យជាតិ៧មករា និងពិធីចូលឆ្នាំ ប្រពៃណីជាតិខ្មែរជាដើម ធ្វើបែបនេះគឺដើម្បីធានាសុត្ថិភាពជូនភ្ញៀវទេសចរ ដែលបានចូលមកទស្សនា សម្រាក លម្ហែ កម្សាន្តនៅខេត្តទេសចរណ៍របស់យើង។លោកបានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ដល់មហាជន ព្រមទាំងភ្ញៀវទេសចរ មន្ទីរអង្គភាពជំនាញទាំងអស់ត្រូវសហការរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ រាល់បញ្ហាប្រឈមទាំងឡាយណាដែលយើងត្រូវដោះស្រាយ ដូចជាកន្លែងលក់ដូររបស់ក្រុមអាជីវករត្រូវរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរសម្រាប់ទទួលបដិសណ្ឋារកិច្ចជូនភ្ញៀវ។
ជាមួយនឹងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃនេះ លោកអភិបាលខេត្តបញ្ជាក់ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ គឺមានភ្ញៀវមកទស្សនា លម្ហែ កម្សាន្តរហូតដល់ទៅ ៧៨.៣០៧នាក់ឯណោះ៕