(ខេត្តកែប)៖ ព្រឹកថ្ងៃចន្ទ ៧ រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានទទួលស្វាគមន៍ គណៈប្រតិភូ សមាគមខេត្តសុកចាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក Vo Tan Thang ដែលអញ្ជើញមកសំណេះសំណាលសាកសួរសុខទុក្ខនិងចែកអំណោយប្រជាពលរដ្ឋនៅខេត្តកែបចំនួន៥០០គ្រួសារ ស្ថិតក្នុងវិទ្យាល័យ ហ៊ុន សែន ចំការដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពទូទាំងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋាន។លោក កែន សត្ថា អភិបាលខេត្តកែប បានបញ្ជាក់ថា ខេត្តសុកចាំងគឺជាខេត្តមួយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានវត្តអារាមច្រើនជាងគេ ហើយមានប្រជាជនខ្មែររស់នៅប្រមាណ៧០ភាគរយ ក្នុងនោះព្រះសង្ឃខ្មែរក៏មានច្រើនដែរ។លោកបន្តទៀតថា បើទោះជានៅប្រទេសផ្សេងគ្នាក៏ពិតមែន ប៉ុន្តែព្រះសង្ឃនៅទីនោះសុទ្ធតែកាន់វិន័យតាមទំនៀមព្រះពុទ្ធសាសនាដូចប្រទេសយើងដែរ។ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណដល់សមាគមខេត្តសុកចាំងដែលតែងផ្តល់ជំនួយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលជួបការលំបាកនៅខេត្តកែប ពិសេសការរឹតចំណងមិត្តភាព សាមគ្គីភាពជាបងប្អូនស្ថិតស្ថេរចីរកាល។លោកអភិបាលខេត្តកែបបានឱ្យដឹងទៀតថា នេះជាលើកទី២ហើយដែលសមាគមខេត្តសុកចាំងបានធ្វើអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋខេត្តកែប ដោយគ្រាមុនសមាគមនេះ ក៏បានដឹកនាំក្រុមគ្រូពេទ្យមកពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងខេត្តកែបដោយឥតគិតថ្លៃម្តងរួចមកហើយ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨។លោក កែន សត្ថា ក៏បានផ្តាំផ្ញើដល់លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សូមរក្សាអនាម័យនៅតាមគេហដ្ឋាន លំនៅដ្ឋាន រៀងៗខ្លួនដើម្បីអបអរពិធីបុណ្យភ្ញុំបិណ្ឌប្រពៃណីណៃជាតិយើង ដែលគិតចាប់ពីពេលនេះ គឺនៅសល់តែរយៈពេល៨ថ្ងៃទៀតប៉ុណ្ណោះ។ជាមួយនឹងឱកាសនោះ លោកអភិបាលខេត្តក៏បានក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋសូមជួយដាស់តឿនកូនចៅកុំឱ្យប្រើប្រាស់គ្រឿងញៀន ហើយត្រូវបញ្ជៀសឱ្យឆ្ងាយពីគ្រឿងញៀន។លោក Vo Tan Thang ប្រធានគណៈប្រតិភូសមាគមក្រុមការងារមនុស្សធម៌ខេត្តសុកចាំង(វៀតណាម) បានឱ្យដឹងថា កន្លងមកសមាគមមួយនេះក៏ធ្លាប់បានដឹកនាំក្រុមគ្រូពេទ្យមកពិនិត្យព្យាបាលជំងឺជូនប្រជាជននៅខេត្តកែបដោយឥតគិតថ្លៃផងដែរ ប៉ុន្តែលើកនេះ សមាគមក្រុមការងារមនុស្សធម៌ ព្រមទាំងព្រះសង្ឃក្នុងខេត្តសុកចាំងទាំងមូល ក៏បានគៀងគរយកនូវអំណោយបន្តិចបន្តួច មកផ្តល់ជូនប្រជាជនកម្ពុជានៅក្នុងខេត្តកែប សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះ។សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលរវាងអាជ្ញាធរខេត្តកែប និងគណៈប្រតិភូវៀតណាមនេះ គណៈអធិបតីក៏បានផ្តល់នូវអំណោយដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានឃិតមួយកញ្ចប់(មានគ្រឿងឧបភោគ-បរិភោគ) និងថវិកាមួយចំនួនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ