ប្រជាពលរដ្ឋសម្រុក នាំគ្នាជីកកកាយដី ដែលសេសសល់ពីការជីកកកាយរបស់ថៃ នាសម័យសង្គ្រាម ដឹកយកទៅរែងក្នុងទឹកស្រះ យ៉ាងគគ្រឹកគគ្រេង ដើម្បីរករ៉ែត្បូង
ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីជាច្រើននាក់ បាននាំគ្នាយកដែកស្បែង ទៅជីកកកាយដីភ្នំមួយកន្លែង ស្ថិតនៅចំណុចភ្នំពុទ្រា ក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ រួចច្រកការ៉ុង ដឹកតាមម៉ូតូ យកទៅអង្គុយរែងនៅក្នុងទឹកស្រះក្បែរនោះ ដោយអ្នកខ្លះ ប៉ះចំកំទេចត្បូងល្អ (ត្បូងទទឹម) ពណ៌ក្រហម លក់បានប្រាក់យកទៅទិញម្ហូបអាហារ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយក៏សប្បាយរីករាយនឹងបន្តរុករកថែមទៀត ។
សូមបញ្ជាក់ផងដែរថា កន្លែងដែលប្រជាពលរដ្ឋនាំគ្នាជីកកកាយដី រែងរករ៉ែត្បូងនេះ គឺជាដីភ្នំដែលជនជាតិថៃ បានយកគ្រឿងចក្រទៅជីកកកាយដី រ៉ែងយករ៉ែត្បូងដឹកទៅស្រុកគេអស់ កាលពីសម័យសង្គ្រាម លុះឃើញនៅសេសសល់តិចតួប ទើបពួកគាត់នាំគ្នាទៅអង្គុយជីកកកាយរកកំទេចរ៉ែត្បូងបានតិចតួចតែម្តង ។
ប្រភពព័ត៌មានបានឱ្យដឹងថា អស់រយ:ពេលជាច្រើនថ្ងៃកន្លងមកហើយ គេសង្កេតឃើញប្រ ជាពលរដ្ឋរស់នៅភូមិជាច្រើន ដែលទំនេរពីការងារស្រែ ចម្ការ បាននាំគ្នាយកដែកស្បែង កាំបិត និងចបជីក ទៅអង្គុយជីកកកាយដី ដែលសេសសល់តិចតួច ពីជនជាតិថៃជីកកាយ កាលពីសម័យសង្គ្រាម ដោយគ្រួសារខ្លះ បានវេចបាយកញ្ចប់ដាក់ថង់ អ្នកខ្លះទៀតដាក់ធុង យកទៅអង្គុយហូបជួបជុំគ្រួសារ ហើយនាំគ្នាខិតខំប្រឹងប្រែងជីកដីតាំងពីព្រឹករហូតដល់ពេលល្ងាចទើបត្រឡប់មកផ្ទះវិញ ក៏បានកំទេចត្បូង លក់ឱ្យឈ្មួញ បានប្រាក់ទិញម្ហូបអាហារផ្គត់ផ្គង់ជីវភាពគ្រួសារ ។
បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ សូ គុម្ព អាយុ៦៥ឆ្នាំ និង បុរសម្នាក់ទៀត ឈ្មោះ ផាត អាយុ៤៥ឆ្នាំ រស់នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានឱ្យដឹងថា ដោយសារតែជីវភាពខ្វះខាត អត់មានដីស្រែចម្ការ សម្រាប់ប្រកបរបរដាំដុះនឹងគេ ទើបកាលពីជាង១អាទិត្យមុន ពួកគាត់មានគ្នាប្រហែល ៥ទៅ៦នាក់ បានបបួលនាំគ្នាទៅជីកកកាយដីត្រង់ចំណុចខាងលើ រួចច្រកការ៉ុងដឹកតាមម៉ូតូយកទៅរែងក្នុងស្រះទឹកមួយចំងាយប្រហែល១០០ម៉ែត្រ ពីរណ្តៅត្បូង ហើយក៏មា នអ្នកខ្លះរែងបានកំទេចត្បូង លក់ឱ្យឈ្មួញចាប់ពី១០ម៉ឺនរៀល រហូតដល់១ទៅ២លានរៀលផងដែរ ។
ពួកគាត់បន្តទៀតថា លុះក្រោយមកក៏ល្បីតៗ គ្នា ទើបមានមនុស្សក្មេងចាស់ជាច្រើនបានទៅអង្គុ យជីកកកាយយកទៅរែងបន្តបន្ទាប់ថែមទៀត ដោយអ្នកខ្លះអត់បានអ្វីនឹងគេ ក៏បោះបង់ចោល លែង មកទៀត ។ ចំណែកអ្នកខ្លះបានតិចតួចៗ រាល់ថ្ងៃ ក៏តស៊ូ មិនហ៊ានឈប់សម្រាកនោះទេ ។
ពួកគាត់បញ្ជាក់ថា ត្រង់កន្លែងខាងលើនេះ កាលពីមុនមានរ៉ែត្បូងច្រើនណាស់ បើសិនជាខ្មែរយើងជីកកកាយរែងនឹងដៃ រយ:ពេល១០០ឆ្នាំទៅមុខទៀតក៏មិនអស់ដែរ ។ ប៉ុន្តែ ជាអកុសល់កាលពីសម័យសង្គ្រាមជនជាតិថៃ បានចូលមកជីកកកាយត្រង់កន្លែងនោះ ចំនួន២ទៅ៣សារ ទើបធ្វើឱ្យក្លាយទៅជារណ្តៅជ្រៅ ហើយគេជីកយកអស់រ៉ែត្បូងធំៗ តែម្តង ។
ទន្ទឹមនឹងនោះ ពួកគាត់មួយចំនួន ក៏បានទិញផ្លែចេកយកទៅសែនព្រេននៅក្បែររណ្តៅត្បូងនោះ ដើម្បីសុំអារក្សអ្នកតា ឱ្យជីកកកាយប៉ះចំរ៉ែត្បូងដ៏មានតម្លៃ១គ្រាប់ធំ អាចនឹងលក់បានប្រាក់យកមកលាបំណន់ ហើយសល់ប្រាក់ខ្លះសម្រាប់ផ្គង់ផ្គង់ជីវភាពគ្រួសារផងដែរ ។
លើសពីនេះ ពួកគាត់ក៏បានយកការ៉ុងរាប់រយទៅជីកកកាយដាក់គរជាពំនូក ទុកសម្រាប់ដឹកយកទៅរែង ១ថ្ងៃបន្តិចម្តងៗខណ:ពេលទំនេរពីការងារនៅឯផ្ទះរបស់ខ្លួនផងដែរ ៕
ដោយ ៖ នីយ៉ា