ខេត្តសៀមរាប ៖ នៅក្នុងក្រុងសៀមរាប រយៈពេល០៣ថ្ងៃចុងសប្តាហ៍កន្លងមកនេះ គំនរសម្រាមរង់ ចាំការដឹកជញ្ជូនចេញទៅកាន់ទីលានចាក់សម្រាមត្រូវបានកកស្ទះពេញក្រុង ដោយសារតែមានប្រជាពលរដ្ឋប្រមាណជា៣០០នាក់ បិទផ្លូវច្រកចូល រារាំងមិនឲ្យរថយន្តដឹកសម្រាម របស់ក្រុមហ៊ុន ហ្គា.អ៊ី.យ៉ា ភីអិលស៊ី( GAEA Plc ) ចូលទៅកាន់ទីលានចាក់សម្រាម នោះទេ ។ ប្រជាពលរដ្ឋទាំងនោះ មកពីភូមិអន្លង់ពីរ និងភូមិភ្នំដី នៃឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយទីលានចាក់សម្រាមនោះ ស្ថិតនៅចន្លោះភូមិទាំង២នេះ ក្នុងទំហំផ្ទៃដីប្រមាណជិត ៣ ហិកតា ។លោកស្រី ក្លែរ ប្រូម៉េ នាយិកាក្រុមហ៊ុនប្រមូលសម្រាម ហ្គា.អ៊ី.យ៉ា បានបកស្រាយអំពីការតវ៉ាបិទផ្លូវរថយន្តដឹកជញ្ជូនសម្រាមរបស់ ក្រុមហ៊ុនហ្កា.អ៊ី.យ៉ា ដោយបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះ គឺជាអ្នករើសសម្រាមនៅទីនោះ យូរឆ្នាំមកហើយ ។ ពួកគាត់បានបិទផ្លូវចូលទៅកាន់ទីលានចាក់សម្រាមនោះ តាំងពីថ្ងៃទី២៩ ខែសីហា កន្លងទៅនេះ ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រមូល និងដឹកជញ្ជូនសម្រាមនៅក្នុងក្រុងសៀមរាប ។ លោកស្រីបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានបញ្ហាបិទផ្លូវនេះ គឺដោយសារតែក្រុមហ៊ុន ហាមឃាត់ និង បញ្ឈប់ពួកគាត់មិនឲ្យរើសសម្រាមបន្តទៀត ។ លោកស្រី បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ហ្កា.អ៊ី.យ៉ា បានធ្វើការវិនិយោគនៅក្នុងគម្រោង ដើម្បីអភិវឌ្ឍទីលានចាក់សម្រាមសុវត្ថិភាព ដែលគោរពដល់បរិស្ថាន បទដ្ឋានសុខភាព សុវត្ថិភាព ដើម្បីជាគុណប្រយោជន៍ដល់សហគមន៍ ។ គម្រោងរបស់ក្រុមហ៊ុន ត្រូវបានឆ្លងកាត់ការសិក្សាវាយតម្លៃ ពីផលប៉ះពាល់បរិស្ថាន និងសង្គម (EIA) ហើយអនុលោមតាមអនុសាសន៍ណែនាំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។នៅក្នុងគម្រោងនោះ ក៏មានការហាមឃាត់មិនឲ្យអ្នកដទៃចូលទីលានចាក់សំរាម គឺជាគោលការណ៍នៃបទដ្ឋានសុខភាព និង សុវត្ថិភាពនៅក្នុងទីលាន ។លោក ស្រី បង្ហាញគោលការណ៍ដំណោះស្រាយរបស់ក្រុមហ៊ុន យ៉ាងដូច្នេះថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៦ ( ឆ្នាំមុន ) ក្រុមហ៊ុនបានជូនដំណឹងជាផ្លូវការដល់អ្នករើសសម្រោម ដែលកាលណោះមានគ្នាប្រមាណតែ ១០០នាក់ អំពីការហាមឃាត់ចូលទីលាន ដែលជាកម្មសិទ្ធិឯកជន របស់ក្រុមហ៊ុន ហើយក្រុមហ៊ុនបានផ្ដល់ឱកាសឲ្យពួកគាត់ចូលធ្វើការនៅក្នុងក្រុមហ៊ុន ដោយផ្តល់ប្រាក់ខែ ចាប់ពី១២០ទៅ១៦០ដុល្លារអាមេរិក នឹងក្រុមហ៊ុនទទួលបន្ទុកផ្ដល់អាហារហូបចុក ការស្នាក់ នៅ និងការធ្វើដំណើរ ទៀតផង ប៉ុន្តែគោលការណ៍នេះ ត្រូវបរាជ័យ រហូតដល់ពេលនេះ ។លោក ភូ សំអាត អភិបាលស្រុកប្រាសាទបាគង បង្ហាញហេតុផលនេះ ក្រោយពេលដែលធ្វើសំណូមពរឲ្យ ក្រុមហ៊ុនហ្កា.អ៊ី.យ៉ា ចាក់បើកសោររបងនៅទៅតាំងចាក់សម្រាមមិនបានសម្រេច ក៏ត្រូវបានអាជ្ញាធរខេត្ត សុំឲ្យ កម្លាំងសមត្ថកិច្ច អាជ្ញាធរស្រុក និង ប្រជាពលរដ្ឋ ធ្វើការវាយសោរបើកឲ្យប្រជាពរដ្ឋចូលរើសកាកសំណល់នៅក្នុង គំនរសម្រាម ហើយប្រជាពលរដ្ឋក៏ត្រូវតែបើកផ្លូវឡើងវិញ ឲ្យរថយន្តដឹកជញ្ជូនសម្រាមរបស់ក្រុមហ៊ុនចូលចាក់ ដើម្បី កុំឲ្យខុសពីអាជ្ញាធរ និង ប្រជាពលរដ្ឋ ហើយបើសម្រាមក្នុងក្រុងមានការកកស្ទះ គ្មានរថយន្តដឹកជញ្ជូន នោះគឺជាបញ្ហា របស់ក្រុមហ៊ុន ។ លោកបានបន្តទៀតថា កន្លងមកក្រុមហ៊ុន ក៏បានធ្វើការផ្សព្វផ្សាយដល់ពួកគាត់ផងដែរ ដោយឲ្យ បងប្អូនអ្នករើសសម្រាមទីនេះ ឲ្យមានការងារធ្វើក្នុងការងារប្រមូលសម្រាម តែបងប្អូនប្រជាពលរដ្ឋលើកឡើងថា កាលណាពួកគាត់ទទួលប្រាក់ខែពីគេ ត្រូវបំពេញការងារឲ្យគេពេញម៉ោង ដែលធ្វើឲ្យប៉ះពាល់នូវផលមុខរបរពួកគាត់ នៅតាមផ្ទះ សំខាន់ការងារបង្កបង្កើនផល និង ការចិញ្ចឹមសត្វ ។ ម្យ៉ាងទៀតការរើសសម្រាមនេះ ជាការងាររួមផ្សំ ក្រៅ ពីការងារបង្កបង្កើនផល ហើយគោលការណ៍របស់ពួកគាត់ គឺពេលទំនេរទៅរើស ដែលធ្វើឲ្យពួកគាត់មិនអាចទទួល បានទៅតាមគោលការណ៍របស់ក្រុមហ៊ុនឡើយ ។តាមការបញ្ជាក់របស់តំណាងក្រុមប្រជាពលរដ្ឋអ្នករើសសម្រាម ដែលបិទផ្លូវរារាំងការដឹកជញ្ជូនសម្រាមនោះ បានបង្ហាញអំពីការទាមទារបស់ខ្លួន ដោយបានលើកពីមូលហេតុមួយចំនួន គឺមិនអាចទទួលយកនូវគោលការណ៍ របស់ក្រុមហ៊ុនហ្កា.អ៊ី.យ៉ា ពីព្រោះការងាររើសសម្រាមនេះ ជាការងារបន្ទាប់បន្សំរបស់ពួកគាត់ក្រៅពីការងារបង្កបង្កើន ផល ការងារផ្ទះរបស់ពួកគាត់ ។ ចំពោះបញ្ហាពីផលប៉ះពាល់សុខភាព និង គ្រោះថ្នាក់ផ្សេងៗកើតឡើងនោះ ពួកគាត់ ជាអ្នកទទួលខុសត្រូវ ដោយមិនដាក់បន្ទុកទៅក្រុមហ៊ុនឡើយ ។នៅរសៀលថ្ងៃដដែលនោះ តាមរយៈនៃការឆ្លើយឆ្លងតាមទូរស័ព្ទ ជាមួយលោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ដូចអ្វីដែលលោក ភូ សំអាត បានលើកឡើងពីខាងដើម ។ ក្នុងនោះ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប សង្កត់ធ្ងន់ថា ដំណោះស្រាយត្រូវបានថ្លឹងថ្លែងទម្ងន់នៃផលវិបាក ទីក្រុងទេសចរ វប្បធម៌ប្រវត្តិសាស្ត្រនៃកម្ពុជា មិនអាចផ្តល់ឲ្យបញ្ហាគំនរសម្រាម បំផ្លិចបំផ្លាញបរិស្ថាន អនាម័យ ជះឥទ្ធិពលមិនល្អដល់អារម្មណ៍ភ្ញៀវនោះបានឡើយ ព្រោះថាក្នុង១ថ្ងៃ សម្រាមដែលត្រូវដឹកជញ្ជូនចេញពីក្រុងសៀមរាប ក្នុងបរិមាណប្រហែលជា ២៧០ តោន ។ លោកក៏បញ្ជាក់ថា បើទោះជាបញ្ហានេះនៅមានសេសសល់ សម្រាប់ការសម្របសម្រួលគ្នាបន្តទៀតក៏ដោយសិទ្ធិអ្នករើសសម្រាមត្រូវបានអនុវត្តដូចធម្មតាសិន ដើម្បីបានក្រុមហ៊ុនហ្គា.អ៊ី.យ៉ា ប្រមូលដឹកជញ្ជូនសម្រាមសំអាតក្រុង ដឹកជញ្ជូនសម្រាមចេញពីទីក្រុង ធានាអនាម័យ បរិស្ថាន និង សោភ័ណភាពដូចមុន ៕ដោយ លុចណាម
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ