កែប ៖ ស្នងការដ្ឋាននគរបាលខេត្តកែប នៅរសៀលថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០១៧នេះ បានធ្វើកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីដំណើរការនៃការផ្តល់សេវាអត្តសញ្ញាណកម្ម នៅថ្នាក់ឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោក ងិន ងិនដា អភិបាលរងខេត្តកែប លោក ជឹង ផល្លា អភិបាលរងខេត្តកំពត ព្រមទាំងអស់លោកជាមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ទាំង៥ឃុំ សង្កាត់។តាមការលើកឡើងរបស់ លោកងិន ងិនដា អភិបាលរងខេត្តកែប បានបញ្ជាក់ថា យន្តការជាច្រើនទាក់ទិននឹងអត្រានុកូលដ្ឋាន ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ច្រើន ដូចជាការចុះបញ្ជីស្នាក់នៅ សៀវភៅគ្រួសារក៏ដូចជាការប្រមូលទិន្នន័យសម្រាប់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាដើម គឺបាននិងកំពុងអនុវត្តនៅថ្នាក់ឃុំ សង្កាត់រួចទៅហើយ។លោកថា បើទោះជាយ៉ាងណាក៏ត្រូវមានការពិនិត្យដ៏ហ្មត់ចត់ផងដែរ រាល់កត្តាផ្សេងៗសម្រាប់ដំណើរការផ្តល់សេវាអត្តសញ្ញាណកម្មនេះឲ្យកាន់តែសីុជម្រៅ។ម្យ៉ាងទៀត បើកិច្ចការនេះអាចអនុវត្តតាមទិសដៅរួមជាច្រកចេញចូលតែមួយក៏កាន់តែប្រសើរឡើងថែមទៀត។លោកបន្តថា ច្រកចេញចូលតែមួយត្រូវបានបង្កើតមុនគេបង្អស់នៅក្រុងបាត់ដំបង ទើបបន្តទៅខេត្តសៀមរាប ហើយខេត្តកែបក៏បានបង្កើតច្រកចេញចូលតែមួយក្នុងជំហានទីបី នាអំឡុងឆ្នាំ២០១៣។តបតាមខ្លឹមសារខាងលើ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានគូសបញ្ជាក់ថា ការរៀបចំនេះក្នុងគោលបំណងស្វែងយល់ស្តីពីចិត្តសាស្ត្រ និងដំណើរការនៃសេវាអត្តសញ្ញាណកម្មសម្រាប់រួមបញ្ចូលជាច្រកចេញចូលតែមួយ តាមលក្ខខណ្ឌការងារជំនាញ និងបទពិសោធន៍កន្លងមក ហើយការងារនេះយើងក៏ត្រូវតែសាកល្បងដើម្បីចង់ដឹងនូវលទ្ធផលនេះ។ការងារអត្រានុកូលដ្ឋានគឺជាទិសដៅមួយយ៉ាងសំខាន់ក្នុងការបំពេញបែបបទនិងទិន្នន័យដឹងពីចំនួនប្រជាពលរដ្ឋតាមមូលដ្ឋាននិមួយៗផងដែរ ហើយចំពោះការកែសម្រួលឬកែតម្រូវទិន្នន័យត្រឹមថ្នាក់អាជ្ញាធរមិនអាចធ្វើទៅបានឡើយ ដោយការងារនេះទុកឲ្យតុលាការជាអ្នកសម្រេច។លោក នាយឧត្តមសេនីយ៍ បានបន្តថា ដើម្បីដំណើរការងារខាងលើឲ្យមានភាពជោគជ័យ ថ្នាក់ជាតិនឹងដោះស្រាយបញ្ហាទាំងនេះ មុននឹងដំណើរការត្រូវតែទទួលការបណ្តុះបណ្តាល បើទោះជាមានជួបបញ្ហាខ្លះៗក៏ដោយ។លើសពីនេះ ការត្រួត ពិនិត្យឯកសារ លិខិតស្នាម អត្រានុកូលដ្ឋានផ្សេងៗ ចូរកុំទំលាក់កំហុសដាក់គ្នា ហើយក៏ត្រូវមានអ្នកទំនួលខុសត្រូវរាល់កិច្ចការនេះទាំងស្រុង គឺមេឃុំ ចៅសង្កាត់ត្រូវធ្វើជាប្រធាន ហើយមេប៉ុស្តិ៍រដ្ឋបាលត្រូវធ្វើជាអនុប្រធាន និងទំទប់ទី១និងអនុប៉ុស្តិ៍រដ្ឋបាលត្រូវជាសមាជិក។លោកបានបញ្ជាក់ទៀតថា ការផ្តល់សំបុត្រកំណើតគឺជាតួនាទីរបស់មេឃុំ ចៅសង្កាត់ និងប៉ុស្តិ៍រដ្ឋបាល។ចូរចៀសវាងនូវការកែសំបុត្រកំណើតឬអត្រានុកូលដ្ឋាន ដែលនាំឲ្យខុសទម្រង់ដើមនិងខុសទិន្នន័យ ហើយការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក៏ត្រូវបំពេញនូវលក្ខខណ្ឌ ទម្រង់បែបបទត្រឹមត្រូវជាមុនសិនទើបអាចដំណើរការទៅបាន។ហេតុនេះក្រសួងមហាផ្ទៃយល់ឃើញថា ការប្រមូលផ្តុំការងារសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ សង្កាត់ដោយបង្កើតឲ្យមានទីកន្លែងតែមួយសម្រាប់ការស្នើសុំសេវា និងការមកទទួលសេវា គឺជាជម្រើសដ៏សមស្របបំផុតដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាអត្តសញ្ញាណកម្ម ដោយគ្រាន់តែបង្កើតឲ្យមានផ្នែកជួរមុខតាមសាលាឃុំ សង្កាត់ និងផ្នែកជួរក្រោយដែលជាមន្ត្រីប្រតិបតិ្តករមានស្រាប់ ស្របតាមស្មារតីផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦។/ណារិទ្ធ
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ