កែប ៖ បើទោះជាសួនមេអំបៅត្រូវបានសង់ឡើងតាមជើងភ្នំ មានគម្លាតពីទីប្រជុំជនមាត់ឆ្នេរលេងទឹកនៃរមណីយដ្ឋានខេត្តកែបបែបនេះក្តី ប៉ុន្តែសួនលម្ហែមួយនេះ ត្រូវគេចាត់ទុកជាទីកម្សាន្ត លម្ហែដ៏មានសោភណភាពបំផុត។បើផ្អែកទៅលើទីតាំងនៃសួនមេអំបៅ ដែលស្ថិតក្នុងភូមិសាស្ត្រក្រុងកែប មានចំងាយប្រមាណ៤គីឡូម៉ែត្រពីមាត់ឆ្នេរស្រីស(ឆ្នេរហែលទឹក)នោះ បើយើងបានទៅលម្ហែ កម្សាន្តនៅទីនោះពិតជាធ្វើឲ្យអារម្មណ៍ស្រស់ថ្លា បញ្ញាវាងវៃ ព្រោះតែកន្លែងនោះមានអាកាសធាតុល្អ អមដោយទេសភាពយ៉ាងស្រស់ត្រកាលគ្មានពីរ ហើយក្នុងបរិវេណទាំងមូលមានរំលេចដោយសួនផ្កាគ្រប់ប្រភេទចម្រុះពណ៌ មានសួនចិញ្ចឹមមេអំបៅ មានអាងចិញ្ចឹមត្រី មានទ្រុងចិញ្ចឹមដង្កវនាង មានអាហារដ្ឋានសម្រាប់បម្រើសេវាដល់ភ្ញៀវ យ៉ាងសមរម្យផងដែរ។លើសពីនេះទីតាំងសួនមេអំបៅក្នុងខេត្តកែប ត្រូវបានគ្របដណ្តប់ដោយរុក្ខជាតិហូបផ្លែគ្រប់ប្រភេទ ដែលធ្វើឲ្យក្រុមអ្នកទេសចរណ៍ចូលទៅលម្ហែ កម្សាន្តហើយមិនចង់ត្រឡប់មកវិញ ព្រោះអ្វីៗនៅទីនោះសុទ្ធតែមានសម្រស់គួរឲ្យទាក់ទាញបំផុត។ជាមួយនេះ អ្នកគ្រប់គ្រងទូទៅឈ្មោះ ស្រីនាង បានឲ្យដឹងថា សួនមេអំបៅនេះ ត្រូវបានបង្កើតឡើងកាលអំឡុងឆ្នាំ២០១២ ដោយមាន Mr George ជនជាតិអារិកាំង ជាអ្នកផ្តួចផ្តើម ហើយក្រោពីបានកសាងសួនមេអំបៅបានរួចរាល់កាលណា ភ្ញៀវក៏ចាប់ផ្តើមចូលមកទស្សនា លម្ហែ កម្សាន្តមិនចេះដាច់ ប៉ុន្តែភាគច្រើនតែភ្ញៀវក្នុងស្រុក ដោយឡែកភ្ញៀរបរទេសមិនសូវសំបូរទេ។អ្នកគ្រប់គ្រងខាងលើបានបញ្ជាក់ថា ការចូលទស្សនាក្នុងសួនមេអំបៅបើជាភ្ញៀវបរទេសត្រូវទិញសំបុត្រក្នុងតម្លៃចាប់ពី$1រហូតដល់$3 តាមរយៈពេលវេលា យូរឬឆាប់ ប៉ុន្តែបើភ្ញៀវជាតិគឺមិនតម្រូវឲ្យទិញសំបុត្រឡើយ បើទោះជាចូលទៅលម្ហែប៉ុន្មានម៉ោងក៏បានដែរ ដោយគ្រាន់តែចូលរួមបរិច្ចាកតាមសទ្ធា សម្រាប់ចូលរួម មូលនិធិសង្គមប៉ុណ្ណោះ។ស្រីនាងក៏បានឲ្យដឹងបន្ថែមថា ថ្វីត្បិតសួនមេអំបៅមានសម្រស់ដ៏ទាក់ទាញ តែក៏ពុំសូវសំបូរភ្ញៀវមកលេងច្រើនដូចកន្លែងកម្សាន្តនានាឡើយ ព្រោះតែទីតាំងនេះវាសង់ឡើងតាមជើងភ្នំហុំព័ទ្ធដោយព្រៃប្រឹក្សា ដែលជាហេតុធ្វើឲ្យមនុស្សភាគច្រើនមិនសូវស្គាល់។ម្យ៉ាងទៀតផ្លូវចេញចូលក៏មានសភាពរដិករដុបពិបាករថយន្តចេញចូលបន្តិចដែរ ប៉ុន្តែយ៉ាងហោចណាស់ក្នុងមួយថ្ងៃក៏មានភ្ញៀវចាប់ពី២០ទៅ៣០នាក់ដែរ ហើយពួកគេតែងចូលមកទស្សនានិងសម្រាកលម្ហែ ឈេគយគន់មើលហ្វូងមេអំបៅក្រេបលំអងបុប្ផា មើលមច្ឆាក្នុងអាងទឹកដ៏ថ្លាយង់ គន់មើលបុប្ផារីកស្គុះស្គាយនៅទីនេះ ពិសេសស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅទីនេះតែម្តង។អ្នកគ្រប់គ្រងសួនមេអំបៅ បានបន្តថា ការចិញ្ចឹមសត្វមេអំបៅពិតជាជួបបញ្ហាប្រឈមខ្លះៗដោយសារសត្វមេអំបៅនេះវាមិនអាចទ្រាំជាមួយកំដៅ តែបើចូលមកដល់រដូវរំហើយ វានឹកើនឡើងព្រោះតែកាភ្ញាស់កូនតាមរយៈដង្កូវនាង និងតាមលក្ខណៈធម្មជាតិរបស់វាផងដែរ។ដោយឆ្លើយតបតាមតម្រូវការនេះដែរ អ្នកមើលថែសួនមេអំបៅ ក៏សំណូមពរដល់អង្គភាពពាក់ព័ន្ធនានា មេត្តាជួយបង្ហាត់បង្ហាញ និងបណ្តុះបណ្តាលជំនាញខ្លះៗដល់នាងផង ព្រោះនេះជាកត្តាចាំបាច់មួយសម្រាប់ការគ្រប់គ្រងសួនមេអំបៅ ក្នុងទីតាំងខាងលើឲ្យកាន់តែមានភាពលេចធ្លោបន្ថែមទៀត។ទាក់ទិននឹងសួនមេអំបៅខាងលើនេះ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប នៅរសៀលថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៧ អ្នកយកព័ត៌មានពុំបានសុំការអត្ថាធិប្បាយណាមួយ ពីលោកប្រធានទេ ដោយសារលោកមិនព្រមលើកទូរស័ព្ទ។ដោយឡែកលោក ប៉ុក ទាង អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានបញ្ជាក់ប្រាប់ថា បច្ចុប្បន្នសួនមេអំបៅក្នុងខេត្តកែប ពិតជាបានទទួលស្គាល់ជាកន្លែងលម្ហែ កម្សាន្តដ៏មានប្រជាប្រិយភាព ថែមទាំងមានកំណត់ត្រាពីមន្ទីរទេសចរណ៍ខេត្តផងដែរ។ដូច្នេះយើងក៏បានចាត់ទុកទីតាំងខាងលើ ជាកន្លែងកម្សាន្ត លម្ហែ ដូចកន្លែងទេសចរណ៍ដ៏ទៃទៀតស្ថិតក្នុងតំបន់ខេត្តកែបដែរ។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ