ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ រួមដំណើរដោយ លោក ផាន់ ចាន់ធុល អភិបាលរងខេត្តប៉ៃលិន លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្ត បានដឹកនាំមន្ត្រីជំនាញបសុព្យាបាល និងក្រុមការងារ ចុះធ្វើការបាញ់ថ្នាំជីវសុវត្ថិភាព នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសលាក្រៅ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺសត្វចិញ្ចឹម ព្រមទាំងឧបត្ថម្ភថ្នាំ ដល់ភ្នាក់ងារពេទ្យសត្វភូមិ សម្រាប់ព្យាបាលជម្ងឺសត្វជូនប្រជាពលរដ្ឋផងដែរ ។លោក ផាន់ ចាន់ធុល អភិបាលរងខេត្ត បានឱ្យដឹងថា ពលរដ្ឋដែលចិញ្ចឹមសត្វជ្រូក គោ ក្របី ត្រូវតែចេះតាមដាន ពីអារៈជំងឺសត្វរបស់ខ្លួន ឱ្យបានទៀងទាត់ ដើម្បីឱ្យដឹងពីស្ថានភាពជំងឺសត្វទាំង នោះ ជាពិសេស ត្រូវប្រញាប់ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ដើម្បីឱ្យមន្ត្រីប សុពេទ្យ ឬពេទ្យភូមិធ្វើការចុះទៅព្យាបាលសត្វ ឱ្យបានទាន់ពេលវេលា ជៀសវាងទុកយូរ បណ្តោយរហូតដល់សត្វងាប់ ដែលនាំឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារផងដែរ ។ លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានមានប្រសាសន៍ថា ប្រជាកសិករដែលចិញ្ចឹមសត្វ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជម្ងឺអុតក្តាម ដែលកំពុងតែរីករាលដាលទៅលើសត្វជ្រូក គោ ក្របី ហើយត្រូវចូលរួមការទប់ស្កាត់ទាំងអស់គ្នាកុំឱ្យជម្ងឺនេះ រីករាលដាលបន្តទៀត ។ លោកជំទាវក៏បានណែនាំដល់មន្ត្រីជំនាញត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យ និងព្យាបាលជំងឺសត្វតាមបច្ចេកទេសបសុព្យាបាល និងផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យចួលរួមការពារជំងឺឆ្លងពីសត្វឈឺ ទៅសត្វជា ដូចជាការចាក់ថ្នាំវ៉ាក់សាំងបង្ការនៅតំបន់ដែលមិនទាន់មានជម្ងឺ និងទប់ស្កាត់ ការចរាចរណ៍សត្វពីតំបន់មានជំងឺទៅតំបន់ដែលគ្មានជំងឺ ដើម្បីការពារការឆ្លងរីករាលដាល ។បុរសម្នាក់ ឈ្មោះ ប៉េ អាយុ៦៤ឆ្នាំ រស់នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បានឱ្យដឹងថា បច្ចុប្បន្នគាត់ចិញ្ចឹមសត្វគោ ជាង៤០ក្បាល ដោយចាប់តាំងពីចិញ្ចឹមមក គាត់មិនដែលជួបប្រទះ នឹងជំងឺអុតក្តាមច្រើនយ៉ាងនេះទេ ។ គាត់ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរ និងមន្ត្រីជំនា ញដែលបានចុះទៅព្យាបាលសត្វគោរបស់គាត់បានទាន់ពេលវេលា ដោយមិនចំណាយថវិកាក្នុងការទិញថ្នាំព្យាបាល បើមិនដូច្នេះទេ គាត់ច្បាស់ជាខាតបង់ថវិកាអស់ច្រើនជាក់ជាមិនខាន ។ ចំណែកលោក ខៀវ សុថុន ប្រធានការិយាល័យបសុព្យាបាល បានឱ្យដឹងថា កាលពីដើមខែកញ្ញា មានករណីផ្ទុះជម្ងឺអុតក្តាមលើសត្វគោរបស់ប្រជាកសិករ នៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ចំនួន១៨៦ក្បាល ដោយឈឺ និងងាប់អស់ចំនួន៣ក្បាល ហើយក្រោយបញ្ចប់បុណ្យភ្ជុំបិណ្ឌស្រាប់តែ ជម្ងឺបានរីករាលដាលដល់ភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បណ្តាលឱ្យសត្វគោ ឈឺចំនួន២២៧ក្បាល ហើយបច្ចុប្បន្នមន្ត្រីជំនាញបសុព្យាបាល កំពុងធ្វើការព្យាបាល និងបាញ់ថ្នាំជីវសុវត្ថិភាព នៅក្នុងភូមិដើម្បីទប់ស្កាត់ការរីករាលដាល ។ ដោយ ៖ នីយ៉ា
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ