កែប ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំនេះ គេកត់សម្គាល់ឃើញក្រុមអ្នកទេសចរណ៍ជាតិនិងអន្តរជាតិ នាំគ្នាមកលំហែរកម្សាន្តនៅមាត់ឆ្នេរកែបដូចទឹកបាក់ទំនប់។ដោយឡែកចំពោះនៅតាមបណ្តាកោះមួយចំនួនស្ថិតក្នុងលម្ហសមុទ្រខេត្តកែប ភ្ញៀវក៏បាននិងកំពុងនាំគ្នាសំរុកជិះទូកទៅកម្សាន្ត លម្ហែយ៉ាងច្រើនកុះករផងដែរ។បើយោងតាមតួលេខបឋមពី លោក ប៉ុក ទាង អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៧ មានក្រុមអ្នកទេសចរណ៍ចូលមកកម្សាន្ត លម្ហែ ចំនួនសរុប៨៣៤៩០នាក់ ក្នុងនោះមានភ្លៀវអន្តរជាតិចំនួន១១៩៨នាក់ មានរថយន្តគ្រប់ប្រភេទ ចំនួន៧៤០១គ្រឿង ក្នុងនោះមានធុនមធ្យមចំនួន២៨១០គ្រឿង និងធុនធំចំនួន៤៩គ្រឿង។លោកបានបញ្ជាក់ថា កត្តាដែលនាំឲ្យក្រុមអ្នកទេសចរណ៍សំរុកមកលម្ហែក្នុងរមណីយដ្ឋានឆ្នេរកែបដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ដោយសារបច្ចុប្បន្ន ក្នុងតំបន់ខេត្តទេសចរណ៍ខាងលើ មានការភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ពិសេសការស្ថាបនាដងផ្លូវសំខាន់ៗមានភាពធំទូលាយងាយស្រួលធ្វើដំណើរ ព្រមទាំងមានសុវត្ថិភាពជាចម្បង។លោកថា សក្តានុពលខេត្តទេសចរណ៍ដ៏តូចច្រឡឹងមួយនេះ ពិតជាមានអំណោយផលពីធម្មជាតិ គឺដីស្អាត ទឹកស្អាត និងខ្យល់ស្អាត និងមានសេវាកម្មល្អ ទើបអាចស្រូបទាញក្រុមអ្នកទេសចរណ៍មកកម្សាន្ត លម្ហែមិនចេះជិនណាយបែបនេះ។ លោកបានសង្កត់ធ្ងន់ថា បច្ចប្បន្នខេត្តកែប កាន់តែមានការទាក់ទាញ ដោយសារតែតំបន់ឆ្នេរមួយនេះ ត្រូវបានអាជ្ញាធរខេត្តជម្រុញការស្តានិងអភិវឌ្ឍន៍កាន់តែមានភាពលេចធ្លោគ្រប់កន្លែង ប៉ុន្តែទោះជាបែបនេះក្តី ដាច់ខាតត្រូវតែជម្រុញដល់ក្រុមអាជីវករក្នុងតំបន់ទាំងមូលឲ្យយល់ពីកាតព្វកិច្ចផ្នែកបម្រើសេវាកម្មទេសចរណ៍ឲ្យបានល្អប្រសើរឡើងថែមទៀត ដោយផ្សារភ្ជាប់នឹងសុវត្ថិភាពចំណីអាហារផងដែរ។ស្របពេលនេះដែរមហាជនទូទៅ ពិតជាបានផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំង ទាក់ទងនឹងទេសភាពដ៏ត្រកាលគ្មានពីររបស់រមណីយដ្ឋានឆ្នេរកែប ដោយគេបានលើកឡើងថា បើទោះជាជួបឧបសគ្គខ្លះៗដោយសារមានរថយន្តច្រើនស្អេកស្កះយ៉ាងនេះក្តីក៏ គេសុខចិត្តសម្រុកចូលមកទីនេះ ដើម្បីមកភ្លក្សរសជាតិអាហារសមុទ្រស្រស់ៗនៅខេត្តកែប និងបាននាំបងប្អូន កូនចៅមកលម្ហែ កម្សាន្តដើម្បីស្រូបយកខ្យល់បរិសុទ្ធនៅតំបន់ទេសចរណ៍ធម្មជាតិមួយនេះ ថែមទាំងបានផ្តិតយករូបភាពដ៏ស្រស់បំព្រង នៃព្រៃភ្នំ ទីប្រជុំកោះនានា និងទេសភាពជាច្រើនស្ថិតក្នុងតំបន់រមណីយដ្ឋានឆ្នេរកែបទាំងមូល។ម្យ៉ាងទៀតខេត្តកែបក្រៅពីជាប់ឈ្មោះជាឆ្នេរស្អាតដាច់គេ ក៏ជាប់ឈ្មោះជាផ្ការំដួលបីទង ថែមទាំងបានទទួលពានរង្វាន់និរន្តរភាពបរិស្ថានអាស៊ាន នៅប្រទេសប្រ៊ុយណេ លើសូចនាករចំនួនបី គឺដីស្អាត ទឹកស្អាត ខ្យល់ស្អាត ដែលជាពានរង្វាន់ដ៏ល្បីល្បាញក្នុងតំបន់អាស៊ី កាលពីថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ។ជាថ្មីម្តងទៀតគេបានព្យាករណ៍ទុកជាមុនថា ក្នុងពិធីបុណ្យសមុទ្រលើកទី៦ ជុំទី២នៅខេត្តកែប ដែលនឹងត្រូវប្រារព្វឡើងក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ នឹងមានមនុស្សចូលរួមប្រមាណ១លាននាក់ឯណោះ។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ