បណ្តុះបណ្តាលស្តីពីអនាម័យនិងសុវត្ថិភាពចំណីអាហារ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ
កែប ៖ ដើម្បីលើកកម្ពស់ការយល់ដឹងនូវគុណភាពអានាម័យម្ហូបអាហារ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខ នៅព្រឹកថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៧នេះ មន្ទីរទេសចរណ៍ខេត្តកែប សហការជាមួយមន្ទីរសុខាភិបាល បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីអានាម័យនិងសុវត្ថិភាពចំណីអាហារ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតី លោក ស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែប លោកសោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្ត និងលោក ប៊ុន យោង អនុប្រធានមន្ទីរសុខាភិបាលខេត្តកែប ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងក្រុមអាជីវករដែលលក់ដូរស្ថិតក្នុងតំបន់រមណីយដ្ឋាន ឆ្នេរកែបទាំងមូលផងដែរ។
ដោយផ្អែកតាមខ្លឹមសារនៃវគ្គបណ្តុះបណ្តាល ក៏បានបង្ហាញទិសដៅរួម ផ្តោតការសំខាន់ទៅលើកត្តាអនាម័យ និងសុវត្ថិភាពចំណីអាហារជាចម្បង និងផ្អែកតាមបទបង្ហាញ ស្តីពីផែនការនិងសកម្មភាពរបស់អង្គភាពអនុវត្តគម្រោងមន្ទីរទេសចរណ៍ឆ្នាំ២០១៧និងចំណារឯកភាពរបស់ លោក ទិត ចន្ថា ចុះថ្ងៃទី០៨ខែសីហា ឆ្នាំ២០១៧។ហើយនេះក៏ដើម្បីជួយលើកកម្ពស់ការយល់ដឹងឲ្យកាន់តែទូលំទូលាយនូវគុណភាពអនាម័យម្ហូប អាហារ និងសេវាកម្មភោជនីយដ្ឋាន អាហារដ្ឋានក្នុងក្រុងកែបឲ្យបានកាន់តែប្រសើរឡើងនាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅពេលខាងមុខនេះ។
លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែប បានលើកឡើងដោយជម្រុញដល់ក្រុមអាជីវករទាំងអស់ ត្រូវតែអនុវត្តតាមគោលការណ៍សំខាន់ៗរបស់អាជ្ញាធរនិងជំនាញ ហើយត្រូវចេះយល់ដឹងពីហានិភ័យផ្សេងៗ ដែលបណ្តាលមកពីកត្តាខ្វះអនាម័យ ពិសេសផ្នែកចំណីអាហារគ្រប់ជំពូកដែលកំពុងដាក់តាំងលក់ចែកចាយតាមតំបន់នៃរមណីយដ្ឋានខេត្តកែបយើងទាំងមូល។ធ្វើបែបនេះដើម្បីទាំងអស់គ្នា ព្រោះការយល់ដឹងស្តីពីអនាម័យ ពិតជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់ជួយទ្រទ្រង់សុខភាព និងសុខមាលភាព របស់មនុស្សទូទៅផងដែរ។
ដូច្នេះសង្ឃឹមថា ក្នុងពេលបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ បងប្អូនអាជីវករលក់ដូរតាមមាត់ឆ្នេរកែបឬតាមភោជនីយដ្ឋាន អាហារដ្ឋាននានា នឹងអនុវត្តគោលការណ៍ ដែលបានណែនាំខាងលើប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យស័ក្កសមជារមណីយដ្ឋានមានភាពបៃតង ស្រស់ស្អាតនិងជាទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន គឺដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ដែលខេត្តយើងទើបតែទទួលពានរង្វាន់ដ៏ល្បីល្បាញក្នុងប៉ែកអាសីុ នៅទីក្រុងដារ៉ូសាឡឹម នៃប្រទេសប្រ៊ុយណេកន្លងទៅនេះ ៕