កំពត ៖ សាលាខេត្តកំពត កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ២ខែ គឺខែកក្កដា -ខែសីហា និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិ ខេត្តចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងការគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តកំពត។កិច្ចប្រជុំនេះស្ថិត ក្រោម អធិបតីភាព លោកឧបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពត ព្រមទាំងមានការចូលរួមពី សំណាក់ លោក លោកស្រីសមាជិកក្រុមការងារ ថ្នាក់ជាតិ ខេត្ត និងអាជ្ញាធរក្រុង ស្រុកផងដែរ។នៅក្នុងកិច្ចប្រជុំ លោក ចាន់ ចេស្ដា អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើរបាយការណ៍អោយដឹងថា៖ ក្នុងរយៈពេល ២ខែគឺខែកក្កដា និងខែកញ្ញា ឆ្នាំ២០១៧នេះ ការរៀបចំវេទិកាសាធារណៈរបស់ក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ក្រុង ស្រុក ទាំង៨របស់ខេត្តកំពត ដើម្បីស្វែងរកតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុង ឃុំ សង្កាត់មានចំនួនសរុប ២២លើក ស្មើ២១ឃុំ សង្កាត់។ ក្នុងនោះការការចូលរួមពីក្រុមការងារមានចំនួន ៥១១នាក់ និងមានប្រជាពលរដ្ឋចូលរួមចំនួន ៣២៥០នាក់ ដោយប្រមូលបានបញ្ហាសំណូមពរចំនួន១១៦ករណី(រឿងថ្មី៩៣ករណី និងប្រភេទរឿងចាស់២២ករណី)។ ចំពោះបញ្ហាការដោះស្រាយបានចំនួន៦៦ករណី (រឿងថ្មី៦១ករណី និងរឿងចាស់០៥ករណី)។ហើយ កំពុងបានដោះស្រាយមានចំនួន៤៧ករណី(រឿងថ្មី៤០ករណី និងរឿងចាស់០៧ករណី) និងនៅមានសេសសល់មិនទាន់ដោះស្រាយបាន មានចំនួន០៣ករណី(រឿងថ្មី០២ករណីនិងរឿងចាស់០១ករណី)។ក្នុងឱកាសនោះ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធបានមានប្រសាសន៍ក្នុងកិច្ចប្រជុំ នេះដោយ សំដែងការកោតសរសើរចំពោះសមាជិកក្រុមការងារទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងការគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តកំពត កន្លងមកទទួលបានលទ្ធផលល្អប្រសើរ និងបានចាត់ទុក វេទិកាសាធារណៈថ្នាក់ជាតិដែលក្រុមការងារ បានអនុវត្តកន្លងមកនេះ គឺនៅតែបន្តមានសារៈសំខាន់ដដែល។ ព្រោះថាវេទិកាសាធាណៈនេះគឺជាឧបករណ៍ក្នុងការចុះជួបជាមួយប្រជាពលរដ្ឋដើម្បីស្វែងរកតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានព្រមទាំងដោះស្រាយរាល់បញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។ ដូច្នេះមន្ត្រីក្រុមការងារទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់ជម្រុញចុះធ្វើវេទិកាសាធារណៈនេះអោយបានខ្លាំងក្លាបន្ថែមទៀត។ ក្នុងគោលបំណង ដើម្បីស្វែងយល់ ពីសុខទុក្ខលំបាក ក្ដីកង្វល់ បញ្ហាការប្រឈមនិងសំណូមពរនានា ព្រមទាំងខិតខំដោះស្រាយរាល់ការលំបាកផ្សេងៗ សំដៅជម្រុញល្បឿននៃការអភិវឌ្ឍន៍ប្រទេសជាតិឈានឆ្ពោះទៅកាន់ភាពរីកចម្រើន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋអោយមានប្រសិទ្ធភាព និងប្រសិទ្ធផល ៕ណារិទ្ធ
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ