មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ចំនួន០៨រូប ត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ចថ្មី
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ចំនួន០៨រូប ត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ចថ្មី នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ហ៊ម សារ៉ាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលប្រព្រឹត្តទៅនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្ត ។
មន្ត្រីរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ចំនួន០៨នាក់ ដែលប្រកាសតែងតាំង និងប្រគល់ភារកិច្ចមានដូចជា៖ លោក អ៊ុំ វណ្ណសុភៈ អតីតនាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ ជានាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី លោក ឈួន សេរីវឌ្ឍន៏ ជានាយរងខណ្ឌរដ្ឋបាលព្រៃឈើ លោក អ៊ូ សុភក្តី ជានាយរងខណ្ឌរដ្ឋបាលព្រៃឈើ លោក គង់ វីរៈ ជានាយផ្នែករដ្ឋបាលព្រៃឈើកោះញែក លោកជ័យ សុខា ជានាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ លោក លន់ បញ្ញា ជានាយរងផ្នែករដ្ឋបាលព្រៃឈើកោះញែក លោក នុត អុន ជានាយរងផ្នែកសែនមនោរម្យ លោក គីម សារឿន ជានាយរងផ្នែករដ្ឋបាលព្រៃឈើកែវសីមា។
ឯកឧត្តម ហ៊ម សារ៉ាវុធ អនុប្រធានរដ្ឋបាលព្រៃឈើបានថ្លែងថា ការផ្លាស់ប្តូរនូវតួនាទីនឹងភារៈកិច្ចរបស់មន្ត្រីជំនាញ គឺជាការពង្រឹងនូវការអនុវត្តន៏ច្បាប់ឲ្យកាន់តែមានប្រសិទ្ឋភាពការងារ។តែក៏មិនមែនថា អ្នកចាស់ធ្វើការមិនល្អនោះដែរ ព្រោះរាល់ការងារភារៈកិច្ចរបស់មន្ត្រីរាជការតែងមានការផ្លាស់ប្តូរទៅតាមពេលវេលានឹងគោរពទៅតាមច្បាប់ប្រទេសកម្ពុជា។
ថ្លែងនាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក អ៊ុំ វណ្ណសុភៈ ដែលទើបតែឡើងតួនាទីថ្មី ក៏ដូចជានាយរង នាយផ្នែក និងនាយរងផ្នែកទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ត្រូវរួមសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ក្នុងខេត្ត ក្នុងការចូលរួមរក្សាអោយបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដោយទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ អោយបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ ឯកឧត្តម មន្ត្រីជំនាញទាំងអស់ ត្រូវមានការអនុគ្រោះផងដែរ ចំពោះប្រជាពលរដ្ឋក្រីក្រ ដែលខ្វះខាតឈើសម្រាប់សាងសង់ផ្ទះ ហើយមុននឹងអនុញ្ញាតអោយ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ពីតម្រូវការរបស់ពួកគាត់ និងមានការឯកភាពពីអាជ្ញាធរមូលដ្ឋានជាមុនសិន ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ និងអាចកាត់បន្ថយភាពក្រីក្រផងដែរ ។
លោក អ៊ុំ វណ្ណសុភៈ បានឡើងមានមតិប្តេជ្ញាចិត្តថា បន្តត្រូវអនុវត្តនូវតួនាទី ភារកិច្ចឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវចំពោះមុខច្បាប់ បន្តការអនុវត្តច្បាប់ព្រៃឈើ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី បន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីឲ្យការប្រើប្រាស់អនុផលព្រៃឈើប្រកបដោយចីរភាព បន្តប្រឹងប្រែង អប់រំប្រជាពលរដ្ឋ និងដាំកូនឈើឡើងវិញ ជាពិសេស ត្រូវសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាពឲ្យបានល្អ ព្រមទាំងជម្រុញលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ឲ្យខិតខំបំពេញការងារតាមតួនាទី ភារកិច្ច និងការអនុវត្តការងារឲ្យមានប្រសិទ្ធភាព៕