ឃាត់ខ្លួនក្រុមទំនើង១០នាក់ ពីបទវាយបំផ្លាញអំពូលភ្លើងនិងផ្លាកយីហោក្លឹបដ្រាហ្គិនក្នុងក្រុងកំពត
កំពត ៖ ក្រុមជនទំនើង ចំនួន១០នាក់ ដែលធ្វើសកម្មភាពអុកឡុកដោយវាយបំផ្លាញអំពូលភ្លើងនិងវាយកំទេចផ្លាកយីហោ ក្លឹបដ្រាហ្គិន បង្កការភ័យខ្លាចដល់មហាជនក្នុងក្រុងកំពតនោះ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាប កាលពីវេលាម៉ោង២៣យប់ ថ្ងៃទី២៧ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត។
ទាក់ទិននឹងការបង្ក្រាបក្មេងទំនើងខាងលើ លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាររង និងជាប្រធានមន្ទីរយុតិ្តធម៌កងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីម្ចាស់ក្លឹបរាល់សកម្មភាពវាយបំផ្លាញអំពូលភ្លើងនិងផ្លាកយីហោដ្រាហ្គិន និងដោយមានការបញ្ជាផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តផង ទើបលោកចាត់កំលាំងជំនាញឲ្យចុះទៅបង្ក្រាបក្រុមទំនើងទាំង១០នាក់មកសាកសួរតែម្តង។លោកបានបញ្ជាក់ថា ក្រុមទំនើងខាងលើមិនដឹងជាខឹងជាមួយអ្នកណាទេ សុខៗក៏នាំគ្នាទៅវាយបំបែកអំពូលភ្លើង ហើយមិនអស់ចិត្តក៏បន្តទៅវាយកំទេចផ្លាកយីហោក្លឹបដ្រាហ្គិនថែមទៀត។
លោកបានឲ្យដឹងផងដែរថា ក្រុមទំនើងទាំង១០នាក់ រួមមាន៖ទី១.ឈ្មោះ យស ចាន់ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំមុខរបរកម្មករ ទី២.ឈ្មោះ កិញ សុភឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ ទី៣.ឈ្មោះ ផន វ៉ាន់ដា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ ទី៤.ឈ្មោះ ថេង ចាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ទី៥.ឈ្មោះ គឹម ទិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ ទី៦.ឈ្មោះ គឹម ចាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ទី៧.ឈ្មោះ មឿន សុខមូស ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ ទី៨.ឈ្មោះ លី រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ទី៩.ឈ្មោះ សូ រុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ និងទី១០.ឈ្មោះ អ៊ុន សំអឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ។ជាមួយនឹងការឃាត់ខ្លួនកម្លាំងក៏បានដកហូតវត្ថុតាងសម្ភារៈសម្រាប់ធ្វើសកម្មភាពមួយចំនួន ដូចជា៖ ដំបងឈើចំនួន២ដើម កាំបិតផ្គាក់ចំនួន២ដើម បំពង់ទីប១ដើមនិងរថយន្តម៉ាកកូរ៉េគ្មានស្លាកលេខមួយគ្រឿងផងដែរ។
បច្ចុប្បន្នក្រុមជនទំនើងទាំង១០នាក់ត្រូវបានកម្លាំងមន្ទីរយុតិ្តធម៌កងរាជអាវុធហត្ថខេត្តកំពត កំពុងចាត់ការតាមនីតិវិធីហើយ៕