ម៉ូតូពីរគ្រឿងព្រលះគ្នា មនុស្សបីនាក់របួសធ្ងន់ដេកក្នុងថ្លុកឈាម សល់តែដង្ហើមចង្រិត
កំពត ៖ ការបើកបរមិនគោរពច្បាប់ ឬបើកបរក្នុងស្ដានភាពប្រជែង ពិតជាផ្តល់មកវិញនូវភាពសោកសង្រេងជៀសមិនផុតឡើយ។យ៉ាងណាមិញគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ដែលកើតឡើងកាលពីវេលាម៉ោង២០និង៤៥នាទីយប់ ថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៣១នោះ ពិតជាបានធ្វើឲ្យមនុស្សបីនាក់រងរបួសយ៉ាងតំណំ គឺសល់តែដង្ហើមចង្រិតប៉ុណ្ណោះ ហើយអ្នកណាខុសឬត្រូវពុំទាន់ដឹងទេព្រោះតែអ្នកទាំងបី ស្ថិតក្នុងស្ថានភាពយ៉ាប់បំផុត។
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចក្នុងតំបន់ បានឲ្យដឹងថា កាលពីវេលាដូចខាងលើ មានម៉ូតូពីរគ្រឿង បើកបរសុទ្ធតែប្រើល្បឿនខ្លាំងដូចគ្នា មួយគ្រឿងម៉ាកC125និងមួយគ្រឿងទៀត ម៉ាកSmash V ដោយម៉ូតូ២គ្រឿងនេះមានអ្នកជិះ៣នាក់ សុទ្ធតែប្រុសៗ ស្រាប់តែមកដល់ចំណុចកើតហេតុ ម៉ូតូទាំង២ក៏បុកគ្នាចំពីមុខពេញទំហឹងលាន់ឮសូរដូចរន្ទះបាញ់៨ទិស ដោយខណៈនោះភាគីទាំងសងខាងបានដេកដួលរដូករណែលក្នុងថ្លុកឈាមពេញទ្រូងផ្លូវ ម្នាក់ៗសល់តែដង្ហើមចង្រិត ពោលគឺសន្លប់ស្តូកទាំងបីនាក់តែម្តង។
ប្រភពពីសមត្ថកិច្ចដដែលបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំងបីនាក់ សមត្ថកិច្ចបានស្រាវជ្រាវស្គាល់ឈ្មោះតែម្នាក់ប៉ុណ្ណោះ គឺអ្នកបើកម៉ូតូម៉ាកC125សេរី២០១០គ្មានស្លាកលេខ ឈ្មោះ សាម ស៊ុង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិប្រកសៀម ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ចំណែកជនរងគ្រោះពីរនាក់ទៀត ដែលជិះម៉ូតូSmash V ពាក់ស្លាកលេខ កំពត1G-5071អត់ស្គាល់អត្តសញ្ញាណទេដោយសារគាត់សន្លប់ឈឹងទៅហើយ។ប៉ូលិសនិយាយទៀតថា នេះជាគ្រោះថ្នាក់ផ្តើមដោយសារការបើកបរមិនគោរពច្បាប់ មិនចេះយោគយល់គ្នា និងការប្រើល្បឿនលើសកំណត់ ទើបងាយប្រឈមនឹងគ្រោះថ្នាក់បែបនេះ។
យោងតាមប្រភពដាច់ដោយឡែកបានឲ្យដឹងថា មុនពេលជួបហេតុការណ៍ដ៏អាក្រក់នេះ គេឃើញអ្នកជិះម៉ូតូC125ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនគួរឲ្យខ្លាច លុះមកដល់ចំណុចគ្រោះថ្នាក់ ក៏វាក់អើជាមួយម៉ូតូSmashដែលជិះគ្នាពីរនាក់សុទ្ធតែជិះលឿនដូចគ្នាក្នុងទិសដៅបញ្ច្រាស់ ស្រាប់តែមិនដឹងយ៉ាងម៉េច ក៏រេចង្កូតចូលគ្នារួចព្រលះគ្នាប្រាវបណ្តាលឲ្យដេកសន្លប់ឈឹងក្នុងថ្លុកឈាម សល់តែដង្ហើមចង្រិតទាំងបីនាក់បែបនេះទៅ ។
បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរខាងលើនេះ នគរបាលស្រុកក៏បានទាក់ទងហៅរថយន្តដឹកជនរងគ្រោះទាំងបីនាក់ ទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យខេត្តតាកែវភ្លាមៗ ។
ដោយឡែក ម៉ូតូទាំងពីរគ្រឿង សមត្ថកិច្ចអូសយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យសម្រាប់ដោះស្រាយគ្នានៅពេលក្រោយ៕