សំណេះសំណាលនិងពង្រឹងអភិបាលកិច្ចល្អជាមួយមន្ត្រីមន្ទីរការងានិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប
កែប ៖ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប នៅព្រឹកថ្ងៃទី០២ខែសីហា ឆ្នាំ២០១៧នេះ បានធ្វើពិធីសំណេះសំណាលនិងពង្រឹងអភិបាលកិច្ចល្អ រវាងមន្ត្រីរាជការក្នុងជួរអង្គភាព ក្រោមវត្តមាន លោកកាន់ ម៉ន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហែរហមដោយសការីជាច្រើនរូប។ពិធីនេះក៏មានការចូលរួមពីសំណាក់ លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប និងលោក លោកស្រីជាប្រធាន អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធនានាផងដែរ។
លោកឌិត ឡាយហ៊ាក ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានឲ្យដឹងថា ដោយអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ(ឆ្នាំ២០១៤-២០១៨)ផែនការអភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ ២០១៥-២០១៩សម្រាប់ឆ្លើយតបយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា។មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានដាក់ចេញនូវយុទ្ធសាស្ត្របី រួមមាន៖១-ការបង្កើនការងារ ធានាលក្ខខណ្ឌការងារល្អប្រសើរនិងពង្រឹងបេឡាជាតិរបបសន្តិសុខសង្គម ទី២-ជម្រុញការផ្ទេរ អភិវឌ្ឍន៍មជ្ឈមណ្ឌលនិងផ្តល់សេវាអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈជូនប្រជាពលរដ្ឋ ទី៣-ពង្រឹងអភិបាលកិច្ចល្អ និងពង្រីកសមភាពយេនឌ័រ។
លោកសោម ពិសិដ្ឋ អភិបាលរងខេត្តកែប ទទួលបន្ទុកមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ ដោយជ្រើសយកប្រធានបទសំខាន់ៗថា ដើម្បីធ្វើឲ្យមន្ទីរអង្គភាពជំនាញកាន់តែរីចម្រើន គួរតែជម្រុញដល់មន្ត្រីឲ្យយល់ពីច្បាប់និងលក្ខខណ្ឌការងារ និងពង្រឹងបន្ថែមនូវចំណេះដឹង ផ្សេងៗក៏ដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំ ពិសេសសហការនិងរឹតចំណងសាមគ្គីភាពក្នុងអង្គភាពឲ្យបានទូលំទូលាយ។
ថ្លែងសំណេះសំណាលក្នុងឱកាសនោះ លោក កាន់ ម៉ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសង្កត់ធ្ងន់ថា ជាទូទៅក្រសួងការងារ តែងតែបង្កើតនូវកម្មវិធីឬវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់មន្ត្រីថ្នាក់ក្រោមសម្រាប់យកទៅអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់។ជាមួយនេះ ដើម្បីពង្រឹងអភិបាលកិច្ចល្អ គប្បីមន្ត្រីរាជការក្នុងជួរអង្គភាព ត្រូវតែបន្តខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត សម្រាប់ទទួលយកបទពិសោធន៍ការងារយកទៅអនុវត្តន៍បានជោគជ័យ ស្របតាមគោលការណ៍របស់ក្រសួង ក៏ដូចជាទិសដៅដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ៕