មន្ទីរធនធានទឹកនិងឧតុនិយម កំពុងកសាងជួសជុល ទំនប់អាងស្តុបទឹក ២កន្លែង
ខេត្តឧត្តរមានជ័យ៖នៅ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ប្រធាន មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តឧត្តរមានជ័យ ដឹកនាំកម្លាំង កសាងជួសជុល ទំនប់អាងស្តុបទឹក ២កន្លែង ដែលរងកាខូចខាតដោយសារទឹកជំនន់ នៅស្រុកត្រពាំងប្រាសាទ និង ស្រុកអន្លង់វែង ។
លោក ញឹក គួន ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ បាននិយាយប្រាប់នៅថ្ងៃទី១ខែសីហាថា ជំនន់ទឹកភ្លៀងវាយប្រហារលើភូមិសាស្ត្រស្រុកពីកាលថ្ងៃទី២៦ .២៧ .២៨ខែកក្កដា ឆ្នាំ២០១៧កន្លងមក មិនត្រឹមតែមានការជន់លិច លើលំនៅឋាននិងដំណាំកសិកម្មរបស់កសិកររងការខូចខាតនោះទេ ថែមទាំងបំផ្លាញទំនប់អាងស្តុបទឹក ចំនួន២ទីតាំងថែមទៀត មានប្រវែងចំនួន៨០០ម៉ែត្រ គឺនៅស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែង ។ ហើយក្រោមការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងការគ្រប់គ្រងគ្រោះទឹកជំនន់ទឹកភ្លៀង បញ្ជាដល់ក្រុមការងាររបស់ក្រសួងនិងមន្ត្រីមន្ទីធនធានទឹកឧតុនិយមខេត្តឧត្តរមានជ័យ ខណ:ជំនន់ទឹកចាប់ផ្តើមស្រកបណ្តើរៗ នៅល្ងាចថ្ងៃទី ២៨ ខែកក្កដា កន្លងមក ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការជួសជុលឡើងវិញជាបន្ទាន់នូវបណ្តាអាងស្តុបទឹកដែលរងការខូចខាត ដោយសារទឹកជំនន់ ដើម្បីថែរក្សាទឹកទុកសម្រាប់ បម្រើអោយការបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ ។
លោកបានបន្តថា បណ្តាទំនប់អាងស្តុបទឹក ដែលមន្ត្រីក្រុមការងារក្រសួងនិងមន្ត្រីមន្ទីធន់ធានទឹកបានកំពុងដំណើរការជួសជុលនាពេលនេះ រួមមាន ១/ទំនប់អាងស្តុបទឹក ០៥ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទរងការខូចខាតមានប្រវែង២០០ម៉ែត្រនិងទី២/ទំនប់អាងស្រុបទឹកតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ប្រវែងចំនួន៦០០ម៉ែត្រ និងការជុសជុលបង្កាន់ដៃស្ពានឆ្លងកាត់ព្រែកជីក ដែលបានបាក់ខូចខាតដោយទឹកជំនន់ ក៏ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការជួសជុលឡើងវិញផងដែរ ។