តម្លៃសាច់ជ្រូកក្នុងទីផ្សារធ្លាក់ចុះយ៉ាងកំហុគខណៈមានពាក្យចចាមអារាមរឿងពុលសាច់ជ្រូក
កំពត ៖ នេះជាការភ្ញាក់ផ្អើលមិនធ្លាប់មាន ដោយសារតែទីផ្សារសាច់ជ្រូកត្រូវដាំក្បាលធ្លាក់ដ៏កំហុគ ហើយករណីបែបនេះ បានកើតឡើងខណៈមានពាក្យចចាមអារាមមានអ្នកកើតជម្ងឺឈឺពោះនិងរាករូស ដោយសារបរិភោគសាច់ជ្រូកជាអាហារ កាលពីព្រឹកថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ។
ទាក់ទិននឹងបញ្ហាខាងលើនេះ ផ្នែកជំនាញក៏មិនទាន់បានឆ្លើយតបឬបង្ហាញពីហេតុផលណាមួយ សម្រាប់ស្រាយចម្ងល់ជូនមហាជននៅឡើយទេដោយគ្រាន់តែលើកឡើងថា ការនាំចូលប្រភេទសត្វជ្រូកសុទ្ធតែមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវពពីក្រុមជំនាញបសុពេទ្យ។ដោយឡែកក្រុមអាជីវករលក់សាច់ជ្រូកជាច្រើនក្នុងផ្សារនិមួយៗនៃខេត្តកំពត បាននិងកំពុងព្រួយបារម្មណ៍យ៉ាងខ្លាំង ពីការធ្លាក់ចុះតម្លៃសាច់ជ្រូកយ៉ាងកំហុគស្ទើស្មានមិនដល់ ហើយប្រការសំខាន់អ្នកលក់សាច់ជ្រូកដែលទិញពីទ្រុងចិញ្ចឹមក្នុងស្រុក ពិតជាប្រឈមនឹងការខាតបង់ ដរាបណានៅតែមានជ្រូកវៀតណាមចូលមកអុកឡុកក្នុងទីផ្សារដូចសព្វថ្ងៃនេះ។ម្យ៉ាងទៀតបន្ទាប់ពីមានលេចឮរឿងរ៉ាវដូចខាងលើ ធ្វើឲ្យប្រជាពលរដ្ឋខ្លាចរអាមិនហ៊ានទិញសាច់ជ្រូកទៅធ្វើម្ហូបទៀតដែរ បើទោះជាសាច់ជ្រូកលក់ក្នុងតម្លៃថោកបែបណាក៏ដោយ។
ទោះជាមានករណីយ៉ាងនេះក្តី មហាជនក៏បានផ្តោតការសង្ស័យទៅលើស្ថាប័នជំនាញ ដែលចេះតែបណ្តែតបណ្តោយឲ្យមានការនាំចូលជ្រូកពីប្រទេសជិតខាង ដូចជាថៃ វៀតណាមជាដើម ហើយប្រការទាំងនេះនឹងបានធ្វើឲ្យទីផ្សារជ្រូកក្នុងប្រទេសកម្ពុជាមានតម្លៃធ្លាក់ចុះយ៉ាងខ្លាំង។ជាមួយគ្នានេះ ការលេចឮករណីប៉ះពាល់សុខភាពដោយសារការបរិភោគសាច់ជ្រូកនោះ ខ្លាចតែជារឿងវិច្ឆេទកម្មសេដ្ឋកិច្ច ផ្តើមចេញពីបុគ្គលមួយចំនួន ដែលមានបំណងធ្វើឲ្យមានភាពចលាចលនិងទម្លាក់តម្លៃសាច់ជ្រូកដែលកសិករចិញ្ចឹមក្នុងស្រុកក៏អាចថាបាន ។
លើសពីនេះ ការបរិភោគម្ហូបអាហារធ្វើអំពីសាច់ជ្រូកបណ្តាលឈឺពោះឬរាករូស អាចមកពីការធ្វើឬចំអិនដោយគ្មានអនាម័យនិងការបរិភោគសាច់ជ្រូកក្លាស្សេយូរថ្ងៃ ក៏ជាបញ្ហាប្រឈមមួយដែរ។ម្យ៉ាងទៀតប្រជាពលរដ្ឋភាគច្រើនដែលមានជីវភាពខ្សត់ខ្សោយ ពេលទិញសាច់ជ្រូកធ្វើម្ហូប ចង់បានតែតម្លៃថោក ដើម្បីយកសាច់មកចំអិនជាអាហារទទួលទាន ដោយមិនគិតថានឹងមានហានិភ័យកើតឡើងបែបនេះទេ។
ពាក់ព័ន្ធនឹងបញ្ហាប្រឈមខាងលើកន្លងមក លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្មខេត្តកំពត ក៏បានកោះប្រជុំផ្សព្វផ្សាយ និងដាក់បម្រាមដាច់ខាតមិនឲ្យមានការនាំចូលជ្រូកមកពីប្រទេសវៀតណាម ហើយក៏បានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធជួយសហការទប់ស្កាត់ផងដែរ។
ចំពោះបទបញ្ជាដ៏ម៉ឺងម៉ាត់របស់មន្ទីរកសិកម្មនេះដែរ គេក៏ចាំមើលថា ជំនាញថ្នាក់ក្រោមមានវិធានការបែបណា បើពេលថ្មីៗនេះនៅតែលេចឮការចរាចរណ៍សត្វជ្រូកពីវៀតណាមមកលក់ក្នុងទីផ្សារនៃតំបន់ខេត្តកំពត តែដដែលនោះ ៕