បិទវគ្គបណ្តុះបណ្តាលកាត់ដេរ វគ្គទី១និងបើកវគ្គបណ្តុះបណ្តាលកាត់ដេរ វគ្គទី២ សម្រាប់ឆ្នាំ២០១៧
កែប ៖ នៅព្រឹកថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០១៧នេះ លោក កែន សត្ថា អភិបាលខេត្តកែប បានចូលរួមបិទវគ្គបណ្តុះបណ្តាលកាត់ដេរ វគ្គទី១និងបន្តបើកវគ្គបណ្តុះបណ្តាលកាត់ដេរ វគ្គទី២សម្រាប់ឆ្នាំ២០១៧។
ពិធីនេះបានរៀបចំដោយមន្ទីរកិច្ចការនារីខេត្តកែប និងមានការចូលរួមដ៏ច្រើនកុះករ ពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញទូទាំងខេត្ត រួមនឹងក្រុមកាត់ដេរក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីខេត្តកែបផងដែរ។
តាមរបារណ៍ការណ៍របស់ លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្តកែប បញ្ជាក់ថា វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរសម្រាប់វគ្គទី១ឆ្នាំ២០១៧ ក្រោមការឧបត្ថម្ភកម្មវិធីរបស់រាជរដ្ឋាភិបាល នៃក្រសួងកិច្ចការនារី មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីខេត្តកែប បានដំណើរការបើកវគ្គបណ្តុះបណ្តាលជំនាញកាត់ដេរ រយៈពេល៥ខែកន្លះ គឺចាប់ពីថ្ងៃទី១៦ខែមករា ដល់ថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០១៧ ដែលមានសិស្សសរុប៥០នាក់ ដោយបានបែងចែកជា២កន្លែង គឺនៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ និងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ហើយការសិក្សាមានរយៈពេល៥ថ្ងៃក្នុង១សប្តាហ៍ គឺពីថ្ថៃច័ន្ទដល់ថ្ងៃសុក្រ និងអនុវត្ត១ថ្ងៃ៨ម៉ោងជាកំហិត។
ក្នុងឱកាសបិទ និងបើកបន្តវគ្គបណ្តុះបណ្តាលជំនាញកាត់ដេរនេះ លោកកែន សត្ថា អភិបាលខេត្ត បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលជំនាញកាត់ដេរនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ស្ថានភាពស្ត្រីក្នុងវិស័យសេដ្ឋកិច្ច សំដៅឈានទៅរកការបង្កើនប្រាក់ចំណូល ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងការងារសង្គម។ហើយកិច្ចការទាំងអស់ស្ថិតក្នុងបុព្វហេតុនៃការរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រាប់ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារ ការកេងប្រវ័ញ្ចគ្រប់រូបភាពលើស្ត្រីនិងកុមារ រក្សាគុណតម្លៃមនុស្សក៏ដូចជាពន្លឿនការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ក្នុងស្មារតីនេះយើងត្រូវបន្តចូលរួមចំណែកពង្រឹងអភិបាលកិច្ច និងការផ្តល់សេវាសង្គមកិច្ច ធ្វើឲ្យប្រជាពលរដ្ឋរស់នៅ មានចំណេះដឹង និងជំនាញហើយដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិមានឲ្យកាន់តែរីកចម្រើន។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានពាំនាំនូវថវិកាមួយចំនួន និងផ្តល់សម្ភារៈជាម៉ាសីុនដេរដល់សិស្សដែលបានបញ្ចប់ការបណ្តុះបណ្តាលវគ្គទី១ ម្នាក់១គ្រឿងសម្រាប់ជាទុនក្នុងរបរជំនាញរបស់ខ្លួន និងផ្តល់បន្ថែមនូវម៉ាសីុនដេរដ៏ថ្មីសន្លាងចំនួន២០គ្រឿងទៀត សម្រាប់សិស្សនៅវគ្គទី២ ដែលកំពុងបន្តសិក្សាក្នុងពេលនេះ ៕