ប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារីខេត្តកែប
កែប ៖ នៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តកែប បានរៀបចំពិធី ប្រកាសតែងតាំងចូលកាន់មុខតំណែង ប្រធានមន្ទីរកិច្ចការនារី ខេត្តកែប ក្រោមវត្តមានដ៏ខ្ពង់ខ្ពស លោកស្រី វេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ ពិធីនេះក៏មានការចូលរួមពីសំណាក់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ហែរហមដោយប្រតិភូមកពីក្រសួងកិច្ចការនារី អភិបាលរងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពទូទាំងខេត្ត អាជ្ញាធរ ក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ចូលរួមយ៉ាងច្រើនកុះករផងដែរ។
បន្ទាប់ពីប្រកាសចូលកាន់មុខតំណែង លោកស្រី អ៊ូ សុគន្ធី ដែលជាប្រធានមន្ទីរកិច្ចការនារីខេត្តកែប ក៏បានប្តជ្ញាចិត្តថា នឹងខិតខំបំពេញកាតព្វកិច្ចជាអ្នកដឹកនាំល្អក្នុងអង្គភាព ដោយអនុវត្តតាមតួនាទី ភារកិច្ចនិងទិសដៅរបស់ថ្នាក់លើប្រគល់ជូន ពិសេសខិតខំពង្រឹងសមត្ថភាពដឹកនាំ និងបន្តសហការជាមួយបណ្តាមន្ទីរអង្គភាពនានា ដើម្បីអនុវត្តន៍ការងារទទួលបានប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោកកែន សត្ថា អភិបាលខេត្តកែបបានក្រើនរំលឹក ដល់លោកស្រីប្រធានមន្ទីរ ដែលប្រកាសចូលកាន់តំណែងនាពេលនេះ ត្រូវខិតខំអនុវត្តន៍ការងារតាមឋានៈនិងតួនាទី ដោយប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ សមជាថ្នាក់ដឹកនាំល្អ ប្រកបដោយគុណសម្បតិ្តខ្ពស់ សម្រាប់ជួយលើកកម្ពស់ដល់ស្ត្រី ពិសេសពង្រឹងវិស័យយេនឌ័រឲ្យកាន់តែមានអទិភាពខ្ពស់ផងដែរ។
ឆ្លើយតបនឹងប្រធានបទសំខាន់ៗនេះ លោកស្រី វិជ្ជបណ្ឌិត អឹុង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ផ្តាំផ្ញើរ សូមឲ្យប្រធានមន្ទីរកិច្ចការនារី ដែលទទួលមុខតំណែងថ្មី បន្តអនុវត្តន៍កាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ត្រូវពង្រឹងសមត្ថភាពបន្ថែម ត្រូវចេះសាមគ្គីភាពជាធ្លុងមួយ ត្រូវចេះទទួលខុសរាល់កិច្ចការទាំងពួង ដើម្បីដឹកនាំអង្គភាពមានការរីកចម្រើន ជាលំដាប់៕