លោក ស្រី ស្រ៊ីចាន់ អេង អនុប្រធានមន្ទីរព័ត៌មានខេត្ត ត្រូវបានប្រកាសតែងតាំង ជាប្រធានមន្ទីរ ជំនួសលោក គង់ដួង ដែលត្រូវចូលនុវត្តន៍
នៅសាលាខេត្តប៉ៃលិនព្រឹកថ្ងៃទី២៧កក្កដាឆ្នាំ២០១៧ មានរៀបចំពិធីប្រកាសតែងតាំងប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោក ជំទាវ ទេពរង្ស៊ីនិងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កើត សុធា អភិបាលនៃ គណៈអភិបាលខេត្ត ឯកឧត្តម ឡី ចាន់ ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថា្នក់ដឹកនាំ មន្ត្រីរាជការ អង្គភាពមន្ទីរស្ថាប័នជំវិញខេត្តផងដែរ។
បន្ទាប់ពីលោក គង់ ដួង អតិតៈប្រធានមន្ទីរព័ត៌មានធ្វើរបាយការពីសមិទ្ធផលនានាដែលមន្ទីរព័ត៌មានខេត្តបានខិតខំប្រឹងប្រែងបំពេញការងារលើវិស័យព័ត៌មានបានរីកចំរើនមកដល់សព្វថ្ងៃនេះរួចមក លោក កង សុវណ្ណ ប្រធាននាយកដ្ឋានបុគ្គលិកក្រសួងព័ត៌មានអានសេចក្តីប្រកាសត្រូវបានតែងតាំង លោក ស្រី ស្រ៊ីចាន់ អេង ជាប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ជំនួសលោក គង់ដួង ដែលត្រូវចូលនុវត្តន៍។ ចំណែកប្រធានមន្ទីរចាស់ លោក គង់ ដួង ត្រូវបានប្រកាសដាក់ឱ្យចូលនិវត្តន៍ និងក៏ប្រកាស លោក ជាទីប្រឹក្សាក្រសួងព័ត៌មាន មានឋានៈស្មើនិងអគ្គនាយកដ្ឋាន ផងដែរ។
លោក ស្រី ស្រ៊ីចាន់ អេង ប្រធានមន្ទីរថ្មីប្តេជ្ញាចិត្ត ខិតខំអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង យកចិត្តទុកដាក់បំពេញភារកិច្ចដោយទទួលខុសត្រូវខ្ពស់បំផុត ដើម្បីបំរើសេវាប្រព័ន្ធផ្សព្វផ្សាយជូនប្រជាពលរដ្ឋអោយបានល្អ និងខិតខំពង្រឹងសាមគ្គី ឯកភាពផ្ទៃក្នុងជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍កោតសរសើដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរព័ត៌មានទាំងអស់ដែលបានខិតខំបំពេញការងារកន្លងមកធ្វើអោយប្រព័ន្ធផ្សព្វផ្សាយនៅខេត្តប៉ៃលិនរីកចំរើនឡើងជាលំដាប់។
ដូច្នេះការតែងតាំងប្រធានមន្ទីរថ្មីពេលនេះគឺជាអំរែកមួយដ៏ធ្ងន់ដែលប្រធានមន្ទីរថ្មីត្រូវយកចិត្តទុកដាក់ពង្រីកការងារផ្សព្វផ្សាយអោយដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបានយល់ដឹងពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងព្រឹត្តការថ្មីៗដែលកើតឡើងក្នុងប្រទេសនិងក្រៅប្រទេស។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងជម្រុញឱ្យអ្នកសារព័ត៌មានត្រូវយកព័ត៌មាននិងផ្សព្វផ្សាយព័ត៌មានពិតត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ ដើម្បីផ្តល់ជំនឿទុកចិត្តពីមហាជនទូទៅ ពីព្រោះបើកាលណាការផ្សព្វផ្សាយព័ត៌មានមិនសច្ចធម៌និងធ្វើអ្វីខុសពីការពិតនាំឱ្យមន្ត្រីសារព័ត៌មាននោះមានការបាត់បង់ជំនឿទុកចិត្តពីមហាជនកាន់តែខ្លាំងឡើង។គ្រាដែលក្នុងសម័យបច្ចេកវិទ្យាជឿនលឿននាពេលបច្ចុប្បន្នគេមើលឃើញថា ការផ្សព្វផ្សាយព័ត៌មានមួយចំនួនជាពិសេសតាមបណ្តាញសង្គមហ្វេសប៊ុកមានព័ត៌មានខ្លះបានសរសេរបង្ហោះបង្កឱ្យបំពុលសង្គមជាដើមនោះ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា នៅក្នុងសង្គមប្រជាធិបតេយ្យ មន្ត្រីព័ត៌មាន មានតួនាទី ត្រូវសរសេរចាក់ឲ្យចំបេះដូងនិងខួរក្បាលប្រជាពលរដ្ឋ នូវចំណុចអ្វី ដែលប្រជាពលរដ្ឋត្រូវការ និងមិនតែប៉ុណ្ណោះបើព័ត៌មាននោះសរសេរផ្សព្វផ្សាយពិតប្រាកដនោះហើយ ក៏ត្រូវទាមទារសរសេរចាប់យកជ្រុងណាដែលជាចំណុចសំខាន់ទាក់ទាញបំផុតឱ្យអ្នកអាននិងអ្នកស្តាប់ចាប់អារម្មណ៍ គឺសម្រាប់អ្នកសារព័ត៌មាន នាពេលបច្ចុប្បន្ន ក្នុងការការប្រកួតប្រជែងព័ត៌មាន នាសម័យបច្ចេកវិទ្យាទំនើប ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានណែនាំឱ្យ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិនថ្មី ត្រូវពង្រឹងសាមគ្គឺផ្ទៃក្នុងឱ្យបានរឹងមាំ មានទំនាក់ទំនងសហការល្អ ជាមួយបណ្តាមន្ទីរនានានៅក្នុងខេត្ត ទើបការបំពេញការងារផ្នែកវិស័យសារព័ត៌មានទទួលបានជោគជ័យ និង ជម្រុញការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ នៅក្នុងខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិតត្រឹមត្រូវ ក្នុងការពង្រឹងសតិអារម្មណ៍របស់ប្រជាពលរដ្ឋឱ្យមានគោលជំហរច្បាស់លាស់សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខនេះផងដែរ ៕