សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងដែលជនខិលខូចទន្ទ្រានយកដីរបស់រដ្ឋស្ថិតក្នុងឃុំល្អាង
កំពត ៖ នៅព្រឹកថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០១៧វេលាម៉ោង៩និង១៥នាទី សមត្ថកិច្ចចម្រុះ ក្នុងនោះមានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត កំលាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើកំពត ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពតផងដែរ បានចុះទៅបង្ក្រាប និងរឹបអូសសម្ភារៈរបស់ជនខិលខូច ដែលកំពុងទន្ទ្រានយកដីរដ្ឋ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
តាមប្រភពជាផ្លូវការនិយាយថា កាលពីប៉ុន្មានថ្ងៃមុន មានជនខិលខូចឈ្នោះ ស៊ុំ ពៅ ដែលអះអាងជាមន្ត្រីកងរាជអាវុធហត្ថ ប្រចាំខេត្តកំពង់ឆ្នាំង និងប្រពន្ធ បានមកធ្វើការកាប់និងដកបំផ្លាញ ដើមឈើប្រភេទគគី ដែលអតីតអភិបាលខេត្តកំពត គឺលោកខូយ ឃុនហ៊ួរ បានដាំនៅលើចំណុចដីនេះ ថែមទាំងបានបោះបង្គោលជាសសរថ្មដ៏រឹងមាំ ហើយយកទ្រុងរថយន្តខ្នាតវែង មកដាក់នៅពីលើ ព្រមទាំងយកលូបម្រុងសាសង់ជាសំណង់នៅទីនេះទៀតផង។
ប្រភពបានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ័ ទើបកំលាំងសមត្ថកិច្ចចម្រុះសហការគ្នាចុះទៅបង្ល្រាបភ្លាមៗដោយដកហូតវត្ថុតាងទាំងនោះមកឲ្យស្ថាប័នច្បាប់ជាអ្នកអនុវត្តបន្ត។
ពាក់ព័ន្ធនឹងករណីនេះដែរ ក្រុមសមត្ថកិច្ចបានបញ្ជាក់អះអាងថា ទីតាំងដីខាងលើគឺជាដីសម្បទានរបស់រដ្ឋ និងជាដែនគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើកំពត ដោយខណៈនេះត្រូវបានជនខិលខូចមកបោះទីតាំងយ៉ាងរឹងមាំ ក្នុងគោលបំណងរំលោភយកធ្វើជាកម្មសិទ្ធ។
ប្រភពពីសមត្ថកិច្ចបានបន្តថា ការមកបោះទីតាំងនេះ បានធ្វើឡើងក្នុងអំឡុងពេលបីថ្ងៃមកហើយ ទើបកំលាំងសមត្ថកិច្ចសុំគោលការណ៍ចុះទៅរឹបអូស យកវត្ថុតាងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការតាមនីតិវិធីតែម្តង៕