ជំនន់កំពុងយាយីតាមតំបន់មួយចំនួនក្នុងខេត្តកំពត ខណៈមានភ្លៀងធ្លាក់ជាប់ៗគ្នា
កំពត ៖ បន្ទាប់ពីមានភ្លៀង ខ្យល់ប៉ុន្មានថ្ងៃនេះ គេបានសង្កេតឃើញតំបន់មួយចំនួនក្នុងខេត្តកំពត កំពុងរងនូវភាពលិចលង់គួរឲ្យកត់សម្គាល់។ជាមួយនឹងករណីប្រឈមខាងលើ អាជ្ញាធរនិងសមត្ថកិច្ច ក៏បានប្រកាសអាសន្ន ដោយសូមឲ្យប្រជាពលរដ្ឋក្នុងតំបន់លិចលង់ បង្កើនការប្រង់ប្រយ័ត្នខ្ពស់បំផុត។
បើតាមប្រភពពីក្រុមសមត្ថកិច្ចដែលកំពុងអន្តរាគមន៍បានឲ្យដឹងថា ទីតាំងដែលប្រឈមនឹងការលិចលង់ដោយសារជំនន់ទឹកភ្លៀង ដែលនឹងត្រូវប្រកាសអាសន្ននោះ គឺស្ថិតចំណុចឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។សមត្ថកិច្ចបានបញ្ជាក់ទៀតថា ឥឡូវនេះកម្ពស់ទឹកតាមដៃព្រែកមានកំរិតខ្ពស់គួរឲ្យព្រួយបារម្មណ៍ គាប់ជួនខណៈនេះមានភ្លៀងធ្លាក់ខ្លាំង បន្ថែមដោយមានទឹកសមុទ្របង្ហូរចូលមួយផ្នែកទៀត ទើបធ្វើឲ្យភូមិសាស្ត្រខាងលើ ទទួលរងនូវការលិចលង់ជាច្រើនកន្លែង ហើយលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួន ក៏កំពុងរងផលប៉ះពាល់ផងដែរ តែពុំទាន់ជះឥទ្ធិពលធ្ងន់ធ្ងរនៅឡើយទេ។
ថ្វីត្បិតតំបន់មួយចំនួនក្នុងខេត្តកំពត បានរងនឹងឥទ្ធិពលបណ្តាលមកពីគ្រោះធម្មជាតិ ដោយសារជំនន់ទឹកភ្លៀង ប៉ុន្តែក៏ពុំបានរងផលប៉ះពាល់ដល់អាយុជីវិត មនុស្ស សត្វឡើយ គ្រាន់តែខូចខាតផលដំណាំមួយអន្លើប៉ុណ្ណោះ។ម្យ៉ាងទៀតបញ្ហាជួបគ្រោះជំនន់ខាងលើ អាជ្ញាធរនិងសមត្ថកិច្ចខេត្តកំពត កំពុងចុះត្រួតពិនិត្យ និងជួយអន្តរាគមន៍ បានទាន់ពេលវេលាផងដែរ។
សូមបញ្ជាក់ថា បន្ទាប់ពីមានភ្លៀង ខ្យល់ រយៈពេលជាច្រើនថ្ងៃនេះ គេបានកត់សម្គាល់ឃើញនៅតាមតំបន់ភូមិសាស្ត្រ នៃខេត្តកំពត-កែប មួយផ្នែកត្រូវបានរងគ្រោះដោយសារខ្យល់កន្ទ្រាក់ទាញបំបាក់ផ្ទះសំបែង ឬប៉ើងដំបូល និងរលំដើមឈើជាដើម។ប៉ុន្តែទោះជាបែបនេះក្តី អាជ្ញាធរក៏ដូចជាសមត្ថកិច្ចក្នុងតំបន់និមួយៗ បានពុះពារចុះជួយសង្គ្រោះ យ៉ាងមមាញឹកបំផុត ៕