ឃាត់ខ្លួនជនសង្ស័យបីនាក់ ជាមួយនឹងគ្រឿងញៀន៥៣កញ្ចប់ ក្នុងឃុំឫស្សីស្រុកខាងលិច
កំពត ៖ ជនសង្ស័យបីនាក់រួមនឹងគ្រឿងញៀនចំនួន៥៣កញ្ចប់ ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តកំពត ធ្វើការបង្ក្រាប កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុច ភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ទាក់ទិននឹងប្រតិបតិ្តការខាងលើ លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថា ការបង្ក្រាបបទល្មើសគ្រឿងញៀនទទួលបានជោគជ័យនេះ គឺដោយអនុវត្តន៍តាមការបង្ហាញពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក មុត ដារ៉ា ព្រះអាជ្ញារងអមសាលាដំបូងខេត្តកំពតផងដែរ។ជាមួយនឹងករណីបង្ក្រាបគ្រឿងញៀនខាងលើនេះ លោកបានបញ្ជាក់ថា ជនសង្ស័យទាំងបីនាក់ត្រូវកំលាំងសមត្ថកិច្ចអាវុធហត្ថក្របួចបានជាបន្តបន្ទាប់រួមមាន៖ ទី១.ឈ្មោះ ហ៊ុន លី ភេទប្រុស អាយុ១៩ឆ្នាំ ជាបុគ្គលិកកាសីុណូមួយក្នុងតំបន់ច្រកទ្វារអន្តរជាតិព្រែកចាក ដកហូតថ្នាំញៀនបានមួយកញ្ចប់ ទី២.ឈ្មោះ សៀវ ចន្ថា ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់ត្រី ដកហូតថ្នាំញៀនបាន៤កញ្ចប់ និងទី៣.ឈ្មោះ អ៊ុក ភា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ដកហូតថ្នាំញៀនបានចំនួន៤៨កញ្ចប់។ទាំងបីនាក់រស់នៅក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
លោក ហែម ចាន់ដារ៉ា បានបន្ថែមថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលបានដាក់ទិសដៅនិងបញ្ជាក់មុខសញ្ញាបានច្បាស់លាស់ទើបលោកដឹកនាំកំលាំងចុះទៅបង្ក្រាបចំគោលដៅតែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ រួមជាមួយវត្ថុតាងថ្នាំញៀនចំនួន៥៣កញ្ចប់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការតាមនីតិវិធី ៕