ការថែរក្សាបរិស្ថាន និងអនាម័យគឺជាតួនាទីរបស់ពលរដ្ឋគ្រប់ៗរូប មិនសំដៅតែលើស្ថាប័នជំនាញទេ
កំពត ៖ មិនថានៅគ្រប់តំបន់ ខេត្ត ក្រុង ឬស្រុកណាឡើយ ការថែរក្សាការពារបរិស្ថាន និងការធ្វើអនាម័យគឺជាកក្តាដ៏សំខាន់និងជាកាតព្វកិច្ចរបស់យើងគ្រប់ៗគ្នា សម្រាប់ជួយទ្រទ្រង់សុខភាព និងការរស់នៅ ប្រកបដោយផាសុខភាព។
យ៉ាងណាមិញការបោះចោលសំរាមឬកាកសំណល់គ្រប់ប្រភេទតាមចិញ្ចើមផ្លូវសាធារណៈ វាពិតជាបញ្ហាមួយដ៏ធំ បង្កឲ្យខូចសោភណ្ឌភាពដងផ្លូវ ពិសេសនាំបង្កការរំខាន ដល់ការរស់នៅតាមតំបន់នេះផងដែរ។
តាមរយៈរូបភាពដែលកំពុងបង្ហាញយ៉ាងលេចធ្លោនេះ គឺជាចំណុចមួយនៃដងផ្លូវឆ្ពោះទៅតំបន់ច្រកសេដ្ឋកិច្ចដ៏សំខាន់នៃអាណាចក្រខេត្តកំពត ដែលស្ថិតក្នុងភូមិសាស្ត្រឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ហើយក៏ចាត់ទុកជាផ្លូវផ្សាភ្ជាប់ចរន្តសេដ្ឋកិច្ចនិងជាបេះដូងរបស់ខេត្តមួយនេះផងដែរ។ចំពោះការបោះចោលកាកសំណល់រប៉ាត់រប៉ាយនៅតាមដងផ្លូវសាធារណៈដូចក្នុងរូបភាពនេះ ពិតជាបង្កឲ្យខូចសណ្តាប់ធ្នាប់ និងបាត់បង់សោភណ្ឌភាពផ្លូវដែលបានស្ថាបនាដ៏ស្អាតឥតខ្ចោះ ពិសេសរងការរិះគន់ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលពួកគេធ្វើដំណើរឆ្លងកាត់ជាហូរហែរ ព្រមទាំងបង្កភាពអាប់អួរ ដោយសារការបញ្ចេញចំហាយក្លិនអសោធសាយភាយ ពាសពេញទីតាំងនេះប៉ះពាល់ដល់សុខភាពទៀតផង។
មហាជន ពិសេសអ្នកធ្វើដំណើរទៅមកតាមដងផ្លូវខាងលើ បានរិះគន់ទៅលើអាជ្ញាធរ និងជំនាញហាក់ពុំមានវិធានការទប់ស្កាត់ឬផ្តល់មតិណែនាំដល់ប្រជាពលរដ្ឋក្នុងតំបន់ ឲ្យពួកគាត់យល់ដឹងពីបរិស្ថាននិងកក្តាអនាម័យ ដោយពួកគាត់មានការយល់ដឹងមានកំរិតទាបបំផុត។ម្យ៉ាងទៀតបើផ្តោតលើភាពសំខាន់គួរតែអប់រំណែនាំពួកគាត់ កុំឲ្យបោះចោលសំរាមឬកាកសំណល់ផ្តេសផ្តាសតាមទីសាធារណៈ គួរតែរកធុងផ្ទុកសំរាម ដាក់តាមមុខផ្ទះរបស់ពួកគាត់ ដើម្បីជៀសវាងការបង្ហៀរកាកសំណល់រប៉ាត់រប៉ាយតាមផ្លូវបែបនេះ។
ដោយផ្តោតសំខាន់លើសុខភាព កក្តាអនាម័យពិតជានាំមកនូវការរស់នៅប្រកបដោយសុភមង្គល ដោយសារគ្មានជំងឺដង្កាត់មកយាយី ហើយការយល់ពីបរិស្ថាន ក៏ជាគោលដៅមួយជម្រុញដល់ការអភិវឌ្ឍសង្គមមានភាពលូតលាស់និងការរីកចំរើនផងដែរ។ ចូររួមគ្នាថែរក្សាបរិស្ថាន និងធ្វើអនាម័យឲ្យបានគ្រប់ទីកន្លែងទាំងអស់គ្នា ដើម្បីការរស់នៅមានផាសុខភាព ៕