ប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក
កំពត ៖ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិច្រែកចាក ត្រូវបានប្រកាសជាផ្លូវការនៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមវត្តមាន លោក ឧត្តមសេនីយ៍ឯក ពិន ពិសិដ្ឋ អគ្គនាយករងនគរបាលអន្តោប្រវេសន៍ ហែរហមដោយមន្ត្រីនគរបាលជាន់ខ្ពស់ ក្នុងអង្គភាពជាច្រើនរូប។
ដោយអនុវត្តន៍តាមសេចក្តីប្រកាសលេខ៣៥៨០ ប្រក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ត្រូវបានប្រកាសតែងតាំង លោកវរសេនីយ៍ឯក ជុំ ប៊ុណ្ណរ័ត្ន អត្ថលេខ ១៩៩៩៩ ពីនាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ជំនួសលោកវរសេនីយ៍ឯក ណុប សារឹម ដែលពីមុនជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ឲ្យមកបម្រើការងារនៅនាយកដ្ឋានច្រកទ្វារទី២វិញ។
ក្រោយពីប្រកាសចូលកាន់តំណែង លោកវរសេនីយ៍ឯក ជុំ ប៊ុណ្ណរ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានប្តេជ្ញាចិត្តថា នឹងខិតខំបម្រើការងារជូនអង្គភាពឲ្យបានល្អប្រសើរ ដោយបន្តសហប្រតិបតិ្តការរវាងស្ថាប័នពាក់ព័ន្ធនានា ដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទក្នុងតំបន់គ្រប់គ្រង ពិសេសរក្សាសាមគ្គីភាពផ្ទៃក្នុង ឲ្យកាន់តែប្រសើរឡើងថែមទៀត។
មានប្រសាសន៍ផ្តាំផ្ញើរក្នុងពេលនេះ លោក ឧត្តមសេនីយ៍ឯក ពិន ពិសិដ្ឋ ក៏បានក្រើនរំឭកដល់ នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិព្រែកចាក ដែលចូលកាន់តំណែងនាពេលនេះ ត្រូវខិតខំពង្រឹងការងារក្នុងអង្គភាពឲ្យបានល្អ ត្រូវចេះរឹតចំណងសាមគ្គីភាពឲ្យបានទូលំទូលាយ ពិសេសត្រូវចេះសហការជាមួយបណ្តាស្ថាប័ននិងអង្គភាពជំនាញនានា ដើម្បីអនុវត្តន៍ការងារទទួលបានជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ។ជាងនេះ ភារកិច្ចរបស់មន្ត្រីនគរបាលច្រកទ្វារព្រំដែន គឺការទទួលខុសត្រូវគ្រប់បែបយ៉ាងពីសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងតំបន់នៃខ្សែបន្ទាត់ព្រំដែនផងដែរ ៕