ស្លាប់យ៉ាងរន្ធត់ដោយសារជិះម៉ូតូបុករថយន្ត សង្ស័យស្រវឹងស្រា
កែប ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ខណៈជិះម៉ូតូបុកជាមួយរថយន្ត។ហើយករណីខាងលើអាចផ្តើមដោយសារបុរសរងគ្រោះសេពគ្រឿងស្រវឹងលើសកំរិតទើបជ្រុលទៅបុកជាមួយរថយន្តទាំងកំរោលបែបនេះ។
ហេតុការណ៍ខាងលើបានកើតឡើងកាយពីវេលាម៉ោង១៩និង១៥នាទីយប់ ថ្ងៃទី០៨ខែកក្កដា ឆ្នាំ២០១៧ ស្ថិតទល់មុខសាលាស្រុកដំណាក់ង្អើរ ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប លើកំណាត់ផ្លូវជាតិលេខ៣៣។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលប៉ះទង្គិចគ្នា គេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងក្នុងទិសដៅពីលិចទៅកើត ដោយប្រើល្បឿនមធ្យម លុះមកដល់កន្លែងកើតហេតុម៉ូតូក៏រេទៅចំណែកផ្លូវម្ខាងទៀត គាប់ជួនមានរថយន្តខ្នាតធំមួយគ្រឿងបោះពួយមកពីកើតទៅលិចបញ្ច្រាសទិសគ្នា ខណៈនោះប្រហែលជារថយន្តគេចមិនទាន់ក៏ព្រលះគ្នាប្រាវតែម្តង។សាក្សីបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុភ្លាម ហើយបន្ទាប់ពីដឹងថាមានមនុស្សស្លាប់ អ្នកបើកបររថយន្តបង្កក៏ដាក់មេប្រូចបាត់ស្រមោលឈឹង។
ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍នេះដែរ សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ឈួន ប៊ិច ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ជនរងគ្រោះជិះម៉ូតូម៉ាកVaveពណ៌ខ្មៅ គ្មានស្លាកលេខ។ដោយឡែករថយន្តបង្កហេតុ ជាប្រភេទរថយន្តខ្នាតធំ ម៉ាកហីុណូ ពាក់ស្លាកលេខ តាកែវ 3A-1198 អ្នកបើកបរគេចខ្លួនបាត់ស្រមោល។សមត្ថកិច្ចបានបញ្ជាក់ទៀតថា គ្រោះថ្នាក់នេះ អាចផ្តើចេញដោយសារម្ចាស់ម៉ូតូមានផ្ទុកជាតិស្រវឹងក្នុងខ្លួនទើបធ្វេសប្រហែសក្នុងការបើកបរ ហើយវង្វេងស្មារតី ទើបជ្រុលទៅប៉ះទង្គិចជាមួយនឹងរថយន្តយ៉ាងដំណំបែបនេះ។
ក្រោយពីវាស់វែងមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនាំទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ សម្រាប់ដោះស្រាយគ្នាជាក្រោយ។ចំណែកសពជនរងគ្រោះ ក៏ត្រូវបានរថយន្តរបស់មណ្ឌលសុខភាព ឃុំពងទឹក ដឹកបញ្ជូនទៅឲ្យក្រុមគ្រួសារនៅឯលំនៅដ្ឋានដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕