កូនៗដ៏កម្សត់ទាំង៣ របស់លោក អ៊ិត សេដ្ឋា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសជួយចិញ្ចឹមបីបាច់!
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការសោកស្តាយជាខ្លាំង ចំពោះការទទួលមរណភាពរបស់លោក អ៉ិត សេដ្ឋា ពិធីករដ៏មានទឹកដម និងវោហាសារស័ព្ទ មិនចេះរីងស្ងួត។ ជាមួយនឹងការសោកស្តាយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជួយចិញ្ចឹមបីបាច់កូនៗ ដ៏កម្សត់ទាំង៣ របស់លោក អ៉ិត សេដ្ឋា ដែលកំពុងរស់នៅកំព្រា ជាមួយជីដូនចាស់ជរា គ្មានម្ដាយថែរក្សា។សម្តេចតេជោ បានគូសបញ្ជាក់ថា «ប្រមាណ២០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងក្មួយ ជាមួយពូនិងមីងប្រៀបដូចឪពុក ម្តាយនិងកូន។ ពូនៅចាំបាននូវអ្វីៗ ដែលក្មួយបានរៀបរាប់តាមលិខិត តាមទូរសស័ព្ទ និងការជួបក្មួយផ្ទាល់ នៅផ្ទះពូនាឆ្នាំ២០១៥។
ពូនៅចាំបានសំណូមពរ ដែលក្មួយបានសុំមកពូ ដើម្បីកសាងសាលារៀន ដែលក្មួយធ្លាប់រៀន ម្តាយក្មួយធ្លាប់បង្រៀន និងកសាងទីអារាមនៅភូមិកំណើត របស់ក្មួយ»។សម្តេចតេជោ ហ៊ុន សែន បន្តថា «ក្មួយប្រុស ពេលក្មួយកំពុងត្រូវការសង្គ្រោះ និងរហូតពេលក្មួយចែកឋាន ពូកំពុងស្ថិតក្នុងពេលវេលារវល់បំផុត គឺចំថ្ងៃបោះឆ្នោត។ តែទោះយ៉ាងណា មីងបានធ្វើទំនាក់ទំនងជាប្រចាំជាមួយ លោក ហ៊ុយ វណ្ណៈ ដើម្បីបានដឹងពីស្ថានភាពរបស់ក្មួយ»។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបាត់បង់លោក អ៉ិត សេដ្ឋា ប្រៀបដូចជាការបាត់បង់កូនប្រុសម្នាក់ដែរ។ «លាគ្នាពីឋានខុសគ្នា ដោយទឹកភ្នែក ណាកូនប្រុសពុក»។នៅលើទំព័រ Facebook នៅយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់រំឭកនូវទំនាក់ទំនង ដ៏ជិតស្និទ្ធជាមួយលោក អ៉ិត សេដ្ឋា ក្នុងរយៈពេល ២០ឆ្នាំកន្លងមក។
សូមបញ្ជាក់ថា លោក អ៉ិត សេដ្ឋា បានទទួលមរណភាព កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នាមន្ទីរពេទ្យរុស្ស៊ី ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយរោគាពាធ៕