CPP ត្រៀមតែងតាំងអតីតមេឃុំ-ចៅសង្កាត់ដែលចាញ់ឆ្នោតមកធ្វើជាទីប្រឹក្សានិងជំនួយការរដ្ឋាភិបាល
គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច បានត្រៀមខ្លួនជាស្រេចក្នុងការទទួលយកអតីតមេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សារបស់ខ្លួនដែលចាញ់ឆ្នោត មកធ្វើជាជំនួយការនិងទីប្រឹក្សា អមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៅតាមក្រសួង ស្ថាប័នរដ្ឋនានា ដោយផ្អែកទៅលើជំនាញនិងសមត្ថភាពរៀងៗខ្លួន។ ការតែងតាំងនឹងធ្វើឡើងនៅក្រោយការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការដោយ គជប នៅពេលខាងមុខ។
អតីតមេឃុំ-ចៅសង្កាត់របស់គណបក្សប្រជាជនកម្ពុជា ដែលចាញ់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤នេះ នឹងត្រូវតែងតាំងឲ្យធ្វើជាទីប្រឹក្សាឬជំនួយការ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឬរដ្ឋមន្ត្រី នៅតាមក្រសួងស្ថាប័នរដ្ឋនានាដែលមានឋានៈស្មើប្រធាននាយកដ្ឋាន រហូតដល់អនុប្រធានការិយាល័យ។
នេះបើផ្អែកតាមលិខិតរំលឹករបស់លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក្នុងនាមជាសេនាធិការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់លោកលោកស្រីជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលមានតួនាទីនៅក្នុងរដ្ឋាភិបាល។
ការតែងតាំងនោះ អាចនឹងធ្វើឡើងនៅក្រោយពីការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ នៅពេលខាងមុខដ៏ខ្លីនេះ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន បានការពារចំណាត់ការនេះថា គឺដើម្បីជួយដល់សមាជិកគណបក្សប្រជាជនកម្ពុជា ហើយថា ចំណាត់ការនេះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់ថវិការជាតិនោះទេ ដ្បិតលោកលោកស្រីដែលជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទាំងនោះ មានរបបតែងតាំងជំនួយការ និងទីប្រឹក្សារៀងៗខ្លួន។
លោក សុខ ឥសាន បានហៅវិធានការនេះថា គឺជាវប្បធម៌ជួយគ្នានៅក្នុងជួរគណបក្សកាន់អំណាច ៕