ជំទប់ទី១ឃុំឫស្សីស្រុកខាងលិច បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍
កំពត ៖ ជំទប់ទី១ ឃុំឫស្សីស្រុកខាងលិច បានទទួលមរណភាពហើយកាលពីវេលាម៉ោង១៤រសៀល ថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកមិញនេះ។
តាមសាក្សីជាច្រើនបានបំភ្លឺថា កាលពីវេលាម៉ោង១១និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០១៧ គេឃើញជនរងគ្រោះជា ទំទប់ទី១ ឃុំឫស្សីស្រុកខាងលិច បានធ្វើដំណើរតាមម៉ូតូ ក្នុងគោលបំណង ទៅជួយសម្របសម្រួលទំនាស់ដីធ្លីមួយកន្លែង ត្រង់ចំណុចកើតហេតុ ក្នុងភូមិត្រពាំងនៀល ឃុំឫស្សីស្រុកខាងលិច ដោយលោកបានធ្វើដំណើរពីផ្ទះក្នុងភូមិដំណាក់ត្របែកតាមផ្លូវជាតិលេខ៣៣ លុះមកដល់កន្លែងកើតហេតុ ជនរងគ្រោះក៏បញ្ជាម៉ូតូបត់ឆ្វេង ដោយបើកភ្លើងសញ្ញាត្រឹមត្រូវ ប៉ុន្តែដោយសារមានរថយន្តបើកបរទៅមកច្រើន ជនរងគ្រោះក៏ជាន់ហ្វ្រាំងឈប់ចតលើទ្រូងផ្លូវ ស្រាប់តែរអិលដួលទាំងម៉ូតូ ទាំងមនុស្ស ចៃដន្យមានម៉ូតូមួយគ្រឿងទៀតបោះពួយមកពីជើងទៅត្បូង គេចមិនទាន់ក៏បើកកិនពីលើជនរងគ្រោះ បណ្តាលឲ្យរងរបួសយ៉ាងតំណំ ហើយត្រូវបានអ្នកភូមិជួយដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យប្រទេសវៀតណាមភ្លាមៗ ប៉ុន្តែដោយសារគ្រោះថ្នាក់ធ្ងន់ធ្ងរពេក លោកក៏បានស្លាប់បាត់បង់ជីវិត នារសៀលថ្ងៃដដែលនេះតែម្តង។
ជុំវិញនឹងករណីគ្រោះថ្នាក់ខាងលើ សមត្ថកិច្ចចរាចរណ៍ស្រុកបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះជាជំទប់ទី១ឃុំឫស្សីស្រុកខាងលិច ឈ្មោះកុយ ម៉េង ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅភូមិដំណាក់ត្របែក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ជនរងគ្រោះជិះម៉ូតូម៉ាក C125ពណ៌ខ្មៅ សេរីឆ្នាំ2014 ពាក់ស្លាកលេខ កំពត 1J-9769។ដោយឡែកអ្នកបង្កឈ្មោះ សេង សម្បតិ្ត ភេទប្រុស អាយុ32ឆ្នាំ រស់នៅភូមិស្លាបតាអោន ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ជិះម៉ូតូC125ពណ៌ខ្មៅ ផលិតឆ្នាំ2011ស្លាកលេខ កំពត 1E-0873 ពេលនេះគេចខ្លួនបាត់។
បច្ចុប្បន្ន មធ្យោបាយពាក់ព័ន្ធត្រូវប៉ូលិសនាំយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច សម្រាប់ដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅឯលំនៅដ្ឋាន ៕