ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល ៖ បញ្ជាឱ្យស្រាវជ្រាវករណីមន្ត្រីអន្តោប្រវេសន៍ច្រកទ្វារដូង វ៉ៃអ្នកស្រី ម៉ក់ វិច្ឆិកា ភ្នាក់ងារអ្នកកាសែតនគរធំ
ខេត្តបាត់ដំបង ៖ ករណីប្រើអំពើហិង្សាវាយស្ត្រីជាភ្នាក់ងារសារព័ត៌មាននគរធំ ប្រចាំខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសបាន លេចឮល្បីសុសសាយពេញផ្ទៃប្រទេសរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រ វេសន៍ បានបញ្ជាក់ឱ្យដឹងថា ករណីនេះលោកកំពុងចាត់មន្ត្រីឱ្យចុះស្រាវជ្រាវហើយ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា លោកបានជ្រាបពីរឿងមន្ត្រី ប៉ូលិសអន្តោប្រវេសន៍នៅច្រកដូងនោះហើយ ហើយពេលនេះលោកបានបញ្ជាមន្ត្រីឱ្យចុះស្រាវជ្រាវជុំវិញករណីរឿងនេះ ។
គួរបញ្ជាក់ថា អ្នកស្រី ម៉ក់ វិច្ឆិកា ភ្នាក់ងារកាសែត នគរធំំ ប្រចាំខេត្តបាត់ដំបង ត្រូវបានមន្ត្រីប៉ូលិសអន្តោប្រវេសន៍ មួយក្រុម មានគ្នាជិត ១០នាក់ ដឹកនាំដោយលោក ប្រាក់ សំដារ៉ា ក្រោមបញ្ជាពីលោក សៅ ប៊ុនរិទ្ធ ប្រធាននគរបាលអន្តោ ប្រវេសន៍នៅច្រកអន្តរជាតិដូង បានចាប់បោកផ្តួល ជាន់កវ៉ៃយ៉ាងចាស់ដៃ នៅលើថ្នល់មាត់ច្រកព្រំដែបន កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ បន្ទាប់ពីស្ត្រីជាភ្នាក់ងារកាសែតនគរធំរូបនេះ បានព្យាយាមចុះទៅសាកសួរយកព័ត៌មាន ទាក់ទងទៅនឹងរឿងពុករលួយ ដែលពលរដ្ឋចោទថា ប៉ូលិសអន្តោប្រវេសន៍នៅច្រកដូង បានសង្កត់កជម្រិតទារប្រាក់ពីប្រជា ពលរដ្ឋខ្មែរ ដែលឆ្លងដែនចេញទៅប្រទេសថៃ តាមទំនើងចិត្ត ផ្ទុយពីការកំណត់ក្នុងអនុក្រឹត្យាជរដ្ឋាភិបាល ដើម្បីកើបលុយ ដាក់ហោប៉ៅផ្ទាល់ខ្លួន ។
បន្ទាប់ពីកើតមានករណីហិង្សាខាងលើ បង្កឱ្យមានការភ្ញាក់ផ្អើលដល់មហាជន ព្រមទាំងថ្នាក់ដឹកនាំផងនោះ កាលពី ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ហ៊ុន ម៉ាណែត បានជួយឧបត្ថម្ភប្រាក់ដល់អ្នកស្រី ម៉ក់ វិច្ឆិកា ចំនួន ៥០០ដុល្លារ តាមរយៈឯកឧត្តម ខេង សុមេធ អគ្គស្នងការនគរបាលជាតិ និងត្រូវបាននាំយកមកប្រគល់ឱ្យអ្នកស្រី ម៉ក់ វិច្ឆិកា ដោយលោក សូ ចាន់ណារី នៅចំពោះមុខលោក គឹម ពន្លក អធិការនគរបាលស្រុកកំរៀងផងដែរ ។
គួររំលឹកថា រឿងហេតុដែលឈានដល់ប្រើអំពើហិង្សាខាងលើ គឺផ្តើមចេញពីការខ្សឹបប្រាប់របស់ប្រជាពលរដ្ឋខេត្តបាត់ ដំបងថា ច្រកទ្វារអន្តរជាតិដូង ដែលស្ថិតិក្រោមការគ្រប់គ្រងរបស់លោក សៅ ប៊ុនរិទ្ធ កំពុងបង្កការលំបាកដល់ប្រជាពលរដ្ឋ អាជីវករ ក៏ដូចជា ពលករដែលឆ្លងដែនចេញទៅធ្វើការងាររកស៊ី នៅក្នុងទឹកដីថៃ ដោយលោក សៅ ប៊ុនុរិទ្ធ បាននិងកំពុង គាបសង្កត់ពលរដ្ឋ ដើម្បីរកលុយមកដាក់ហោប៉ោផ្ទាល់ខ្លួន និងបក្ខពួកមួយចំនួនតូច តាមរយៈការធ្វើប័ណ្ណព្រំដែន ក្នុងតម្លៃ ៧៣.០០០រៀលលើសពីការកំណត់ក្នុងអនុក្រឹត្យ ។ មួយវិញទៀតមន្ត្រីអន្តោប្រវេសន៍ច្រកដូង បាន ដាក់លក់សំបុត្រចូលផ្សារ ថៃ ១សន្លឹក តម្លៃ ១០០០រៀល ដោយដាក់លក់គ្មានម៉ោងកំណត់(ចាប់ពីព្រឹកទល់យប់)លក់ទាំងក្បាលប័ណ្ណ និងកន្ទុយប័ណ្ណ ពេលចូលបោះត្រាមួយ ហើយប័ណ្ណនោះ ប្រមូលទុកបោះត្រាម្តងទៀត សម្រាប់លក់ឱ្យពលករមកពីថៃត្រឡប់ចូលទឹកដីខ្មែរ វិញ ក្នុងតម្លៃ ១សន្លឹក ដែលមានបោះត្រាមូល និងជ្រុង ១០០បាត ឬ២០០បាត ដោយប្រើរូបភាពឱ្យកម្មករអូសរទេះ ឬអ្នក ចាប់ម៉ូយតាក់ស៊ីជាអ្នកលក់ ។
ជាមួយនេះ ប្រជាពលរដ្ឋខេត្តបាត់ដំបងបានខ្សឹបប្រាប់ទៀតថា ក្រុមមន្ត្រីអន្តោប្រវេសន៍ច្រកដូង ក៏បានបើកដៃឱ្យពល ករខ្មែរចំណាកស្រុកចេញទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ដោយមានការស៊ុមគ្រលុំគ្នាជាមួយក្រុមមេខ្យល់ដែលនាំពលករ ទៅថៃ ដោយខុសច្បាប់ផងដែរ ។
ជាងនេះទៅទៀត លោក សៅ ប៊ុនរិទ្ធ មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង ក៏បានប្រើប្រាស់កម្លាំងក្រោមការ គ្រប់គ្រងរបស់ខ្លួន លួចបើកច្រករបៀងមួយទៀត ដែលគេដាក់ឈ្មោះថា ច្រកស្វាយចេក (ដើមចាន់គីរី)ស្ថិតនៅខាងលិចច្រក ដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានមនុស្សចេញចូលទៅពាក់កណ្តាលយប់ និងទៀបភ្លឺជាប់ជាប្រចាំ ។
មិនតែប៉ុណ្ណោះ ក្រុមមន្ត្រីច្រកទ្វារដូង កំពុងតែប្រមូលប្រាក់ពលករចំណាកស្រុក ដែលវិលត្រឡប់មកពីធ្វើការនៅថៃ ក្នុងនោះពលករទៅដោយខុសច្បាប់ តាមរយៈមេខ្យល់នៅពេលត្រឡប់មកវិញ ម្នាក់ៗត្រូវបង់លុយចាប់ពី ៣០០០បាត ទៅ ៤០០០បាត ។ ក្រៅពីនេះពលករណាដែលមានសត្វមាន់ ឬឆ្កែ យកមកជាមួយនោះ ត្រូវបង់លុយឱ្យសមត្ថកិច្ចចំនួន ២០០បា ឥ ក្នុង១ក្បាល ចំពោះធុងបាស់ ១គូ ៨០០បាត ទូរទស្សន៍១គ្រឿង ៤០០បាត ទូរទឹកកក១គ្រឿង ៥០០បាត ប្រសិបើមិនបង់ លុយតាមការកំណត់នោះទេ គឺមិនអាចវិលត្រឡប់ចូលស្រុកកំណើតបានទាន់ពេលវេលាឡើយ នឹងត្រូវប្រឈមនឹងការគំរាម ចាប់ខ្លួន ឬដកហូតរបស់ជាប់ខ្លួនទុកជាដើម ៘
មហាជនដែលតាមដានករណីខាងលើនេះបានរិះគន់ថា មិនគួរណាក្រុមមន្ត្រីច្រកព្រំដែននេះ ប្រើសិទ្ធិជានគរបាលអន្តោ ប្រវេសន៍ឃុបឃិតគ្នា បង្កើតរឿងពុករលួយគាបសង្កត់ និងកេងប្រវ័ញ្ចោលីកម្លាំងពលករឆ្លងដែន និងប្រជាពលរដ្ឋស្លូតត្រង់ យកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ធ្វើឱ្យបាត់បង់ចំណូលថវិកាជាតិបង្កឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចិត្តចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។ លុះដល់បែកធ្លាយរឿងអាស្រូវមានអ្នកកាសែតទៅ សាកសួរសុំការបំភ្លឺ ស្រាប់តែច្រឡោតខឹង ជះកំហឹងដាក់អ្នកកាសែតស្រីយ៉ាងចាស់ដៃ នៅចំពោះមុខមហាជន ពិសេសភ្ញៀវ ទេសចរអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ដោយមិនអៀនខ្មាស់បន្តិចសោះឡើយ ។
ទង្វើបែបនេះ សូមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មេត្តាជួយអន្តរាគមន៍ និងរកយុត្តិធម៌ជូនដល់ភ្នាក់ងារកាសែតនគរធំ អ្នកស្រី ម៉ក់ វិច្ឆិកា ផង ព្រោះបើបណ្តោយឱ្យមន្ត្រីទាំងនោះ ធ្វើបាបពលរដ្ឋ ម្ចាស់ឆ្នោតបែបនេះនៅឆ្នាំ២០១៨ ខាងមុខ ច្បាស់ជាបាត់សន្លឹកឆ្នោតកាន់តែច្រើនថែមទៀតហើយ ។
សារព័ត៌មានយើង នឹងសុំការបំភ្លឺបកស្រាយជុំរឿងខាងលើនេះ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នេះ ៕