សមត្ថកិច្ចបំបែកសំបុកគ្រឿងញៀនឃាត់ខ្លួនបានជនសង្ស័យ៥នាក់
កំពត ៖ ក្រុមប្រព្រឹត្តគ្រឿងញៀនមួយក្រុមដែលបានសំងំលាក់ខ្លួនសេពគ្រឿងញៀនយ៉ាងភ្លើតភ្លើននោះត្រូវបាន កំលាំងអន្តរាគមរបស់ស្នងការខេត្តកំពតចេញប្រតិបតិ្តការបង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់។ ក្រោមការបញ្ជាផ្ទាល់របស់លោកស្នងការខេត្ត សមត្ថកិច្ចកងអន្តរាគមន៍ពិសេសដឹកនាំផ្ទាល់ពីលោកវរសេនីយទោ លក ញ៉ាវ ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តកំពត និងក្រោមការសម្របសម្រួលពីលោកខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពតផង ទើបនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៧នេះ បានចុះបង្ក្រាបសំបុកចែកចាយនិងប្រើប្រាស់គ្រឿងញៀនមួយកន្លែងទៀត ដែលក្រុមជនល្មើសកំពុងប្រមូលផ្តុំគ្នាជក់និងចែកចាយយ៉ាងសប្បាយ ស្ថិតក្នុងភូមិម៉ាក់ប្រាង្គ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ។
លោកវរសេនីយទោ លកញ៉ាវ បានឲ្យដឹងថាៈ នៅពេលដឹងថាកំលាំងសមត្ថកិច្ច ចុះទៅដល់សំបុកលាក់ខ្លួនរបស់ពួកគេ ពេលនោះ ក្រុមជនល្មើសទាំងនោះបានរត់បែកខ្ញែកគ្នា(រត់កាត់ ស្រែបឹង) ប៉ុន្តែទោះបីយ៉ាងណាសមត្ថកិច្ចនៅតែតាមប្រមាញ់ក្រុមជនសង្ស័យ និងមេក្លោងដែលនៅពីក្រោយយកមកផ្តន្ទាទោសមិនឲ្យពួកគេរួចខ្លួនឡើយ ។
លោកបានបន្តថា ក្នុងប្រតិបតិ្តការដ៏ក្តៅគគុកនេះដែរ កំលាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់និងរឹបអូសវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៥កញ្ចប់តូច ដែលក្រោយពីពួកគេចែកចាយទុក សំរាប់ជក់។
ជនសង្ស័យទាំង៥នាក់នេះមាន៖ ទី១-ឈ្មោះ អ៊ុន កៃយ៉ូម ភេទប្រុស អាយុ១៩ឆ្នាំ ទី២-ឈ្មោះ វ៉ាន់ ហេង ភេទប្រុស អាយុ ២២ឆ្នាំ(អ្នកទាំង
ពីររស់នៅកន្លែងកើតហេតុខាងលើ) ទី៣-ឈ្មោះង៉ែត ស៊ុបនី ភេទប្រុស អាយុ២៦ឆ្នាំ ទី៤-ឈ្មោះអ៊ុង សុះ
ភេទប្រុស អាយុ៣៣ឆ្នាំ ទី៥-ឈ្មោះ ហុង រតនា ភេទ ប្រុស អាយុ២៦ឆ្នាំ(អ្នកទាំងបីរស់នៅភូមិនៅក្រាំង
សង្កាត់ក្រាំងអំពិល ក្រុងកំពត)។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់រួមនិងវត្ថុតាងថ្នាំញៀន សមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕