មន្ត្រីឧទ្យានុរក្ស និងមន្ត្រីបរិស្ថានខេត្តចាប់ឃាត់ខ្លួនអ្នកស៊ីឈ្នួលដឹកឈើ២នាក់ ខណៈម្ចាស់ឈើរត់គេចខ្លួនបាត់ស្រមោល
ខេត្តប៉ៃលិន ៖ អ្នករកស៊ីកាប់ និងដឹកឈើម្នាក់បានរត់គេចខ្លួនបាត់ស្រមោល ខណៈអ្នកស៊ីឈ្នួលលើកឈើ២នាក់ ត្រូវបានមន្ត្រីឧទ្យានុរក្ស និងមន្ត្រីបរិស្ថានខេត្តចាប់ឃាត់ខ្លួន រួមនឹងម៉ូ តូរ៉ឺម៉ក១គ្រឿង និងឈើមួយចំនួនផងដែរ ។ ការចាប់ឃាត់ខ្លួននេះ ពេលទទួលបានដំណឹងថា ជនសង្ស័យលួចបង្កប់ឈើប្រណិតក្នុងរ៉ឺម៉កម៉ូតូ បម្រុងដឹកចេញទៅលក់នៅខេត្តបាត់ដំបង ។
ហេតុការណ៍ចាប់ឃាត់ខ្លួនអ្នកស៊ីឈ្នួលលើកឈើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២៥នាទីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្បែរផ្លូវលំទល់មុខវត្តភ្នំរាំង ក្នុងភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា ជន សង្ស័យដែលរត់ចោលម៉ូតូរ៉ឺម៉ក ឈ្មោះ ណូ ភេទប្រុស អាយុ៤២ឆ្នាំ ជាម្ចាស់ម៉ូតូនិងឈើប្រណិត ក្នុងនោះមានឈើបេងចំនួន២ដុំ និងឈើធ្នង់ចំនួន៥ដុំ ។ ចំណែកអ្នកដែលស៊ីឈ្នួលលើកឈើ២ នាក់ ដែលត្រូវឃាត់ខ្លួន ទី១. ឈ្មោះ មាស វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ជាកសិករ រស់នៅភូមិ កម្មករ ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ទី២. ឈ្មោះ កែវ រតនា ភេទប្រុស អាយុ២៧ ឆ្នាំ ដូចគ្នា ជាកសិករ រស់នៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដមបង ។ លោកប ន្តទៀតថា ក្រោយពីដឹងសភាពការណ៍មិនស្រួលជនសង្ស័យជាម្ចាស់ឈើ និងម្ចាស់រ៉ឺម៉កម៉ូតូបាន ដាក់មេប្រូចរត់គេចខ្លួន ។ ចំណែកអ្នកស៊ីឈ្នួលលើកឈើ២នាក់ ខាងលោកអនុញ្ញាតិឱ្យទៅធ្វើ ការបោះឆ្នោតជាមុនសិន រួចត្រឡប់មកវិញ ដើម្បីសួរនាំបន្ថែម និងរៀបចំតាមនីតិវិធី ។
ដោយឡែកឈើទាំង៧ដុំធំៗនេះ ខាងលោកនឹងយកទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្ត បណ្តោះអាសន្នសិន ដើម្បីចាត់ការបន្តទៀត នៅពេលក្រោយ ។
ចំណែកលោក ចាន់ សុជាតិ ជាមន្ត្រីឧទ្យានុរក្សម្នាក់ប្រចាំការនៅតំបន់ប្រើប្រាស់ច្រើន យ៉ាងប៉ៃលិនសំឡូត បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះ គឺជាអ្នករកស៊ីកាប់ឈើនៅ ក្នុងតំបន់ហាមឃាត់ អស់រយៈពេលជាយូរមកហើយ លុះខណៈពេលកំពុងតែមានការបោះឆ្នោត ថ្នាក់ឃុំសង្កាត់ ជាឱកាសល្អ ទើបពួកគេនាំគ្នាចូលទៅកាប់ឈើដឹកទាំងព្រឹកតែម្តង ។ លោកបន្ត ទៀតថា ទោះបីជាថ្នាក់លើចាត់ការយ៉ាងណា នោះផុតពីដៃរបស់លោកហើយ ដោយខាងលោកគ្រា ន់តែជាអ្នកការពារព្រៃឈើ និងចាប់ជនសង្ស័យប៉ុណ្ណោះ ៕