មិនដឹងខូចចិត្តរឿងអីបានជាផឹកផ្តាំអាយូស ទីបំផុតធ្លាក់ទឹកស្លាប់គួរឲ្យសង្វេក
កំពត ៖ បុរសញឿនសុរាម្នាក់បានស្លាប់គួរឲ្យសង្វេក ដោយសាររអិលជើងធ្លាក់ក្នុងរណ្តៅស្រះទឹកមួយកន្លែងដែលមានជម្រៅប្រហែល៥ម៉ែត្រ ស្ថិតក្នុងភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត កាលពីវេលាម៉ោង១៧ល្ងាច ថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ។
ដោយស្រង់សំដីពីប្រជាពលរដ្ឋក្នុងភូមិខាងលើបានឲ្យដឹងថា បុរសរងគ្រោះ មានឈ្មោះ ហែម ឌី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្បែទីតាំងកើតហេតុខាងលើ ដោយរយៈពេលកន្លងមកបុរសរងគ្រោះម្នាក់នេះ ឃើញតែផឹកជល់កែវហើយស្រវឹងជោកជាំតែរហូត មិនថាយប់ឬថ្ងៃ សឹងតែចាត់ទុកការផឹកស៊ីជាមុខរបរយ៉ាងសំខាន់ទៅហើយ ហើយការយកស្រាធ្វើជាមិត្តនេះ គេមិនដឹងថាបុរសម្នាក់នេះខូចចិត្តរឿងអ្វីឲ្យប្រាកដនោះទេ ។
អ្នកស្រុកបានបញ្ជាក់ទៀតថា មុនពេលកើតហេតុ ម៉ោងប្រមាណជិត៥ល្ងាចថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០១៧ គេឃើញបុរសរងគ្រោះខាងលើ បានវាតវង់ផឹកទឹកប្តូរនិស្ស័យជាមួយគូកនជាច្រើននាក់ ពេលផឹកបន្តិចជនរងគ្រោះក៏ដើរចេញពីវង់ផឹកសំដៅមាត់ស្រះទឹកដែលនៅឃ្លាតឆ្ងាយបន្តិចពីកន្លែងផឹក ខណៈនោះពួកគាត់ស្មានថាគេទៅបត់ជើងតូចក៏ពំុបានចាប់អារម្មណ៍ លុះបាត់យូរពេកក៏នាំគ្នាទៅរកមើល រកមិនឃើញទើបមានការសង្ស័យរួចនាំគ្នីគ្នាចុះរាវក្នុងស្រះទឹកនោះ ក៏ប្រទះឃើញលង់ទឹកស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលតែម្តង។
បន្ទាប់ពីមានករណីបែបនេះ សមត្ថកិច្ចជំនាញក៏បានមកពិនិត្យធ្វើកោសល្យវិច័យ លើសាកសពក្រែងមានពាក់ព័ន្ធនឹងករណីផ្សេង ហើយក្រោយពិនិត្យពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ទើបប្រគល់សពទៅក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ណារិទ្ធ